កំពូលសំណង់ទាំង៥ដែលធ្វើឲ្យអចលនទ្រព្យកម្ពុជារីកចម្រើន

0
1850

កម្ពុជាកំពុងតែមានភាពរីកចម្រើនខ្លាំង ហើយធ្វើឲ្យកម្ពុជាផ្លាស់​ប្តូរមុខមាត់ថ្មីស្ទើរ​តែគ្រប់វិស័យ​ជាពិ​សេស​វិស័យអចលនទ្រព្យដែលមានអគារខ្ពស់ៗជាច្រើន ចាប់ដៃគ្នាជាមួយ​និងវិនិយោគិន​បរទេសជាពិសេស​វិនិយោគិនជនជាតិចិន។

គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​តាម​ក្រសួង និង​រាជរដ្ឋាភិបាល​កម្ពុជា អនុម័ត​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើ​យ៉ាង​ណា​សម្រួល​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ លើក​ស្ទូយ​មុខមាត់​ប្រទេស​ និង​ជំរុញ​ឲ្យ​សេដ្ឋកិច្ចជាតិ​កាន់​តែមានភាពរីកចម្រើន។

ឥឡូវមកស្គាល់កំពូលសំណង់ទាំង៥ដែលធ្វើឲ្យកម្ពុជាមានការរីកចម្រើនខ្លាំងមិនចាញ់ប្រទេសជឿនលឿន៖

១. ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​បាវិត

ការ​សិក្សា​ផ្លូវ​ល្បឿនលឿន​ពី​រាជធានី​ភ្នំពេញ-បាវិត (ព្រំដែន​កម្ពុជា-វៀតណាម) គឺបាន​សិក្សា​រួចរាល់​ចប់​សព្វ​គ្រប់​អស់ហើយ ដែលត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ ៣៨០០លាន​ដុល្លារ។ រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ធ្វើការ​សិក្សា​ផ្លូវ​ល្បឿនលឿន​ពី​ភ្នំពេញ​ទៅ​បាវិត ដែលមាន​ចម្ងាយ​ផ្លូវប្រវែង ១៦០​គីឡូម៉ែត្រ ដើម្បី​ធ្វើការ​សាងសង់​ផ្លូវនេះ។

២.ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ

ផ្លូវ​ល្បឿនលឿន​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ បាន​បញ្ចប់​ការ​សិក្សា​នៅចុង​ឆ្នាំ​២០១៨ ហើយនឹង​​ចាប់់ផ្តើម​សាងសង់​នៅដើម​ឆ្នាំ​២០១៩ ហើយ​គ្រោងនឹង​បញ្ចប់​​ជា​ស្ថាពរ​នៅឆ្នាំ​២០២៣ ពោលគឺ​ប្រើ​រយៈពេល​៤​ឆ្នាំ។

ផ្លូវ​ល្បឿនលឿន​នេះ មាន​ប្រវែង​ជាង ១៩០​គីឡូម៉ែត្រ នឹង​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន China Road and Bridge Corporation ដែល​ចំណាយ​ថវិកា​ជិត ១,៨ពាន់​លាន​ដុល្លារ។

៣.ផ្លូវ​រថភ្លើង​លើ​អាកាស​ពី​ភ្នំពេញ​ទៅ​ព្រែក​ព្នៅ (ពហុកីឡដ្ឋានមរតកតេជោ)

តាមរយៈឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឲ្យដឹងថាក្រសួង​បាន​ស្នើ​ឱ្យ​អង្គការ​ JICA សិក្សា​ពីការ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ (AGT)ពី​រាជធានី​ភ្នំពេញ ទៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ​ដែល​ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​​ក្រុមហ៊ុន​​លីយ៉ុងផាត់ ខណៈដែល​កម្ពុជា នឹង​ធ្វើ​ជាម្ចាស់ផ្ទះ​កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣ជាមួយ ​កម្ចីរបស់​ជប៉ុនជាង ៨០០លានដុល្លារ។

គម្រោង​រថភ្លើង​អាកាស​ AGTក្នុង​រាជធានីភ្នំពេញ​ ដែល​អាជ្ញាធរ និង​អ្នក​ជំនាញ JICA បង្ហាញ​នាពេល​កន្លងមក ឱ្យដឹង​ថា គម្រោង​នេះ មាន​ប្រវែង ១៨​គីឡូម៉ែត្រ រត់តាម​បណ្តោយ​ផ្លូវ​មួយ​ចំនួន​ដូចជា៖ មហា​វិថី​ហ្សាល​ដឺហ្គោល មហា​វិថី​ព្រះ​មុនីរ៉េត ផ្លូវ​លេខ ២១៧ ផ្លូវ​វេងស្រេង ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ និង​១ខ្សែ​ទៀត​បែកខ្នែង​ទៅ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​កប់​ស្រូវ។

៤.ផ្លូវ​ក្រវាត់​ក្រុង​ទី៣

ផ្លូវក្រវាត់​ក្រុង​ទី៣ ប្រវែង​ជិត​៥៣គីឡូម៉ែត្រ ដែលឆ្លងកាត់​​ផ្លូវ​ជាតិ​លេខ៤ មក​ផ្លូវជាតិ​លេខ​៣ ផ្លូវ​ជាតិ​លេខ​២ និង​បញ្ចប់​នៅ​ផ្លូវ​ជាតិ​លេខ១​ ក្នុងភូមិសាស្រ្ត​រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបាន​បើកការដ្ឋាន​សាងសង់ហើយ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ​២០១៩ ដែលត្រូវ​ចំណាយទឹកប្រាក់​ប្រមាណ ២៧៣លានដុល្លារ ដែលជាហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាលចិន និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

៥.ស្ពាន​អាកាស​៤​បន្ថែម​ទៀត​នៅ​តាម​ផ្លូវ​ជាតិ​ទាំង​៤

​កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែលមានការប្រារព្ធពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ​  សម្ដេច​អគ្គមហាសេនា បតី តេជោ ហ៊ុន សែន បាន​ប្រកាស​ថា នឹង​សាងសង់​ស្ពាន​អាកាស​៤​ខ្សែ​បន្ថែម​ទៀត​នៅ​ប្រទេស​កម្ពុជា ដោយ​ស្ពាន​អាកាស​ទាំង​៤​ខ្សែ​នោះ គ្រោង​សាងសង់​នៅ​តាម​ផ្លូវ​ជាតិ​លេខ២,៣,៤ និង​២១ ដើម្បី​សម្រួល​ចរាចរណ៍​ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

អត្ថបទ៖ទួន កែវពិសី

LEAVE A REPLY

Please enter your comment!
Please enter your name here