មានគំនិតល្អ ចង់ទៅយកលុយគេមករកស៊ី តើស្ថាបនិកអាជីវកម្មបង្កើតថ្មីត្រូវដឹងអ្វីខ្លះ?

0
165

ក្រៅតែពីគំនិត ទុនជាអាយុជីវិត​នៃអាជីវកម្ម​មួយ ប្រសិន​បើ​មិនមានទុនគ្រប់គ្រាន់នោះទេ អាជីវកម្មបង្កើត​ថ្មីអាចនឹង​ជួបបញ្ហារ​ច្រើន។ ស្ទើរគ្រប់ស្ថាបនិកនៃអាជីវកម្ម​បង្កើត​ថ្មី យល់ថា​ការ​ប្រមូល​ទុន​ជា​ផ្នែកមួយក្នុងការ​កសាងក្តីស្រម៉ៃ​នៃអាជីវកម្មឱ្យក្លាយទៅជាការ​ពិត ហើយចង់ឬមិនចង់​ការ​ទៅយកលុយពីគេមករកស៊ីមិនមែនជារឿង​ងាយស្រួលនោះទេ បើសិនជាមិនមានគម្រោង ផ្លូវ​ដើរ​ច្បាស់លាស់នោះទេ។

ហេតុនេះមុននឹង​សម្រេចចិត្ត​ឈានជើង​ទៅសួរ​យកលុយគេមករកស៊ី គួរពិចារណា​ធ្វើរឿង​៣នេះសិន។

១. រៀបចំខ្លួន

ការរៀបចំខ្លូនគឺសំខាន់ក្នុងការ​ទៅយកលុយពីគេមករកស៊ី ដោយការរៀបចំខ្លួននោះសម្ដៅទៅលើការ​ស្រាវជ្រាវពីដៃគូរប្រកួតប្រជែង ទីផ្សារ ផលិត​ផល រៀបចំគម្រោង​ហិរញ្ញវត្ថុ និង​កំណត់ថា​ចង់បានលុយប៉ុន្មានយកមករកស៊ី ជាមួយគ្នានេះផងដែរគឺការសម្រេច​ចិត្ត​យកលុយលក្ខណៈជាបំណុល ឬប្ដូរជាភាគហ៊ុននៅក្នុងក្រុមហ៊ុន ព្រោះថា​អ្នកវិនិយោគគេត្រៀមតែនឹងសួរ​តែប៉ុណ្ណោះ។

២. ស្វែងយល់ពីអ្នកវិនិយោគ

មិនមែនឱ្យតែគេបោះលុយមកយើងសុទ្ធតែយកបាននោះទេ អ្នកវិនិយោគខ្លះចាំតែ​យកឱកាសចំណេញតែប៉ុណ្ណោះ ហើយមិនស្វែង​យល់ឱ្យច្បាស់នោះទេក្រុមហ៊ុនដែលអ្នកបង្កើតអាចនឹង​ក្លាយទៅជាកម្មសិទ្ធិរបស់គេក៏ថាបាន។ តែបើជួបអ្នកវិនិយោគល្អ គេមិនត្រឹមតែផ្ដល់ជាទុនតែប៉ុណ្ណោះនោះទេ ប៉ុន្តែ​ថែមទាំ​ងមានជាការប្រឹក្សារយោបល់ បណ្ដាញទំនាក់ទំនង និង​អ្នកជំនាញផ្សេងៗទៀតផង។

៣. ចេះធ្វើបទបង្ហាញ

ចាំបាច់ណាស់​ថា អ្នកត្រូវ​តែ​ធ្វើបទបង្ហាញដល់អ្នកវិនិយោគដើម្បីឱ្យពួកគេយល់ច្បាស់អំពីអាជីវកម្មបង្កើតថ្មីរបស់អ្នក ហេតុ​នេះហើយ​ត្រូវ​ចេះធ្វើបទបង្ហាញ ដោយក្នុង​នោះផងដែរមានតាំងតែពីរបៀបក្នុងការធ្វើ Slide ឱ្យទាក់ទាញ។ អ្វីដែលសំខាន់ជាង​នេះទៅទៀតនោះ គឺការចេះនិយាយ​ទាក់ចិត្តអ្នកវិនិយោគធ្វើយ៉ាង​ណាឱ្យខ្លី រហ័សលឿន តែខ្លឹម រហូតធ្វើដល់គេចំហរ​មាត់ចាំស្ដាប់។

យ៉ាង​ណាក៏ដោយអ្វីដែលសំខាន់បំផុតពីដំបូងឡើយនោះគឺគំនិត​ក្នុងការ​បង្កើត​អាជីវកម្មរបស់អ្នកថាវាអស្ចារ្យប៉ុនណា​ ខ្លាំង​ប៉ុណ្ណា អាចដោះស្រាយបញ្ហារ​មនុស្សបានដែរ ឬអត់ ហើយមួយវិញទៀត​នោះ អ្នកវិនិយោគចូលចិត្ត​សម្លឹង​មើលទៅលើអត្តចរិត​របស់ស្ថាបនិកផ្ទាល់តែម្ដង ថាតើ​គេនោះជាមនុស្សបែបណា អាចស៊ូរជាមួយនឹងគំនិត​របស់គេនោះបានយូរប៉ុណ្ណា?

អត្ថបទដោយ៖ ខុន សក្ក័ដា

LEAVE A REPLY

Please enter your comment!
Please enter your name here