ចាស់បុរាណពោលថា ល្បែងស្រី ល្បែងស្រា និងល្បែងភ្នាល់នានា ជាហេតុនាំមកនូវសេចក្តីវិនាស បង់ទាំងទ្រព្យ ព្រាត់ទាំងគ្រួសារ អាចអន្តរាយដល់អាយុជីវិតទៀតក៏មាន។ ក្នុងនោះក្រៅពីល្បែងពាលាទាំង៣ រួមទាំងការចាញ់បោកអ្នកដទៃ លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានបង្ហាញរឿងធំ៥ ធ្វើឲ្យមនុស្សសម័យថ្មីខាតបង់ទ្រព្យសម្បត្តិច្រើនបំផុត៖
១/. ជីវិតហ៊ឺហាហួសសមត្ថភាព (Lifestyle inflation)៖ “ឃើញដំរីជុះ ចង់ជុះតាមដំរី” ហ៊ានចំណាយហួសមាឌ ព្រោះចង់បង្អួតភ្នែកសង្គម បានក្លាយទៅជាជំងឺមហារីកដ៏ធ្ងន់ធ្ងរមួយក្នុងសង្គមសព្វថ្ងៃ ហើយក៏ជាដើមចមនៃការធ្លាក់ចុះក្នុងរណ្តៅបំណុលផងដែរ។
២/. ការធ្វេសប្រហែសមិនថែទាំសុខភាព (Health expense)៖ ព្រះពុទ្ធត្រាស់សម្តែងថា សុខភាពគឺជាលេងមួយ រីឯអ្វីផ្សេងទៀតគឺជាលេខសូន្យ បើបាត់បង់លេខមួយហើយ ទោះមានលេខសូន្យប៉ុន្មានខ្ទង់ក៏ពុំមានន័យខ្លឹមសារអ្វីដែរ។ ប្រឹងរកលុយមកមើលតែជំងឺ ឈឺរ៉ាំរ៉ៃ ជីវិតបែបនេះមិនស្រួលទេ។
៣/. បំណុល និងការចំណាយលើការប្រាក់ (Interest expense)៖ ប្រហែល ២៨% ទៅ ៥០% នៃគ្រួសារកម្ពុជាត្រូវបានប៉ាន់ស្មានថាជាប់បំណុល ខណៈភាគច្រើនតាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs)។ បំណុល និងការចំណាយលើការប្រាក់ ជាប្រហោងហូរចេញទ្រព្យសម្បត្តិដ៏ធំមួយ។
៤/. វិបត្តិសេដ្ឋកិច្ច និងអតិផរណា (Economic crisis and inflation)៖ សេដ្ឋកិច្ចធ្លាក់ចុះ ផ្តល់ផលវិបាកក្នុងការរកចំណូល រីឯថ្លៃទំនិញចេះតែកើនឡើង បានធ្វើឲ្យការចំណាយប្រចាំថ្ងៃកាន់តែរីកធំ។
៥/. កាតព្វកិច្ចពន្ធដែលជាប់ពិន័យដោយមិនបានជំរះបញ្ជីត្រឹមត្រូវ (Tax obligation)៖ កាតព្វកិច្ចពន្ធនៅកម្ពុជាសរុបមាន ១៣ប្រភេទ រួមមាន ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ពន្ធលើប្រាក់ចំណូល, ពន្ធលើអចលនទ្រព្យ, អាករបំភ្លឺសាធារណៈ, អាករស្នាក់នៅ, ពន្ធលើមធ្យោបាយដឹកជញ្ជូន, ពន្ធលើដីធ្លីមិនបានប្រើប្រាស់, ពន្ធប្រថាប់ត្រា, ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ, ពន្ធប៉ាតង់, អាករពិសេស, អាករលើតម្លៃបន្ថែម និងពន្ធលើប្រាក់បៀវត្ស។
គួរជម្រាបផងដែរថា គិតត្រឹមឆ្នាំ២០២៤ ប្រហែល ៩% នៃចំនួនប្រជាជនសរុបរបស់ពិភពលោក ឬស្មើនឹង ៦៩២ លាននាក់ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រខ្លាំង ដែលត្រូវបានកំណត់ដោយធនាគារពិភពលោកថា រស់នៅក្រោម ២.១៥ ដុល្លារក្នុងមួយថ្ងៃ ខណៈតួលេខនេះបានថយចុះបន្តិចពីចំនួន ៧១២ លាននាក់ក្នុងឆ្នាំ ២០២២។ ដូច្នេះហើយ ចូរប្រើប្រាស់លុយដែលអ្នកខំរកបានយ៉ាងលំបាក ដោយភាពល្អិតល្អន់បំផុត ជៀសវាងមានវិប្បដិសារីយ៍ក្នុងថ្ងៃអនាគត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook