អត្ថបទ >
មុខរបរកសិកម្ម
លោក សាប់ សារុន ច្នៃដីស្រែ ចិញ្ចឹមបង្កង អាចរកចំណូលបានច្រើន មានទីផ្សារមិនចេះខ្វះ

លោក សាប សារុន បច្ចុប្បន្នគឺជាកសិករចិញ្ចឹមបង្កងក្នុងស្រែ ដែលមានទីតាំងស្ថិតនៅក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ដែលលោកបានច្នៃដីស្រែមកចិញ្ចឹមបង្កង អាចរកចំណូលបានច្រើនជាងធ្វើចម្ការ ហើយបង្កងរបស់លោកមានទីផ្សារមិនចេះខ្វះឡើយ។

តាមរយៈវីដេអូដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការលោក សាប សារុន បាននិយាយថា ពីដំបូងឡើយលោកគ្រាន់ជាកសិករធ្វើស្រែចម្ការធម្មតាប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលលោកបានធ្វើស្រែលោកតែងតែឆ្លៀតចិញ្ចឹមកូនត្រីបន្តិចបន្តួចនៅក្នុងស្រែ។

ស្រាប់តែថ្ងៃមួយខាងក្រសួងកសិកម្មបានចុះមកមើលដីស្រែរបស់គាត់ ហើយក្រសួងក៏ឃើញថាលោកបានរៀបចំទប់ទំនប់បានយ៉ាងល្អ ក្រោយពីឃើញដូច្នេះក្រសួងក៏បានណែនាំឱ្យលោកសាកល្បងចិញ្ចឹមបង្កងក្នុងស្រែចំនួន ១ម៉ឺនកូន។

ថៅកែចិញ្ចឹមបង្កងស្រែក្នុងខេត្តតាកែវបានបន្តឱ្យដឹងទៀតថា ចំពោះបទពិសោធន៍នៃការចិញ្ចឹមបង្កងក្នុងស្រែនេះ ជំហ៊ានដំបូងគឺត្រូវតែសម្អាតកាកសំណល់ក្នុងស្រែឱ្យបានស្អាតសិន បន្ទាប់មកលោកបានបាចកំបោរនិងបាចក្លដើម្បីសម្លាប់ត្រីនៅក្នុងស្រែ ប្រហែលជាកន្លះខែដែលសម្អាតរួចលោកក៏ចាប់ផ្តើមបូមទឹកចូលនឹងចាប់ផ្តើមដាក់កូនបង្កងនៅក្នុងស្រែ។

ជាមួយគ្នានោះដែរ លោក ថៃ សុមុនី ដែលជាប្រធាននាយកដ្ឋានអភិវឌ្ឍនវារីវប្បកម្ម នៃរដ្ឋបាលជលផល ក៏បានបន្ថែមថា ជារឿយៗក្រសួងកសិកម្មគឺមានគោលដៅក្នុងការជម្រុញឱ្យផលិតតាមរយៈការចិញ្ចឹមបង្កង ដោយលើកទឹកចិត្តឱ្យកសិករចេះច្នៃដីពីការធ្វើស្រែអាចរកចំណូលបានខ្ទង់ពាន់ដុល្លារ ប្រែក្លាយរកចំណូលបានខ្ទង់ម៉ឺនដុល្លារផងដែរ៕

ទស្សនាវីដេអូពេញនៅទីនេះ

អត្ថបទ៖ ធី ស្រីល័ក្ខ

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth