បញ្ញាសិប្បិនិមិត្ត (AI) ក្លាយជាបច្ចេកវិទ្យាមើលធ្លុះដល់ចិត្ត និងរូបភាពដែលខួរក្បាលបានថតទុក

0
20

បញ្ញាសិប្បិនិមិត្ត (AI) ក្លាយជាបច្ចេកវិទ្យាមើលធ្លុះដល់ចិត្ត ទើបតែរកឃើញដោយអ្នកវិទ្យាសាស្ត្រជប៉ុនចំនួន ៤ រូបរបស់សកលវិទ្យាល័យ Kyoto កាលពីចុងខែធ្នូ ២០១៧ កន្លងទៅ ដែលម៉ាស៊ីននេះត្រូវបានគេហៅថា BioRxiv ។

ម៉ាស៊ីននេះត្រូវបានយកទៅប្រើប្រាស់ដើម្បីស្កេនខួរក្បាល ក្នុងគោលបំណងចាប់យកអនុភាពរូបភាពដែលខួរក្បាលចងចាំបាន និងស្វែងយល់ការគិតរបស់មនុស្សផងដែរ ។ វាត្រូវបានអភិវឌ្ឍន៍តាំងពីការរុករករូបភាពសខ្មៅក្នុងខួរក្បាល រហូតដល់អាចមើលឃើញរូបភាពចម្រុះពណ៌ ។

អ្នកវិទ្យាសាស្ត្រ Kamitani លើកឡើងថា “យើងបានស្វែងរកមធ្យោបាយដើម្បីបង្កើតរូបភាពឡើងវិញ នូវអ្វីដែលមនុស្សបានឃើញ តាមរយៈការត្រួតពិនិត្យសកម្មភាពរបស់ខួរក្បាល ។ មធ្យោបាយរបស់យើងកាលពីមុនគឺគ្រាន់តែមើលឃើញរូបភាពក្នុងទម្រង់ងាយៗប៉ុណ្ណោះ ប៉ុន្តែបច្ចេកវិទ្យាថ្មីនេះអាចមើលឃើញពីសំណង់រូបភាពដែលស្មុគស្មាញបាន” ។

ក្នុងការសិក្សារយៈពេល ១០ ខែ គេបានរកឃើញមធ្យោបាយអាចមើលឃើញរូបភាពធម្មជាតិដែលមនុស្សបានថតទុកក្នុងខួរក្បាល ខណៈដែលសកម្មភាពខួរក្បាលត្រូវបានស្កេន កុំព្យូទ័រនឹងធ្វើការវិភាគព័ត៌មានរួចបម្លែងទៅជារូបភាពដែលមនុស្សបានគិត ។

គួរបញ្ជាក់ថា បច្ចេកវិទ្យាខាងលើមិនត្រឹមតែទាញយករូបភាពនៃការគិតប៉ុណ្ណោះទេ សូម្បីតែរូបភាពនៃសុបិនដែលមនុស្សបានបំភ្លេចចោលអស់ក៏វាអាចទាញយកមកវិញដូចគ្នា ដូចច្នោះថ្ងៃអនាគតវានឹងចូលរួមចំណែកក្នុងវិស័យវេជ្ជសាស្ត្រធំជាងគេ ។

អត្ថបទដោយ ៖​ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here