កាន់តែប្លែក វិធីទូទាត់លុយថ្មីរបស់ KFC គ្រាន់តែញញឹមដាក់កាមេរ៉ាជាការស្រេច

0
23

ភោជនីយដ្ឋាន Fast Food ល្បីល្បាញ KFC នៅក្រុង Hangzhou ប្រទេសចិនបានអនុវត្តន៍កម្មវិធី Smile to pay ដែលតម្រូវឲ្យអតិថិជនទាំងអស់ញញឹមដាក់កាមេរ៉ាដើម្បីទូទាត់លុយ។

វិធីទូទាត់ថ្មីនេះនឹងបង្កភាពងាយស្រួលដល់អតិថិជន ជាពិសេសរាល់អតិថិជនដែលចូលទៅក្នុងហាង KFC ទោះជាខូចចិត្តក៏ត្រូវតែបើកមាត់ញញឹមដាច់ខាត ។

ដំណើរការនៃសេវាកម្មទូទាត់នេះ អតិថិជនត្រូវញញឹមដាក់កាមេរ៉ាជាមុនសិន ទើបអាចកុម្ម៉ង់អាហារបាន ហើយកាមេរ៉ា 3D នឹងស្កេនមុខរបស់អតិថិជន បន្ទាប់មកម៉ាស៊ីននឹងស្វែងរកអត្តសញ្ញាណរបស់ពួកគេ។

បន្ថែមពីនេះក្នងការទូទាត់លើកដំបូង ក្នុងលក្ខខណ្ឌខ្លះអតិថិជនត្រូវបញ្ចូលលេខទូរស័ព្ទដើម្បីធានាសុវត្ថិភាពកាន់តែខ្ពស់។

បច្ចេកវិទ្យានេះត្រូវបានអនុវត្តន៍សម្រាប់តែអតិថិជនដែលបានចុះឈ្មោះប្រើប្រាស់កម្មវិធី Alipay តែប៉ុណ្ណោះ ដែលទម្រង់ទូទាត់លុយតាមទូរស័ព្ទនិងអនឡាញដោយប្រើប្រាស់កាមេរ៉ានេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ដោយស្ថាបនិក Alibaba លោក Jack Ma ។

KFC គ្រោងនឹងដាក់សេវានេះទៅកាន់ភោជនីយដ្ឋានបុត្រសម្ព័ន្ធបន្តបន្ទាប់របស់ខ្លួននៅក្នុងប្រទេសចិន ហើយគោលដៅធំរបស់ KFC គឺទាក់ទាញយុវវ័យឲ្យបានច្រើន ។

ក្នុងនោះនាយកគ្រប់គ្រង​ Yum China’s ដែលជាក្រុមហ៊ុនមេរបស់ KFC លើកឡើងថា ការដាក់អនុវត្តសេវាកម្មនេះ ដើម្បីតម្រូវចិត្តអតិថិជនយុវវ័យ អ្នកដែលចូលចិត្តបច្ចេកវិទ្យា និងអ្នកចូលចិត្តការច្នៃប្រឌិតថ្មី ក្រៅពីនេះវាកាន់តែងាយស្រួលសម្រាប់អតិថិជនក្នុងការទូទាត់ប្រាក់ ។

គួរបញ្ជាក់ថា នៅរយៈពេលចុងក្រោយនេះ Alibaba បានបញ្ចេញបច្ចេកវិទ្យាថ្មីៗជាច្រើន ជាក់ស្តែងកាលពីខែមិថុនា កន្លងទៅនេះ Alibaba បានដាក់ដំណើរការហាងកាហ្វេដែលគ្មានអ្នកគិតលុយ ឃើញថាបានបង្កការងាយស្រួលច្រើនដល់អតិថិជន ចំណែកសេវាថ្មីនេះក៏ប្រហាក់ប្រហែលគ្នាដែរ ពោលគឺធ្វើយ៉ាងណាឲ្យអតិថិជនកាន់តែងាយស្រួល ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here