Google បង្ហាញទិន្នន័យថ្មីបញ្ជាក់ថា មុខរបរភ្នាក់ងារទេសចរណ៍បាត់ទីផ្សារបណ្តើរៗហើយ

0
830

ខណៈគេនិយាយថាពិភពលោកស្ថិតនៅក្នុងដៃមនុស្ស អ្នកធ្វើដំណើរជុំវិញពិភពលោកចាប់ផ្តើមប្តូរទៅរកការប្រើប្រាស់សេវាកម្មអនឡាញ ជំនួសឲ្យការប្រើសេវាកម្មដែលរៀបចំស្រាប់ៗពីក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ។

របាយការណ៍ពី Google និង Temasek project បង្ហាញថា ការកក់សំបុត្រយន្តហោះ និងសណ្ឋាគារអនឡាញបានកើនឡើងរហូតដល់ ៣៨% ដែលប៉ាន់ស្មានជាទឹកប្រាក់សរុបប្រមាណ ៧៨ លានដុល្លារនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍យើងកាលពីឆ្នាំមុននេះ ។ ក្នុងនោះអ្នកធ្វើដំណើរតាមរយៈសេវាកម្មអនឡាញនឹងកើនឡើង ១៥% បន្ថែមទៀតនៅឆ្នាំ ២០២៥ ។

បើតាមរបាយការណ៍ចេញពីក្រុមហ៊ុនលក់គូប៉ុងទិញទំនិញអនឡាញ ShopBack បញ្ជាក់ថា អ្នកធ្វើដំណើរអនឡាញបានធ្វើការកុម្ម៉ង់ទិញទំនិញអនឡាញតាមប្រទេសផ្សេងៗក្នុងអាស៊ីប៉ាស៊ីហ្វិកកើនឡើងខ្ពស់ដល់ ២៦០% កាលពីឆ្នាំ ២០១៨ ។

ប្រតិបត្តិការអនឡាញភាគច្រើនត្រូវបានគេធ្វើឡើងនៅតាមកុំព្យូទ័រប្រមាណ ៦០% និងធ្វើឡើងលើស្មាតហ្វូន ។ ប៉ុន្តែបើគិតមកសល់សព្វថ្ងៃនេះវិញការកក់សំបុត្រផ្សេងៗត្រូវបានធ្វើឡើងលើ App ក្នុងស្មាតហ្វូន ។

ហេតុផលដែលបញ្ជាក់ថា ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍កំពុងបាត់ចំណែកទីផ្សារនោះ ដោយសារអ្នកធ្វើដំណើរដែលច្រើនជាងគេជាប្រភេទ អ្នកធ្វើដំណើរតែម្នាក់ឯង (Solo Trip) និង អ្នកដើរផ្សងព្រេង(Backpacker) ។

អ្នកដំណើរប្រភេទនេះប្រើប្រាស់សេវាកម្មអនឡាញ ដើម្បីសន្សំថ្លៃចំណាយឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ ពួកគេកក់សំបុត្រយន្តហោះខ្លួនឯង ពួកគេកក់កន្លែងដេករួមគ្នានៅលើវេបសាយល្បីៗដូចជា Booking.com ឬ Agoda ពួកគេធ្វើការកុម្ម៉ងម្ហូបតាម App ល្បីៗនៅអាស៊ានដូចជា Foodpanda ដើម្បីបានតម្លៃថោក និង ដឹងតម្លៃមុន ។

ក្រុមហ៊ុនទេសចរណ៍នឹងខាតទីផ្សារច្រើនដោយសារអ្នកដំណើរប្រភេទនេះ ភាគច្រើនពួកគេមិនចំណាយពេលច្រើនក្នុងការចូលលេងកន្លែងទេសចរណ៍ទេ ពួកគេនឹងប្តូរទៅកន្លែងថ្មីៗ ដើម្បីស្គាល់កន្លែងឲ្យបានច្រើន ។

សូម្បីតែខ្ញុំអ្នកសរសេរអត្ថបទនេះ ក៏ជាអ្នកធ្វើដំណើរប្រភេទនេះដែរ ខ្ញុំកក់សំបុត្រយន្តហោះខ្លួនឯងអស់តែ ៣០ ដុល្លារ តើខ្ញុំចាំបាច់ពឹងក្រុមហ៊ុនទេសចរណ៍ជួយកក់សំបុត្រឲ្យដែលត្រូវចំណាយដល់ ៥០ ដុល្លារទេ? ខ្ញុំអាចចូល Agoda ដើម្បីកក់កន្លែងដេកដែលខ្ញុំពេញចិត្ត ខ្ញុំអាចចូលឆែកមើលកន្លែងកម្សាន្តដោយខ្លួនឯង និយាយឲ្យដល់ទៅខ្ញុំអាចញ៉ាំអាហារធូរថ្លៃនៅម៉ាត់ 7 Eleven បាន ដូចច្នោះមិនបាច់ពឹងក្រុមហ៊ុនទេសចរណ៍ឲ្យគេដឹកយើងដូចគោទេ លើកលែងតែការរៀបចំគម្រោងដើរលេងរបស់ក្រុមហ៊ុនធំៗប៉ុណ្ណោះ ដែលគេពឹងភ្នាក់ងារទេសចរណ៍ ។

សរុបមក វាមិនមែនជារឿងចម្លែកទេ ដែលមនុស្សចាប់ផ្តើមចេះប្រើបច្ចេកវិទ្យា វាជារឿងដែលខាតបង់សម្រាប់ភ្នាក់ងារទេសចរណ៍ដែលមិនផ្លាស់ប្តូរ តែវាជាឱកាសសម្រាប់សហគ្រិនបច្ចេកវិទ្យាដែលចេះទាញឱកាស ដោះស្រាយបញ្ហា ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here