អត្ថបទ >
មុខរបរកសិកម្ម
ដំណឹងល្អ! ក្រុមហ៊ុនធំ១របស់អ៊ីស្រាអែល គ្រោងមកបង្កើតមជ្ឈមណ្ឌលបច្ចេកទេសកសិកម្មនៅកម្ពុជាឆាប់ៗនេះ

នេះពិតជាដំណឹងល្អ ខ្លាំងមែនទែនសម្រាប់ក្រុមហ៊ុនធំ១របស់ប្រទេសអ៊ីស្រាអែលគឺ Agrostudies Agriculture Capacity Building  ដែលគ្រោងមកបង្កើតមជ្ឈមណ្ឌលបច្ចេកទេសកសិកម្មនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

ការគ្រោងទុនបង្កើតមជ្ឈមណ្ឌលនេះត្រូវបានធ្វើឡើង បន្ទាប់ពីលោក Yaron Tamir ដែលជានាយកប្រតិបត្តិក្រុមហ៊ុនអ៊ីស្រាអែលផ្ទាល់បានជួបឯកឧត្តមរដ្ឋមន្រ្តី វេង សាខុនកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។ នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្មសិក្សាដែលទាក់ទងជាមួយកសិកម្មដែលនិស្សិតខ្មែរបានទៅសិក្សាកន្លងទៅ គឺបង្កើនចំណេះដឹងបច្ចេកទេស តាមរយ:ការបណ្តុះបណ្តាលទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងដល់សិក្ខាកាមវ័យក្មេងដែលមានសក្តានុពល បានយល់ដឹងកាន់តែស៊ីជម្រៅអំពីរបៀបរបបរស់នៅ និងធ្វើការងារជាក្រុម ជាបុគ្គលមានការទទួលខុសត្រូវ មានវិន័យ ជាអ្នកគ្រប់គ្រង ដឹកនាំ សហការល្អ និងខិតខំសិក្សារៀនសូត្រអំពីបច្ចេកវិទ្យាកសិកម្មថ្មីៗ ដើម្បីអភិវឌ្ឍខ្លួនគេ និងប្រទេសកំណើតរបស់ខ្លួន។ ជាក់ស្តែង និស្សិតដែលត្រឡប់មកមាតុភូមិវិញ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលខ្លួនបានសិក្សារៀនសូត្រជូនប្រជាកសិករ ខ្លះបម្រើការឲ្យក្រុមហ៊ុន និងខ្លះទៀតធ្វើអាជីវកម្មកសិកម្មដោយខ្លួនគេផ្ទាល់។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឲ្យក្រុមហ៊ុនបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែល្អប្រសើរ និងស្នើសុំបង្កើនចំនួននិស្សិត ឆ្លើយតបតាមតម្រូវការធនធានមនុស្សក្នុងវិស័យកសិកម្មដែលមាននិន្នាការកើនឡើងជាលំដាប់ ដើម្បីឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាមានលក្ខណ:ទំនើបកម្ម ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ នរវានុវត្តន៍ និងចូលរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។ ដោយឡែកសកលវិទ្យាល័យភូមិន្ទកសិកម្ម គួររៀបចំចងក្រងបញ្ជីឈ្មោះនិស្សិតកម្មសិក្សា សិក្សាស្រាវជ្រាវឲ្យបានឃើញពីសកម្មភាពការចូលរួម អភិវឌ្ឍវិស័យកសិកម្មបន្ទាប់ពីបានបញ្ចប់កម្មសិក្សារបស់ពួកគេ ទំនាក់ទំនង និងការរីកចម្រើនទាំងចំណេះដឹងវិស័យកសិកម្ម និងសេដ្ឋកិច្ចសង្គម។

លោកនាយកក្រុមហ៊ុន Agrostudies Agriculture Capacity Building បានបន្ថែមថា កន្លងមកនិស្សិតកម្ពុជាទទួលបានការកោតសរសើរពីកសិករអីស្រាអែល ថាជានិស្សិតមានការតស៊ូ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងគោរពវិន័យបានល្អ ហើយនេះគឺជាដើមទុន ឬជាទ្រព្យយ៉ាងល្អសម្រាប់កសាងអនាគតខ្លួនគេ។ ទាក់ទងនឹងសំណើរក្សា ឬបង្កើនចំនួននិស្សិតឲ្យទៅធ្វើកម្ម សិក្សានោះ លោកនាយកក្រុមហ៊ុនបានជម្រាបថានៅចុងខែនេះ ឬដើមខែកក្តដា លោកជំទាវឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ឆ្លៀតយកឱកាសនេះ លោកជំទាវ ក៏មានកម្មវិធីជួបជាមួយឯកឧត្តមរដ្ឋមន្រ្តី នឹងជម្រាបជូនអំពីសំណើនេះដោយផ្ទាល់ផងដែរ៕

អត្ថបទដោយ៖ ធី ស្រីល័ក្ខ

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth