បទពិសោធន៍ពីសហគ្រិនវ័យក្មេង ៣ រូប ដែលអ្នកគួរយកទៅពិចារណាថាខ្លួនឯងអាចស៊ីបានឬនៅ?

0
43

ឆ្លងកាត់តាមកិច្ចសម្ភាសន៍ជាមួយសហគ្រិនវ័យក្មេងជាច្រើន ក្នុងចំណោមពួកគាត់ខ្លះលើកឡើងថា ពីដំបូងចង់រកស៊ី តែមិនដឹងរកស៊ី​​អ្វី ហើយមិនដឹងថាចាប់ផ្តើមពីចំណុចណា ។ Business Cambodia ជឿជាក់ថា លោកអ្នកដែលកំពុងអានអត្ថបទនេះសុទ្ធសឹងតែជាអ្នកចាប់អារម្មណ៍ការរកស៊ី និងជួបបញ្ហាប្រហាក់ប្រហែលនឹងពួកគាត់ដែរ ដូចច្នោះសហគ្រិនវ័យក្មេង ៣ រូបនឹងឈានជើងចូលមកចែករំលែកបទពិសោធន៍មុនចេញរកស៊ីរបស់ពួកគាត់ ។

លោក វិន វីរៈ អាយុ ២៥ ឆ្នាំ ជាសហគ្រិនវ័យក្មេងមួយរូបនិងជាម្ចាស់ហាង យូនិក រ៉េបភីង ដែល អតីតជាបុគ្គលិក IT ធ្វើការឲ្យគេអស់រយៈពេលប្រមាណ ៤-៥ ឆ្នាំ លើកឡើងថា “ពីដើមឡើយលោកមិនដែលយល់ពីអាជីវកម្មដូចដែលបើករាល់ថ្ងៃនេះទេ ព្រោះលោកផ្តោតអារម្មណ៍តែរឿង IT តែដោយសារលោកមានអារម្មណ៍មួយថាចង់រកស៊ី ព្រោះធុញទ្រាន់នឹងធ្វើការឲ្យគេ ហើយចង់បើកអាជីវកម្មមួយដែលអត់ទាក់ទងនឹង IT ទេ ដូច្នោះក៏ចាប់ផ្តើមអាជីវកម្មខ្លួនឯងតែម្តង ” ។

យុវជនឯម ច័ន្ទរិទ្ធីកុរ ជាម្ចាស់អាជីវកម្ម DoyDoy និងបានជាប់ពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៧ ផ្នែកអាជីវកម្មបង្កើតថ្មី កាលពីពេលថ្មីៗនេះ។ សហគ្រិនរូបនេះលើកឡើងថា “ខ្លួនមានគំនិតចង់ចេញរកស៊ីតំាងពីក្មេងមកម្ល៉េះ រហូតដល់បញ្ចប់ការសិក្សាថ្នាក់ទី១២ ចិត្តនៅតែចង់ចេញរកស៊ី តែនៅមិនទាន់ដឹងថា ត្រូវរកស៊ីអ្វីទៀត” ។ តាមរយៈការធ្វើការងារសង្គមជាមួយអង្គការជាតិ និងអន្តរជាតិ បានធ្វើឲ្យខ្លួនបែកគំនិតបង្កើតជាអាជីវកម្មសង្គម(Social Business)នេះឡើង។ អាជីវកម្មនេះទាក់ទងនឹងការអប់រំ និងបរិស្ថាននៃការសិក្សារបស់ក្មេងៗ ដោយសារសាលារៀន មានការខ្វះខាតច្រើនទាក់ទងនឹងឧបករណ៍ក្មេងលេង បែបវិទ្យាសាស្ត្រ(Toy Education)។

ចំណែកសហគ្រិនស្រ្តីវ័យក្មេងអាយុទើបតែ ១៦ ឆ្នាំ ស៊ីថា ឧម៉ាវត្តី ដែលជាស្ថាបនិក សំអាងការស្មីសុភមង្គល លើកឡើងថា​ “កត្តាជំរុញឲ្យសម្រេចចិត្តចេញរកស៊ី ក៏ព្រោះមានទេព្យកោសល្យ និងចូលចិត្តរកស៊ីតំាងពីនៅតូច ពោលគឺនៅអាយុប្រហែល១០ឆ្នាំ នាងបានដើរធ្វើការជាមួយម្តាយជាអ្នកភួង រហូតបែកគំនិតចេញរកស៊ីខ្លួនឯងតែម្តង។ ហើយកត្តាមួយទៀត គឺមកពីឪពុកចេញទៅធ្វើការនៅតាមខេត្ត គ្រួសារមិនសូវជាធូរធារ ហើយម្តាយជាអ្នករកស៊ីចិញ្ចឹម ដូចច្នោះក៏មានចិត្តចង់រកស៊ី ដើម្បីផ្គត់ផ្គង់គ្រួសារបន្ថែមទៀត” ។

តាមរយៈការចែករំលែកបទពិសោធន៍ខ្លីៗខាងលើ Business Cambodia សូមសង្ខេបខ្លីថា មានកត្តា៣ ដែលឲ្យតម្រុយថាអ្នកគួរចេញរកស៊ីដោយខ្លួនឯងបានគឺ ធុញទ្រាន់នឹងធ្វើការឲ្យគេ មានន័យថាអ្នកលែងចង់ខ្ចីដង្ហើមគេដកហើយ ចង់ក្តោបក្តាប់ជោគវាសនាដោយខ្លួនឯង មួយទៀតគឺការចង់ជួយអ្នកដទៃឬជួយសង្គម ចុងក្រោយគឺ ទេព្យកោសល្យ ពោលគឺអ្នកចេះរកស៊ីតាំងពីក្មេងមកម្លេះ ។

គួរបញ្ជាក់ថាខាងលើជាមេរៀន ៣ចំណុច ចេញពីបទពិសោធន៍ផ្ទាល់របស់សហគ្រិនកម្ពុជា ប៉ុន្តែនៅមានកត្តាផ្សេងទៀតដែលជម្រុញឲ្យអ្នករកស៊ី វាអាស្រ័យទៅតាមកាលៈទេសៈ និងស្ថានភាពរបស់មនុស្សម្នាក់ៗ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here