ជំពាក់ធនាគារច្រើន រកលុយបង់មិនទាន់! នេះជាផ្លូវទាំង៥ ដែលអ្នកគួរធ្វើឱ្យបានឆាប់បំផុត
SOKLY SOFEBRUARY 3 2023929 views

ជីវិតដែលជាប់នៅក្នុងបំណុល គ្រប់យ៉ាងគឺគ្របដណ្ដប់ទៅដោយភាពងងឹត មនុស្សមានបំណុលមិនអាចបិទភ្នែកគេងលក់ដូចជាមនុស្សធម្មតាឡើយ។ បំណុលធ្វើឱ្យមនុស្សភ័យខ្លាច បំណុលធ្វើឱ្យមនុស្សមានសម្ពាធ ហើយបំណុលក៏អាចជាឃាតករបំផ្លាញជីវិតមនុស្សថែមទៀតផង។

ប្រសិនបើពេលនេះអ្នកកំពុងជាប់បំណុល រកផ្លូវចេញមិនរួច សូមអានអត្ថបទនេះឱ្យដល់ចប់។ Business Cambodia សូមលើកយកនូវផ្លូវក៏ដូចជាគន្លឹះពិសេស៥យ៉ាង ដែលអ្នកគួរតែធ្វើ ឱ្យបានឆាប់បំផុត បើអ្នកកំពុងលង់ក្នុងបំណុលសងគេលែងទាន់។

១

ទី១. សរុបបំណុលដែលអ្នកមាន៖ ដោយការកត់ត្រារាល់បំណុលដែលអ្នកមាន ចូលទៅក្នុងសៀវភៅមួយ។ រួចបែងចែកវាចេញជា៣ បំណុលគ្មានការប្រាក់ បំណុលការប្រាក់ទាប និងបំណុលការប្រាក់ខ្ពស់។ រួចហើយចាប់ផ្ដើមដោះស្រាយបំណុលដែលមានការប្រាក់ខ្ពស់ជាងគេជាមុនម្ដងមួយៗ រហូតដល់អស់ជាបន្តបន្ទាប់។

ទី២. ប្រាប់ធនាគារឱ្យដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក៖ ផ្ដល់ដំណឹងឱ្យខាងធនាគារបានដឹងថា អ្នកមានបញ្ហា ឬអាជីវកម្មមានបញ្ហាបាត់បង់ប្រភពចំណូល មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់សំណងប្រចាំខែឱ្យគ្រប់គ្រាន់ឡើយ។ បន្ទាប់មកអ្នកគួរស្នើសុំឱ្យខាងធនគារផ្ដល់ជាយោបល់ ឬជាដំណោះស្រាយណាមួយ ដើម្បីបន្ធូរបន្ថយបន្ទុករបស់អ្នកពេលនេះ។

១.១

ទី៣. ចរចារសុំការបន្ធូរបន្ថយពីធនាគារ៖ កុំខ្លាចក្នុងការនិយាយ កុំខ្លាចក្នុងការសុំចរចារ ត្រូវដឹងថាធនាគារក៏មិនចង់ឃើញអ្នកពិបាកដែរ គេមិនធ្វើការគៀបសង្កត់អ្នករហូតដល់ថ្នាក់ទាល់ផ្លូវនោះទេ។ ធនាគារមិនដែលចង់បានទ្រព្យបញ្ចាំ ប្លង់ដី ឬប្លង់ផ្ទះរបស់អ្នកទេ គេគ្រាន់តែចង់ឱ្យអ្នករកលុយសងគេឱ្យបានវិញតែប៉ុណ្ណោះ។

ហេតុនេះហើយពេលធ្លាក់ក្នុងស្ថានភាពលំបាក អ្នកគ្រាន់តែទៅជួបធនាគារ ហើយសុំការបន្ធូរបន្ថយ ដោយស្នើសុំបន្ថែមរយៈពេលកំណត់ ឬបន្ថយថ្លៃបង់ប្រចាំខែ។ បើរឹតតែប្រសើរគឺសុំបង់ត្រឹមតែការប្រាក់ប្រចាំខែសិន ផ្អាកការរំលស់ប្រាក់ដើម។

ការចរចារពិតជាជម្រើសដ៏ល្អបំផុត ព្រោះយ៉ាងហោចណាស់ក៏អ្នកចំណេញពេលវេលាខ្លះ ស្រាលបន្ទុកខ្លះ បានដេកលក់ខ្លះ ជីវិតរៀងមានពន្លឺខ្លះ មានពេលដកឃ្លាមកគិតរកវិធីដោះស្រាយខ្លះ ហើយជួនកាលអ្នកក៏អាចមានឱកាសគិតរកផ្លូវបង្កើនចំណូលថែមទៀតផង។

ទី៤. កាត់បន្ថយចំណាយខំបង្កើនចំណូល៖ ពេលអាសន្នមកដល់ រឿងដែលត្រូវតែគិតមុនគេខានមិនបានគឺ បន្ថយរាល់ការចំណាយមិនចាំបាច់ចេញឱ្យអស់។ រួចហើយបែងចែករឿងចាំបាច់ចេញជា២គឺ ការចាំបាច់បន្ទាន់ និងការចាំបាច់អាចពន្យាពេលបាន។

ក្រៅពីបន្ថយចំណាយ អ្នកក៏គួរតែរកវិធីបង្កើនចំណូល បើអ្នកជាអ្នកធ្វើការឱ្យគេ ក៏គួរតែសាកគិតទៅមើលតើអាចធ្វើអ្វីផ្សេងទៀតដើម្បីរកលុយបន្ថែមបានទេ។ បើជាម្ចាស់អាជីវកម្ម សាកគិតទៅមើលតើគួរបង្កើតអ្វី ដែលអាចលក់បានលុយនៅក្នុងស្ថានភាពបែបនេះ ទោះបីចំណេញតិចតួច ក៏ប្រសើរជាងនៅស្ងៀមមិនមានអ្វីចូលសោះ។

ទី៥. បង្កើនសមត្ថភាព៖ អ្នកត្រូវដឹងថាបញ្ហាមិនធំពេកទេគ្រាន់តែសមត្ថភាពរបស់អ្នកនៅមានកម្រិតទាបជាងបញ្ហាដែលអ្នកកំពុងប្រទះតែប៉ុណ្ណោះ។ អ្នកមិនអាចយកសមត្ថភាព ៥០០ដុល្លារ ទៅដោះស្រាយបញ្ហាទំហំ ១ម៉ឺនដុល្លារបានឡើយ។ វាទាមទារឱ្យអ្នកបង្កើនសមត្ថភាពឱ្យបានយ៉ាងហោចណាស់ ១ម៉ឺនដុល្លារស្មើបញ្ហានោះដែរ ទើបអ្នកអាចយកឈ្នះវាបាន។

ដូច្នេះហើយសូមកុំភ្លេចឆ្លៀតពេលរៀនសូត្របន្ថែម ឆ្លៀតបង់លុយរៀនជំនាញល្អៗដូចជា ជំនាញលក់ ការទំនាក់ទំនង ជំនាញចរចារបន្ថែម ដើម្បីឱ្យសមត្ថភាពរបស់អ្នកកើនជាងមុន។ ការចាយលុយលើចំណេះដឹងមិនមែនជាការចំណាយលុយឡើយ ប៉ុន្តែវាជាការវិនិយោគ ហើយជាការវិនិយោគដែលកម្រនឹងបរាជ័យបំផុត។

មនុស្សខ្លះនិយាយថា​ កំពុងជំពាក់គេគ្មានលុយសងផងម្ដេចក៏ហ៊ានដកលុយទៅរៀនទាំងរយៗដុល្លារទៀត វាដូចជាមិនសមទំនងសោះ។ ប៉ុន្តែអ្នកគួរតែដឹងវិញថា​ បើអ្នកជំពាក់គេ ១០ម៉ឺនដុល្លារទៅហើយ វាមិនទៅច្រើនអីហ្នឹងលុយបង់វគ្គរៀនពីជំនាញលក់តម្លៃត្រឹមតែ ៥០០ដុល្លារនោះទេ ព្រោះថាថ្ងៃខាងមុខទុន៥០០ដុល្លារនោះហើយ ដែលជាអ្នកជួយដោះបំណុល ១០ម៉ឺនដុល្លារឱ្យអ្នក។

សូមជម្រាបផងដែរថា នៅពេលដែលជួបបញ្ហាសូមកុំភ័យខ្លាចឱ្យសោះ គួរយកពេលភ័យខ្លាចមកបង្កើនសមត្ថភាពវិញ ព្រោះថាពេលដែលសមត្ថភាពរបស់អ្នកធំជាងបញ្ហា អ្នកប្រាកដជាអាចយកឈ្នះវាបានយ៉ាងងាយ។ ចាប់ពីពេលនេះទៅស៊ូៗណា បើអ្នករឹងមាំមិនយូរទេអ្នកនឹង យកឈ្នះបំណុលទាំងអស់នោះបាន៕

អត្ថបទដោយ៖ សូ សុខលី

ដើម្បីស្វែងយល់ពីបំណុល សូមចុចទីនេះ៖ (https://t.me/so_soklyofficial)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia