អត្ថបទ >
មុខរបរកសិកម្ម
ចំណេញជី៥០%! កម្ពុជាអាចនឹងនាំយកបច្ចេកវិទ្យាថ្មីមួយ ជួយឱ្យដីប្រើប្រាស់ជីតិចជាងមុនពាក់កណ្តាល

នាព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក Jimmy TAY ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ីហ្វិក លោក Jimmy TAY មានបំណងចង់នាំយកបច្ចេកវិទ្យាថ្មីអតិខុមប្រាណដី Soil Microbes មកកាន់កម្ពុជា។

ក្នុងជំនួបនេះផងដែរ លោក Jimmy TAY បានធ្វើបទបង្ហាញជូនឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញអំពីបច្ចេកទេសថ្មីមួយ ពីអត្ថប្រយោជន៍នៃការប្រើប្រាស់អតិសុខុមប្រាណដី Soil Microbes ទៅលើគុណភាពដី និងដំណាំ។ ដែលបច្ចុប្បន្ននេះ បច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes របស់ក្រុមហ៊ុនបាននិងកំពុងប្រើប្រាស់ក្នុង ១១ប្រទេស ហើយក្នុងនោះ ៧ប្រទេស គឺស្ថិតនៅក្នុងតំបន់អាស៊ីរួមមាន ប្រទេសម៉ាឡេស៊ី ប្រទេសថៃកំពុងប្រើប្រាស់លើមុខដំណាំស្រូវ ប្រទេសវៀតណាមលើមុខដំណាំកៅស៊ូ ប្រទេសឥណ្ឌូនេស៊ីបានប្រើលើមុខដំណាំប្រេងដូង ប្រទេសឥណ្ឌាលើមុខដំណាំស្រូវ ចេក និងស្រូវសាលី ប្រទេសចិនលើមុខដំណាំតែនិងស្រូវ  និងប្រទេសហ្វីលីពីន។

306668337 5312739335447590 553941373716010278 N

ហើយកម្ពុជាគឺជាប្រទេសបន្ទាប់ដែលមាននៅក្នុងផែនការវិនិយោគ និងចែកចាយបច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes នេះ។ លោក Jimmy TAY បន្តថា បច្ចេកវិទ្យារបស់ក្រុមហ៊ុនលោកគឺមិនមែនជាផលិតផលជីនោះទេ គឺជាផលិតផលបំប៉នសម្រាប់ជួយកែប្រែដី ធ្វើឱ្យដីមានជីវជាតិ ហើយអាចកាត់បន្ថយការប្រើប្រាស់ជីបានជាង ៥០% ដោយក្នុង ១ហិកតាត្រូវការប្រើប្រាស់ផលិតផលនេះតែ ១គីឡូប៉ុណ្ណោះ។

ជាការឆ្លើយតប ដោយមើលឃើញថាក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែននិងរុស្សីបានធ្វើឱ្យតម្លៃជី និងថ្នាំកសិកម្មមានការឡើងថ្លៃគួរឱ្យបារម្ភ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការចាប់អារម្មណ៍ និងស្វាគមន៍ចំពោះបច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes របស់ក្រុមហ៊ុន ដើម្បីជួយកសិករបង្កើនគុណភាពដី បង្កើនទិន្នផល និងជាពិសេសកាត់បន្ថយការចំណាយលើការប្រើប្រាស់ជី និងថ្នាំ។

307440138 5312739395447584 3790510784839494585 N

ហេតុនេះ ឯកឧត្តមបានណែនាំដល់ក្រុមហ៊ុនធ្វើកិច្ចសហការជាមួយនាយកដ្ឋានជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ និងពិសោធលើផលិតផលនេះ ហើយជំហានបន្ទាប់គឺត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការរៀបចំប្រើប្រាស់សាកល្បងលើមុខដំណាំដែលមានសក្ដានុពលដូចជា ស្រូវ ពោត ដំឡូវមី ដំណាំស្លឹក និងកៅស៊ូនៅតាមស្ថានីយពិសោធនានានៅតាមខេត្តគោលដៅ មុនធ្វើការចែកចាយទៅលើទីផ្សារ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth