ការចាប់ផ្ដើមអាជីវកម្ម រយៈពេល៣ ទៅ៥ឆ្នាំដំបូង វាគឺជាពេលវេលាដែលលំបាកខ្លាំងបំផុត ព្រោះវានឹងធ្វើឱ្យអ្នកត្រូវធ្វើរឿងច្រើន ដើម្បីអាចរុញអាជីវកម្មឱ្យរីកចម្រើន។ ប៉ុន្តែបើសិនជារកស៊ី៣ឆ្នាំហើយ នៅតែខាត ឬមិនទាន់រកឃើញពន្លឺប្រាក់ចំណេញទេ សូមកុំអស់សង្ឃឹម ព្រោះមានអាជីវកម្មយក្សជាច្រើនដែលសុទ្ធតែធ្លាប់ឆ្លងកាត់ស្ថានភាពដូចអ្នកពេលនេះ មុនពេលស្គាល់ផ្លូវត្រូវ រកស៊ីកើបចំណូលរាប់សិបលានដុល្លារ។
ខាងក្រោមជាអាជីវកម្ម៤ ធ្លាប់ខាតយូរឆ្នាំ មុនអាចចំណេញរាប់សិបលានដុល្លារ៖
១. ក្រុមហ៊ុនលក់រាយ Walmart រកស៊ីដោយមិនទទួលបានប្រាក់ចំណេញអស់រយៈពេល ៧ ឆ្នាំដំបូងក្នុងអាជីវកម្មរបស់ខ្លួន។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦២ ដោយលោក Sam Walton ហើយវាពិបាកក្នុងការប្រកួតប្រជែងជាមួយអ្នកលក់រាយធំៗដូចជា Kmart និង Sears ។ ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត Walmart បានរកឃើញទីផ្សារពិសេសរបស់ខ្លួនដោយផ្តោតលើការលក់ផលិតផលតម្លៃទាប និងជម្រើសដ៏ច្រើនសម្បូរបែបនៃផលិតផល ដែលធ្វើឱ្យអាជីវកម្មនេះរីកចម្រើន រហូតក្លាយជាអ្នកលក់រាយដ៏ធំបំផុតនៅលើពិភពលោក។
២. ក្រុមហ៊ុនទស្សនាភាពយន្តតាមអនឡាញ Netflix ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1997 ដោយលោក Marc Randolph ហើយដំបូងឡើយបានផ្ដោតលើការជួល DVD តាម Email។ ក្រុមហ៊ុនបានតស៊ូប្រឈមនឹងការខាតបង់ប្រាក់អស់រយៈពេលជាច្រើនឆ្នាំ មុនពេលស្គាល់ផ្លូវត្រូវ។ ក្រោយមកក្រុមហ៊ុនបានសម្រេចចិត្តបោះបង់ចោលការជួលជា DVD ហើយងាកមកផ្សាយបែបវីដេអូស្ទ្រីម បានវិនយោគលើវីដេអូមានគុណភាព និងពង្រីកទៅទីផ្សារអន្តរជាតិ រហូតមានគេទទួលស្គាល់កាន់តែច្រើន រីកចម្រើនកាន់តែខ្លាំងមកដល់ពេលបច្ចុប្បន្ន។
៣. ក្រុមហ៊ុនទិញទំនិញតាមអនឡាញ Amazon ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ដោយលោក Jeff Bezos ហើយដំបូងឡើយបានផ្ដោតតែលើការលក់សៀវភៅតាមអ៊ីនធឺណិតប៉ុណ្ណោះ។ ក្រុមហ៊ុនបានខាតបង់ប្រាក់អស់ជាច្រើនឆ្នាំ ដោយសារក្រុមហ៊ុនបានវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលថ្មី។ ទោះយ៉ាងណាក៏ដោយនៅទីបំផុត Amazon បានក្លាយជាអ្នកលក់រាយតាមអ៊ីនធឺណិតដ៏ធំបំផុតនៅក្នុងពិភពលោក ព្រោះក្រុមហ៊ុនបានផ្ដោតលើការផ្ដល់នូវបទពិសោធន៍ល្អបំផុតជូនអតិថិជនខ្លួន។
៤. ក្រុមហ៊ុនរថយន្តអគ្គីសនី Tesla ត្រូវបានបង្កើតឡើងដោយលោក Elon Musk ក្នុងឆ្នាំ ២០០៣ គឺដំបូងឡើយ ព្យាយាមផលិតរថយន្តដំបូងគេគឺ Tesla Roadster។ ក្រុមហ៊ុនបានខាតបង់ប្រាក់អស់ជាច្រើនឆ្នាំ ខណៈដែលខ្លួនបានធ្វើការដើម្បីកែលម្អដំណើរការផលិតរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ Tesla នៅទីបំផុតបានក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ជោគជ័យបំផុតមួយនៅក្នុងពិភពលោក។
បើសិនជាអាជីវកម្មអ្នកកំពុងខាតបង់ ឬមិនទាន់រីកចម្រើនស្គាល់ប្រាក់ចំណេញ អ្នកគប្បីធ្វើរឿងសំខាន់មួយចំនួនដូចជា៖ វាយតម្លៃគំរូអាជីវកម្មរបស់អ្នកឡើងវិញ, កាត់បន្ថយការចំណាយ, ទៅទទួលបានជំនួយពីអ្នកប្រឹក្សាអាជីវកម្មជំនាញ…។ សូមចាំថា បរាជ័យបណ្ដោះអាសន្នមិនមែនជាទីបញ្ចប់នៃពិភពលោកនោះទេ ប្រសិនបើអ្នកមានឆន្ទៈក្នុងការប្រឹងប្រែង និងតស៊ូ អ្នកពិតជាអាចជម្នះរាល់ឧបសគ្គ និងសម្រេចបាននូវគោលដៅរបស់អ្នកជាក់ជាមិនខាន៕