បណ្ឌិតយ៉ង សំាងកុមារ៖ ប្រាប់ពីកំហុស៣ ធ្វើឲ្យកសិករធ្វើកសិកម្មនៅតែក្រងើបមុខមិនរួច

0
41

ការពិតប្រកែកមិនបានកសិករខ្មែរ បានសម្រេចចាក់ចោលដីស្រែ ចំការរបស់ខ្លួនទុកទំនេរចោល ដើម្បីឆកនូវមុខរបរថ្មីៗផ្សេងពីការធ្វើកសិកម្ម មានអ្នកខ្លះបានធ្វើចំណាកស្រុកទៅធ្វើជាកម្មករកសិកម្មរបស់ប្រទេសគេក៏មាន។ បរាជ័យលើវិស័យកសិកម្ម របស់កសិករខ្មែរយើងពិតជាជះឥទ្ធិពលធំណាស់ ដោយសារតែកសិករខ្មែរមានរហូតដល់ទៅ៨០%ភាគនៃចំនួនប្រជាជនជាកសិករ តែវិស័យនេះត្រូវបានជួបបញ្ហាឥតល្ហែទៅវិញ។ តាមរយៈបទសម្ភាសផ្ទាល់ជាមួយបណ្ឌិតកសិកម្ម លោកយ៉ង សំាងកុមារ ថ្លែងប្រាប់Business Cambodia ថា កសិករមានកំហុស ៣ ដែលធ្វើឲ្យការធ្វើកសិកម្មតែងជួបបញ្ហា ហើយបណ្តាឲ្យជួបប្រទះជីវភាពគ្រួសារ។

បណ្ឌិតយ៉ង សំាងកុមារ បានមានប្រសាសន៍ថា បញ្ហាធំៗរបស់កសិករខ្មែរយើងតែងជួបប្រទះ មាន៣ចំណុច៖កសិករខ្មែរយើងមិនទាន់វិវត្តន៍ខ្លួនទៅជាអ្នកជំនួញ-កសិកម្ម, កសិករខ្មែរនៅមិនទាន់មានទម្លាប់ចេះសហការគ្នាធ្វើកសិកម្មនៅឡើយ និងមិនទាន់មានអ្នកជួយគាំទ្រច្បាស់លាស់លើការងារកសិកម្ម។ កត្តាសំខាន់ទំាងនេះហើយ បានធ្វើឲ្យកសិករខ្មែរ នៅតែក្រីក្រដោយសាការប្រកបរបរកសិកម្មរបស់ខ្លួន។

បណ្ឌិតកសិកម្មរូបនេះបានផ្តល់ដោះស្រាយថា កសិករត្រូវខ្លួនឯងត្រូវចាប់ផ្តើមគិតពីទីផ្សារ មុននឹងផលិតកសិផលណាមួយត្រូវស្វែងយល់ពីទីផ្សារសិន ត្រូវសិក្សាទីផ្សារ ព្រោះយើងលែងផលិតសម្រាប់ផ្គត់ផ្គង់តែខ្លួនឯង គឺផលិតសម្រាប់ផ្គត់ផ្គង់លើទីផ្សារ ប្រែពីកសិករ ទៅជាកសិ-ពាណិជ្ជករ។ ត្រូវសិក្សាទីផ្សារមូលដ្ឋានឲ្យបានច្បាស់លាស់ និងសិក្សានរណាខ្លះជាផ្គត់ផ្គង់មកទីផ្សារនិងដែរ ដើម្បីងាយស្រួលសហការគ្នា ចៀសវាងមានការប្រកួតប្រជែងគ្នាឯង។ ជាពិសេសត្រូវចេះផ្តោតសំខាន់លើអ្វី ដែលខ្លួនត្រូវផលិតច្បាស់លាស់ និងពិតប្រាកដ សម្រាប់បំពេញតម្រូវបរិមាណណាមួយនោះលើទីផ្សារឲ្យទៀងទាត់។

ម្យ៉ាងវិញទៀត ត្រូវគិតលើការរៀបចំបញ្ជីលើការចំណាយ និងចំណូលឲ្យបានច្បាស់លាស់ ត្រូវគិតលើថ្លៃដើមនៃការផលិត និងចេះចាត់ចែងផលិតផលឲ្យចំគោលដៅនៃតម្រូវការលើទីផ្សារ។ កសិករ ត្រូវតែប្រែក្លាយខ្លួនឯង ពីការធ្វើកសិកម្មបែបបូរាណ ទៅជាការធ្វើកសិកម្មតាមបែបទំនើប ប្រើប្រាស់បច្ចេកទេស ដើម្បីធានានិរន្តភាពតម្រូវការទីផ្សារ លែងដាំដំណាំតាមរដូវទៀតហើយ។

លោកបណ្ឌិតធ្លាប់បានបញ្ជាក់ថា សម្រាប់ទីផ្សារកសិកម្មគ្មានបញ្ហានោះទេ តែកសិកម្មទេដែលមានបញ្ហា ព្រោះពួកគេមិនបានគិតលើទីផ្សារជាមុន រួចនាំគ្នាផលិតទំាងមិនស្គាល់តម្រូវការច្បាស់នៅឡើយ។ ដូច្នេះចាប់ពីថ្ងៃនេះតទៅកសិករខ្មែរ ត្រូវតែចេះធ្វើជំនួញកសិកម្ម ទើបអាចរំដោះខ្លួនពីភាពក្រីក្រ ក្លាយជាអ្នកមានស្រុកស្រែបាន៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

[email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here