យីហោឡានល្បី ៣ គូនេះ ការពិតរស់ក្រោមដំបូលតែមួយប៉ុណ្ណោះ ថ្វីត្បិតចែកទីផ្សាររៀងខ្លួនក៏ដោយ

0
1918

យីហោឡានល្បីលើពិភពលោកភាគច្រើនបានបំបែកយីហោជាពីរ ដើម្បីដណ្តើមទីផ្សារពីគូប្រកូតឲ្យបានច្រើន ហើយហេតុផលដូចគ្នាដែលគេខំបង្កើតបុត្រសម្ព័ន្ធផ្សេងៗនោះ​វាជាយុទ្ធសាស្ត្ររកស៊ីតែប៉ុណ្ណោះ គេខំធ្វើព្យុះធ្វើភ្លៀងមើលទៅដូចជាអ្នកដទៃក្នុងទីផ្សារនោះ ការពិតវាជាបងប្អូនគ្នាទេ ក្នុងនោះមានយីហោឈានមុខចំនួន ៣ គូដែលរស់ក្រោមដំបូងតែមួយ ។

១- Lexus និង​ Toyota

ការពិត Lexus មានប្រភពមកពីគម្រោងអភិវឌ្ឍន៍ឡានប្រណិតប្រភេទ sedan របស់ Toyota ដែលមានឈ្មោះថាគម្រោង F1 នៅឆ្នាំ ១៩៨៣ និងបានចេញម៉ូឌែលដំបូង Lexus LS នៅឆ្នាំ ១៩៨៩ ទើបក្រោយមកគេបានអភិវឌ្ឍន៍វាទៅជាប្រភេទ SUV ដូចដែលអ្នកឃើញសព្វថ្ងៃ ហើយអ្វីដែលចម្លែកនោះគឺ Toyota មិនបាននាំយីហោនេះទៅទីផ្សារក្នុងស្រុករហូតដល់ឆ្នាំ ២០០៥ ដោយសាររោងចក្រដំឡើង Lexus ដំបូងត្រូវបានធ្វើឡើងនៅក្រៅប្រទេសជប៉ុន ។

គោលដៅធំដែល Toyota ចេញឡាន Lexus នេះមកគឺដើម្បីវាយលុកទីផ្សារឡានប្រណិតនៅសហរដ្ឋអាមេរិក ដោយសារគ្មានអ្នកណាម្នាក់ចង់ទិញឡានថ្លៃរាប់ម៉ឺនដុល្លារពីយីហោ Toyota ដែលធ្លាប់តែលក់ឡានតម្លៃធូរថ្លៃទេ ។

ដូចច្នោះដើម្បីប្រកួតជាមួយយីហោឡានល្បីៗមកពី អាឡឺម៉ង អឺរ៉ុប និងអាមេរិកបាន Toyota ត្រូវបំបែកយីហោថ្មីមួយទៀត ដើម្បីកសាងកេរ្តិ៍ឈ្មោះជាឡានដែលថ្លៃ ខុសពី Toyota ដែលគេស្គាល់ជាឡានលំដាប់ថវិកា ។

២- Acura និង Honda

មិនខុសពី Toyota ទេ ក្រុមហ៊ុន Honda បង្កើតយីហោ Acura ឡើងដើម្បីវាយលុកទីផ្សារឡានប្រណិតនៅអាមេរិក ។ យីហោមួយនេះត្រូវបានសម្ភោធជាផ្លូវការនៅអាមេរិក និងកាណាដានៅឆ្នាំ ១៩៨៦ ត្រូវបានគេស្គាល់ថាជាឡានប្រណិតដែលមានកម្លាំងខ្លាំង និងបានចូលទីផ្សារផ្សេងទៀតដូចជា ហុងកុង នៅឆ្នាំ ១៩៩១ មិចស៊ិចកូ ២០០៤ ចិន ២០០៦ គុយវេត ២០១៥ និងគ្រោងនាំចូលទីផ្សារក្នុងស្រុកនៅឆ្នាំ ២០០៨ ប៉ុន្តែដោយពេលនោះចំពេលវិបត្តិសេដ្ឋកិច្ច Acrua ក៏លុបចោលគម្រោងចូលស្រុកវិញ ។

Acura ជាឡានជប៉ុនដំបូងហើយ ដែលបានបង្កើតយីហោឡានប្រណិតនៅអាមេរិក និងលក់ដាច់បំផុតក្នុងខ្ទង់ឆ្នាំ ១៩៨០ និងបានជម្រុញឲ្យ Toyota និង Nissan រត់មកបង្កើតយីហោឡានប្រណិតតាមក្រោយតកន្ទុយគ្នា ។

៣-​ Infiniti និង​ Nissan

ដូចបានរៀបរាប់ខាងលើអញ្ចឹងដែរ យីហោឡានទាំង ៣ គូនេះដើរផ្លូវតែមួយ គឺរត់ទៅបង្កើតយីហោថ្មីនៅអាមេរិកដើម្បីដណ្តើមចំណែកទីផ្សារថ្មី ។

Nissan បានបង្កើតយី Infiniti និងបានលក់នៅអាមេរិកខាងជើងនៅឆ្នាំ ១៩៨៩ ព្រមទាំងបាននាំចេញទៅលក់នៅទីផ្សារខាងក្រៅជាង ៥០ ប្រទេស ។ កាលពីឆ្នាំ ២០១៨ នេះនាយកប្រតិបត្តិលោក​ Hiroto Saikawa បានប្រកាសថា Infiniti នឹងវិវត្តន៍ទៅជាឡានអគ្គីសនីរួមមានម៉ូឌែលកូនកាត់ និងឡានអគ្គីសនីប្រើអាគុយសុទ្ធនៅឆ្នាំ ២០២១ ។

ប្លែកពីគេបន្តិច Infinity បានបង្កើតនៅអាមេរិកមុនមែន ប៉ុន្តែនៅឆ្នាំ ២០១២ យីហោឡានប្រណិតមួយនេះបានប្តូរទីស្នាក់ការកណ្តាលពីជប៉ុន ទៅហុងកុងវិញ ដើម្បីផ្តោតលើទីផ្សារឡានប្រណិតនៅចិនដីគោក ដូចច្នោះហើយ Infinity បានក្លាយជាឡានប្រណិតធំជាងគេ និងល្បីឈ្មោះនៅចិន ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here