ប្រសើរណាស់! អាជីវកម្ម ២ប្រភេទក្នុងវិស័យកសិកម្ម អាចនឹងត្រូវលើកលែងពន្ធរយៈពេល៥ឆ្នាំបន្តទៀត
ធី ស្រីល័ក្ខNOVEMBER 24 2022326 views

វិស័យស្រូវអង្ករ គឺជាវិស័យដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល បាននិងកំពុងជំរុញឱ្យមានការវិនិយោគបន្ថែម និងការពង្រីកទីផ្សារ ទៅកាន់ទីផ្សារអន្តរជាតិ។ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម បានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយក្នុងការជួយដល់វិស័យនេះឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង។

ហេតុនេះហើយទើបកាលពីឆ្នាំ ២០២០ និងឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំឱ្យមានការសិក្សាយ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្តីអំពីថ្លៃដើមពីការផលិតរហូតដល់នាំចេញអង្ករទៅកាន់ទីផ្សារ ដែលការងារនេះទទួលបានកិច្ចសហប្រតិបត្តិការ និងជួយផ្នែកហិរញ្ញវត្ថុពីកម្មវិធីខ្សែច្រវ៉ាក់កសិកម្មកម្ពុជា អូស្ត្រាលី (CAVAC) ដែលការសិក្សានេះ គឺជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់រៀបចំយុទ្ធសាស្ត្រ និងផែនការលើកទឹកចិត្តនានា សម្រាប់ធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាយើងកាន់តែមានភាពប្រកួតប្រជែង។

ជាមួយគ្នានេះដែរ ដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២កន្លងទៅ ក្នុងកម្ម ពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងផ្នែកពន្ធដារធ្វើការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ៥ឆ្នាំបន្តទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលបានផុតអាយុកាលនៃការលើកលែងពន្ធតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម មិនត្រឹមតែគិតគូរលើការនាំចេញស្រូវអង្ករតែមួយជ្រុងតែប៉ុណ្ណោះទេ តែក្រសួងបានខិតខំជួយដល់កសិករខ្នាតតូចឱ្យរៀបចំខ្លួនឱ្យបានកាន់តែប្រសើរឡើង ជាពិសេស ការជួយជំរុញឱ្យមានកិច្ចសន្យាកសិកម្ម រវាងកសិករខ្នាតតូច ជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលការងារធ្វើឡើងតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុ ដោយរាជរដ្ឋាភិបាល និង IFAD ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង