អត្ថបទ >
មុខរបរកសិកម្ម
របរក្រៅម៉ោង តែចំណូលមិនចាញ់ប្រាក់ខែ! កសិដ្ឋានខ្នាតតូច ៣ មិនសូវល្អមើលទេ តែម្ចាស់ចំណូលខ្ទង់ពាន់$

Meng Songly

April 19 2022

1.9K

និយាយដល់រឿងបើកសិដ្ឋានបងប្អូនច្បាស់ជាគិតថា ទាល់តែមានដើមទុនច្រើន និងមានដីធំទូលាយទើបអាចបើកបាន។ មែនទែនទៅ ការបើកសិដ្ឋានមិនមែនមានន័យថាមានទុនច្រើនទើបអាចចាប់ផ្ដើមបាននោះទេ យើងអាចធ្វើវាទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន។ ជាក់ស្ដែងកសិដ្ឋានខ្នាតតូចទាំង៣នេះ ម្ចាស់កសិដ្ឋាន បានច្នៃបង្កើតនៅលើដីទំនេរក្រោយផ្ទះប៉ុណ្ណោះ ប៉ុន្ដែចំណូលខ្ទង់ពាន់ដុល្លារឯណោះ។

១.កសិដ្ឋានបណ្ដុះផ្សិត

លោក តិ វណ្ណៈ ប្រជាកសិករបណ្តុះផ្សិតចំបើងរស់នៅក្នុងភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរៀបរាប់យ៉ាងដូច្នេះថា លោកមានអាជីពជាកសិករបណ្តុះផ្សិតចំបើងនេះ អស់រយៈពេលជាង ៣ឆ្នាំមកហើយ ដែលសព្វថ្ងៃនេះ លោកមានរោងបណ្តុះផ្សិតចំនួន ៩កន្លែង ដោយក្នុង១រោង មានរានបណ្តុះផ្សិតចំនួន ៥០ម៉ែត្រក្រឡា។

លោកបញ្ជាក់ថា វត្ថុធាតុដើមដែលលោកប្រើនោះមានចំបើង សម្បកសណ្តែកបាយ កំប្លោក ដើមចេក កន្ទក់បណ្តុះផ្សិត និងមេផ្សិតផងដែរ។ ដំណាំផ្សិតនេះ ប្រជាកសិករត្រូវមានបច្ចេកទេសបណ្តុះត្រឹមត្រូវ ទៅតាមការបណ្តុះបណ្តាល និងថែទាំទៅតាមអាកាសធាតុផងដែរ ហើយត្រូវប្រើរយៈពេលបណ្តុះ១៣ ទៅ ១៤ថ្ងៃទើបប្រមូលផល ហើយ១រោងដែលមានផ្ទៃរាន៥០ម៉ែត្រក្រឡា ត្រូវចំណាយដើមទុនអស់ប្រមាណ ៣០ម៉ឺនរៀលហើយប្រមូលផលមកវិញគិតជាមធ្យមប្រមាណ១,២លានរៀល ផលផ្សិតល្អប្រមូលបានត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ពី១០០ទៅ១២០គីឡូក្រាម ទៅតាមសុខភាពរបស់ផ្សិតផងដែរ។

២.កសិដ្ឋានចិញ្ចឹមខ្យង

តាមរយៈការផ្ដល់បទសម្ភាសន៍ លោក ហាច ឆន ម្ចាស់កសិដ្ឋាន៤០០ បានមានប្រសាសន៍ថា ចាប់ផ្ដើមដំបូងមានអាងចិញ្ចឹមត្រឹមតែ ៣ អាងប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្នអាងចិញ្ចឹមរបស់លោកមានរហូតដល់ ៤០ ទាំងតូចនិងធំ និងមានគម្រោងពង្រីកឲ្យបានដល់១០០អាងនាពេលខាងមុខ។

ម្ចាស់កសិដ្ឋាន ៤០០ ខាងលើបានឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃកសិដ្ឋានរបស់លោកមិនទាន់មានលទ្ធភាពផ្គត់ផ្គង់ខ្យងសាច់លើទៅផ្សារនៅឡើយទេ ព្រោះលោកផ្ដោតលើការផ្គត់ផ្គង់ខ្យងពូជទៅកាន់កសិករសិន។ ដោយហេតុថាតម្រូវការពូជខ្យងកាន់តែឡើង ព្រោះកសិករងាកមកចាប់របរចិញ្ចាមខ្យងនេះ។ ក្នុងនោះដែរ តម្លៃខ្យងពូជមួយគីឡូក្រាមតម្លៃ ៣០,០០០រៀល និងខ្យងសាច់តម្លៃ ២៥,០០០រៀល (ករណីបងប្អូនទិញក្រោម១០គីឡូក្រាម)។ តែបើទិញដល់១០០គីឡូក្រាម តម្លៃ ២០.០០០រៀល ក្នុងមួយគីឡូក្រាម ករណីទិញដល់ ១តោន ខាងកសិដ្ឋាននឹងលក់ជូនក្នុងតម្លៃ ១៥,០០០រៀល ក្នុងមួយគីឡូក្រាម។

