ទូតអ៊ីស្រាអែល៖ មុនវិនិយោគប្រទេសណាមួយវិនិយោគិនអ៊ីស្រាអែលមើលកត្តាជម្រុញ៣សំខាន់បំផុត

0
1886

អ៊ីស្រាអែលគឺជាប្រទេសដ៏តូចមួយមានប្រជាជនប្រមាណ៨លាននាក់ រស់នៅលើវាលខ្សាច់ ដែលហ៊ុំព័ទ្ធទៅដោយទឹកសមុទ្រប្រៃ គ្មានធនធានធម្មជាតិអ្វីផ្សេងក្រៅតែពីពន្លឺព្រោះអាទិត្យនោះទេ តែប្រទេសបានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សទៅជាប្រទេសដែលជឿនលឿនបំផុតលើបច្ចេកវិទ្យាកសិកម្ម នាំចេញបន្លែផ្លែឈើ ផ្កា ទឹកដោះគោ និងត្រីសាច់ជាដើមទៅកាន់ទីផ្សារអន្តរជាតិដ៏ច្រើនលើសលប់ជារៀងរាល់ឆ្នាំ ទាញចំណូលរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។​

អ៊ីស្រាអែលគឺជាបណ្តុំអ្នករកស៊ី និងវិនិយោគិនឆ្នើម ដែលមាននៅស្ទើរគ្រប់ទីកន្លែង ទៅតាមបណ្តាប្រទេសផ្សេងៗ ហើយត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានប្រជាជនឆ្លាតបំផុតក្នុងលោក ក្រោយដែលប្រទេសនេះអាចប្រមូលផ្តុំគ្នាកសាងទឹកដីដែលបាត់បង់ទៅជាង២ពាន់ឆ្នាំ វិលមករស់នៅជាមួយគ្នាវិញបាន។​

លោក ម៊ែរអៀ ស្លូម៉ូ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ វិនិយោគិនអ៊ីស្រាអែល តែងតែមើលលើកត្តាជម្រុញសំខាន់ចំនួន៣ មុននឹងសម្រុកទៅវិនិយោគក្នុងប្រទេសណាមួយនោះ។

កត្តាទី១៖ ការគិតស្រដៀងគ្នា

ជនជាតិអ៊ីស្រាអែលឲ្យតម្លៃយ៉ាងខ្ពស់លើប្រទេសណាមានប្រជាជនមានការគិតដែលមានភាពស្រដៀងគ្នាទៅនឹងជនជាតិអ៊ីស្រាអែល ចេះយកយល់គ្នា គោរពនិងឲ្យតម្លៃគ្នាទៅវិញទៅមក រកស៊ីវិនិយោគជាមួយគ្នាដោយឲ្យតម្លៃយ៉ាងខ្ពស់លើភាពស្មោះត្រង់រវាងគ្នានិងគ្នា និងរកស៊ីវិនិយោគដើម្បីសង្គមជាតិ និងមនុស្សជាតិ។​

កត្តាទី២៖ ឱកាសនាំចេញ

កត្តានេះសំខាន់ ហើយក៏ជាមូលហេតុដែលវិនិយោគិនអ៊ីស្រាអែលមើលផ្តោតខ្លាំងបំផុតដែរ មុនទៅដាក់ទុនរកស៊ី ឫក៏វិនិយោគវិស័យណាមួយនោះ។​

លោក ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បានបញ្ជាក់៖ សហគ្រិន និងវិនិយោគិនមានចំនួនច្រើនបំផុតនៅក្នុងប្រទេសអាមេរិក ខណៈដែលប្រទេសនេះចេះឲ្យតម្លៃលើភាពស្មោះត្រង់ ប្រទេសនេះក៏ជាបណ្តុំនៃឱកាសសហការរកស៊ី នាំចេញទៅទីផ្សារពិភពលោកធំធេងណាស់ដែរ។​

កត្តាទី៣៖ សេដ្ឋកិច្ច

វិនិយោគិនអ៊ីស្រាអែលបន្ទាប់ពីសម្រុកទៅវិនិយោគក្នុងប្រទេសថៃ ឥណ្ឌា និងសិង្ហបុរីរួចមក ប្រទេសកម្ពុជាបានក្លាយជាគោលដៅថ្មីមួយទៀត ស្របពេលដែលកំណើនសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ និងរក្សាបានស្ថេរភាព៧ភាគរយជារៀងរាល់ឆ្នាំ។

លោក ម៊ែរអៀ ស្លូម៉ូ បានគូសបញ្ជាក់ថា៖ កត្តាធំៗទាំង៣នេះ ជាកត្តាជម្រុញស្នូល និងសំខាន់ជាងកត្តាអ្វីផ្សេងទៀតទាំងអស់ ហើយមុននឹងវិនិយោគិនអ៊ីស្រាអែលសម្រេចចិត្តរកស៊ី ឫក៏វិនិយោគ ពួកគេតែងតែធ្វើការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់រួចទៅហើយ មិនថាកត្តានយោបាយ កត្តាផ្លូវច្បាប់ ទម្លាប់រកស៊ីរបស់ប្រជាជន ឫវិស័យរកស៊ីវិនិយោគដែលកំពុងតែលេចធ្លោរនោះទេ។

លោកឯកអគ្គរដ្ឋទូតធ្លាប់បញ្ជាក់ថា៖ ជនជាតិអ៊ីស្រាអែលឆ្លាតវ័យក្នុងរឿងលុយកាក់ រកស៊ី និងវិនិយោគដោយសារតែពាក្យមួយម៉ាត់ប៉ុណ្ណោះ គឺ “សួរ” (Ask)។ ទម្លាប់ក្នុងការសួរនេះហើយ ធ្វើឲ្យជនជាតិអ៊ីស្រាអែលមានទម្លាប់ប្រើការគិត វិភាគ និងតែងតែរកដំណោះស្រាយជានិច្ច។ បើអ្នកមិនព្រមចាប់ផ្តើមមានទម្លាប់សួរ តើអ្នកអាចមានឱកាសរកបានចម្លើយដោយរបៀបណា ខណៈដែលគ្រប់បញ្ហាតែងតែមានដំណោះស្រាយ។​

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

LEAVE A REPLY

Please enter your comment!
Please enter your name here