ការងារដឹកនាំសំខាន់បំផុត៣ ដែលអ្នកត្រូវធ្វើដោយខ្លួនឯង ទោះមានលុយជួលគេធ្វើជំនួសក៏ដោយ

0
1634

នៅក្នុងការដឹកនាំអាជីវកម្មមួយឲ្យឆ្ពោះទៅមុខ​ទៅរកភាពជោគជ័យ​​មានការងារច្រើនណាស់​ដែលសហគ្រិន​ត្រូវធ្វើ។​ការងារជាច្រើន​អ្នកអាចជួលគេមកធ្វើជំនួសអ្នកបាន​តែមានការងារ៣​អ្នកមិនគួរនឹងជួលគេធ្វើជំនួសអ្នកនោះទេ។

ជាទូទៅមេដែលអាក្រក់តែងតែមើលរំលង​ការងារទាំង៣​ខាងក្រោមនេះ​ព្រោះតែគាត់គិតថា​មិនសំខាន់​​ឬគាត់គ្មានដុងក្នុងការធ្វើវា។​តែយ៉ាងណា​មេដែលល្អតែធ្វើរឿងទាំង​៣នេះបានល្អណាស់ ​ហើយ​ពួកគាត់​ក៏ចូលចិត្តធ្វើវាដោយខ្លួនឯងផងដែរ ​មិនជួលគេមកជំនួសទ្បើយ។ ​៣ចំណុចទាំងនោះរួមមាន៖

១ ​ណែនាំបុគ្គលិក

មេល្អតែងមានមហិច្ឆតា​ជួយធ្វើឲ្យបុគ្គលិករបស់ខ្លួនមានការរីកចម្រើន ​ដូចនេះ​គាត់តែងចំណាយ​ពេល​​ណែនាំ​​ពួកគេជានិច្ច។ ​ការណែនាំនេះសំខាន់ណាស់ ​មេដឹកនាំដែលល្អ ​ចេះណែនាំដោយប្រើគោលការណ៍​និង​បេះដូង ​រីឯមេដឹកនាំអាក្រក់​ ចូលចិត្តតែស្រែក ស្តីបន្ទោសប៉ុណ្ណោះ។ ​នេះមានន័យថា ​ទាល់តែគ្នាធ្វើខុស ​ទើប​ហៅមកថាឲ្យ ​​ដោយ​មិនបានណែនាំ មុនបុគ្គលិកខ្លួន​បានប្រព្រឹត្តខុសនោះទ្បើយ។

២​ លើកទឹកចិត្តបុគ្គលិក

ការងារមួយនេះលោកអ្នកក៏គួរតែធ្វើដោយខ្លួនឯងដែរ ​ដើម្បីឲ្យលោកអ្នកអាចក្លាយជាសហគ្រិនឆ្នើម​ម្នាក់​បាន។​ សហគ្រិនឆ្នើម ​ជាមេដឹកនាំ​ដែលពួកែលើកទឹកចិត្តបុគ្គលិក​ឲ្យពួកគេហ៊ានធ្វើការងារដែលលំបាក​ដោយ​គ្មានការរុញរា ឬការរអ៊ូរទ្បើយ។​ មេដែលល្អ ទៀតសោធតែងតែចេះលើកទឹកចិត្ត​ដោយមិនប្រើលុយ​នោះទេ​គាត់​ប្រើបេះដូង​របស់គាត់​ទៅលើកទឹកចិត្តមនុស្ស។

៣​ ដាក់វិន័យបុគ្គលិក

ចុងក្រោយនេះ គឺការដាក់វិន័យលើបុគ្គលិក។​ ជឿឬមិនជឿ ​​ក្រុមហ៊ុនណាដែលគ្មានវិន័យ​ក្នុងក្រុមហ៊ុន​ខ្ញុំហៅក្រុមហ៊ុននោះ​ជាក្រុមហ៊ុនរញ៉េរញ៉ៃ។ ​បុគ្គលិករបស់លោកអ្នក​ ទោះពួកគាត់រៀនបានចេះខ្ពស់​ប៉ុនណា​​ ទោះគាត់​ជាមនុស្សពូកែយ៉ាងណា ​ពួកគាត់នឹងក្លាយជាមនុស្សដែលរញ៉េរញ៉ៃ​ ពេល​ពួកគាត់បានធ្វើការក្នុងក្រុមហ៊ុនដែលរញ៉េរញ៉ៃ គ្មានវិន័យត្រឹមត្រូវ។​ មេដឹកនាំដែលល្អ​ សហគ្រិនដែលឆ្នើម​តែងចេះដាក់វិន័យលើបុគ្គលិក ដោយពួកគាត់ទទួលវិន័យនោះដោយក្តីរីករាយ​គ្មានការបង្ខំអ្វីទ្បើយ។

ខ្ញុំសង្ឃឹមថា​ទាំងអស់គ្នានឹងនាំគ្នាធ្វើការងារទាំង​៣ខាងលើនេះ​ឲ្យបានល្អបំផុត។ ​ទាំងអស់គ្នាត្រូវចាំថា​បុគ្គលិក​របស់លោកអ្នក​ត្រូវការមេដឹកនាំដែលល្អម្នាក់ ​ត្រូវការសហគ្រិនដែលឆ្នើមម្នាក់ ​ដែលគិតគូរដល់​អនាគត​របស់ពួកគេ។​ ហើយដើម្បីមើលថែពួកគាត់បានកម្រិតនេះ ​អ្នកដែលជាសហគ្រិនឆ្នើម​គួរនាំ​គ្នា​ធ្វើការងារទាំង​៣ខាងលើនេះ​ដោយខ្លួនឯង​ដោយមានប្រសិទ្ធិភាពបំផុត។

នេះជាផ្នែកមួយនៃសៀវភៅ​ “សហគ្រិនឆ្នើម” ​ជាសៀវភៅទី៣​ ដែលខ្ញុំបានកំពុងដាក់បេះដូង​និពន្ធមួយក្បាលនេះទ្បើង ​ក្នុងគោលដៅ​ចង់ឃើញ សហគ្រិនខ្មែរ​ច្រើនរូប បានក្លាយជាសហគ្រិនក្នុងបេះដូង​របស់បុគ្គលិក ​ឬសហគ្រិនឆ្នើម​របស់កម្ពុជានោះ៕

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់ថ្មីៗនេះ
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here