លោក ហាច ឆន បានបង្ហើបឲ្យដឹងផងដែរថា ប្រាក់ចំណេញពីការពូជខ្យង គឺទទួលបានប្រមាណពី ២០ លានរៀលទៅ ២៥ លានរៀល ក្នុងមួយខែៗ អាស្រ័យទៅលើការផ្គត់ផ្គង់ពូជខ្យងច្រើនឬតិច។ មួយវិញទៀតសម្រាប់បងប្អូនដែលមានបំណងចង់ចិញ្ចឹមខ្យង កសិដ្ឋាន៤០០ ក៏មានបង្រៀនបច្ចេកទេសតាំងពីចាប់ផ្ដើមចិញ្ចឹមរហូតដល់ប្រមូលផលផងដែរ។

គួរបញ្ជាក់ដែរថា ដើមទុនសម្រាប់ចិញ្ចឹមខ្យងនេះ គឺបងប្អូនមានត្រឹមតែ១០០ ដុល្លារ គឺអាចចាប់ផ្ដើមបានហើយ ប៉ុន្ដែសម្រាប់បងប្អូនដែលរស់នៅតំបន់សម្បូរខ្យងស្រាប់គឺមិនចាំបាច់ចាយទុនដល់១០០ ដុល្លារក៏បាន គឺបងប្អូនអាចទៅរកខ្យងស្រែឬខ្យងទន្លេមកធ្វើពូជដោយខ្លួនឯងបាន ហើយចំណាយតិចតួចតែទៅលើការធ្វើអាងប៉ុណ្ណោះ។

៣.ដាំចកអាហ្សូឡា 

ចកអាហ្សូឡា គឺជាប្រភេទចកម្យ៉ាងដែលគេនិយមដាំដើម្បីធ្វើជាចំណីសត្វជាច្រើនប្រភេទដូចជា មាន់ ទា ជ្រូក ត្រី គោ ក្របី កង្កែប អន្ទង់ ខ្យង ខ្ចៅ កន្ធាយ និងសត្វមួយចំនួនទៀត ។ អហ្សូឡា គឺជារុក្ខជាតិដែលផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់របរកសិកម្ម ហើយវាមានតម្លៃថ្លៃណាស់ ១គីឡូរហូតដល់ទៅ ២ម៉ឺនរៀល ខណៈរបរនេះងាយស្រួលដាំ ដាំតែម្ដងវាធ្វើមីតូសឡើងវិញរាល់ថ្ងៃ បានន័យថា យើងអាចប្រមូលផលបានរាល់ថ្ងៃ ។ មួយវិញទៀតព្រោះវាសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនជាច្រើនប្រភេទ ដែលធ្វើឱ្យសត្វស៊ីទៅឆាប់ធំធាត់ និងឆាប់ទទួលបានផលលឿន លើសពីនេះវាអាចរកចំណូលបានច្រើនពីការលក់រុក្ខជាតិអាហ្សូឡានេះទៀតផង ។

ជាក់ស្ដែងអ្នកស្រី ឡុញ ម៉ៅ ជាកសិករដែលប្រកបរបរដាំចកអាហ្សូឡាលក់ មានប្រសាសន៍ថា «ថ្ងៃដែរលក់ដាច់ ខ្ញុំលក់បាន ៣០០ ដុល្លារក្នុងមួយថ្ងៃ ខ្ញុំលក់ទៅតាមបណ្ដាលខេត្តនានា គឺលក្ខណៈថា ពេលយើងចិញ្ចឹមអាហ្សូឡាបានច្រើនទៅ គឺយើងបានកាត់បន្ថយការចំណាយលុយ បានដល់ទៅ ៧០ ភាគរយពីការទិញចំណីពីគេ យើងមិនមានការកែច្នៃអាហ្សូឡាអ្វីទៀតទេ ជាទូទៅគឺយើងដួសតែពីកន្លែងដាំ យកឱ្យមាន់ស៊ីតែម្ដង ពេលខ្លះគ្រាន់តែថា យើងលាយជាមួយកន្ទក់ ៣០%ជាមួយនឹងអាហ្សូឡា គឺយើងឱ្យសត្វចិញ្ចឹមស៊ីតែម្តង»៕

អត្ថបទដោយ៖ សារ ធូរ៉ា

 

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth