ម្សិលមិញគាំង ថ្ងៃនេះឮដំណឹងថាមនុស្សសំខាន់របស់ Facebook ម្នាក់លាលែងចេញពីដំណែង

0
112

Facebook ក្នុង​រយៈកាលចុងក្រោយនេះ ចាប់តាំង​ពីដើមឆ្នាំ២០១៨​មក ជួបបញ្ហារ​មិនចេះឈប់ឈរ រហូតដល់ក្នុងសប្ដាហ៍នៅថ្ងៃ​ពុធ និង​ព្រហស្បតិ៍ មានការ​គាំង​បើកមិនចេញផុសមិនកើត សូម្បីតែ​ Instagram និង Whatsapp ក៏មានការ​រាយការណ៍ទូរទាំង​ពិភពលោក​ថាមានបញ្ហារ​ផងដែរ។

អ្វីដែលគួរ​ឱ្យភ្ញាក់ផ្អើល​កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញនេះ មានដំណឹង​ច្បាស់ការណ៍ថាមនុស្ស​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ Facebook ម្នាក់ឈ្មោះថា Chris Cox ដើរចេញពីក្រុមហ៊ុន Facebook បើតាម​អត្ថបទ​មួយដែលសរសេរឡើងដោយ ស្ថាបនិក Facebook លោក Mark Zuckerberg ផ្ទាល់ចុះផ្សាយនៅក្នុង​វេបសាយ​ពត៌មានផ្លូវ​ការ​របស់ Facebook។

លោក Cox ជាបុគ្គលិក​ដំបូង​ម្នាក់ ក្នុង​ចំណោម​បុគ្គលិកដំបូងទាំង​១៥រូប ពេល Mark ទើបចាប់ផ្ដើម Facebook ស្ថិត​ក្នុង​ដំណាក់កាលដំបូង។ លោក បានធ្វើការ​លើ​មុខងារសំខាន់​ៗរបស់ Facebook ជាច្រើនដូចជាមុខងារ News Feed ចូលរួមចំណែក​ក្នុង​ការ​បង្កើត App របស់​ Facebook នៅលើទូរស័ព្ទ ហើយគាត់ក៏ជាអ្នកត្រួពិនិត្យ​ទៅលើយុទ្ធសាស្ត្រ​មួយចំនួនរបស់ក្រុមហ៊ុនផងដែរ។

ជាមួយគ្នានេះដែរ មនុស្ស​ជំនិត​របស់ Mark រូបនេះក៏បានសរសេរបង្ហោះនៅលើគណនី Facebook ផ្ទាល់ខ្លួនថា៖ “ដូចដែល Mark បាន​គូស​បញ្ជាក់រួចមកហើយ ពួកយើង​បើកទំព័រ​ថ្មីក្នុង​ទិសដៅផលិតផលរបស់យើង ដែលផ្ដោតទៅលើ ប្រព័ន្ធ​ផ្ញើរសារ​ដែលមានសុវត្ថិភាព និងមិនអាច​ជ្រៀត​ចូលបាន …​ វានឹងក្លាយជា​គម្រោង​ធំមួយ ហើយយើងនឹង​ត្រូវការ​អ្នកដឹកនាំថ្មី ដែលរំភើប​ក្នុងការ​ដឹកនាំតាមទិសដៅថ្មីនេះ”។

ជាមួយគ្នានេះដែរ អនុប្រធាន​ក្រុមហ៊ុន WhatsApp ដែលត្រូវ​បានទិញយកដោយ Facebook នោះ​ លោក Chris Daniels ក៏បាន​ចាកចេញ​ពីក្រុមហ៊ុន Facebook នាពេលថ្មីៗនេះដែរ។

គូសរម្លឹក​ថា Mark Zuckerberg ទើបតែនឹង​ប្រកាស​ពីទស្សនៈវិស័យថ្មីរបស់ខ្លួនចំពោះ Facebook ដោយធ្វើការ​ផ្ដោត​ទៅលើភាពឯកជនអ្នកប្រើប្រាស់ជាសំខាន់​ ស្របពេលដែលមានមតិរិះគន់យ៉ាង​ច្រើនទាក់ទងនឹង​រឿង​អាស្រូវ​របស់ Facebook៕

អត្ថបទដោយ៖ ខុន សក្ក័ដា

LEAVE A REPLY

Please enter your comment!
Please enter your name here