ក្រុមហ៊ុនយក្ស៣ កំពុងចរចាគ្នា វិនិយោគ ១ពាន់លាន$ ទៅក្នុងរថយន្តបើកបរដោយខ្លួនឯង

0
353

បន្ទាប់ពីការបរាជ័យខាតលុយអស់ប្រមាណជាង ៣,៣ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨ ដោយសារតែរថយន្តបើកបរដោយខ្លួនឯងមួយគ្រឿង បានបើកទៅបុកអ្នកដើរថ្មើរជើងម្នាក់ឱ្យស្លាប់នៅក្នុងរដ្ឋ Arizona ពេលនេះ ក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យា Uber បានបើកទំព័រសករាជថ្មីស្វែងរកទុនបន្ថែមដើម្បីលុបបំបាត់ការបើកបររថយន្តដោយមនុស្ស។

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកនេះ បានឱ្យដឹងថា ក្រុមវិនិយោគិនមួយក្រុមដែលដឹកនាំដោយក្រុមហ៊ុន SoftBank Group Corp និង Toyota Motor Corp កំពុងចរចាដើម្បីវិនិយោគ ១ ពាន់លានដុល្លារឬច្រើនជាងនេះ ទៅក្នុងរថយន្តបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន Uber Technologies Inc ។

បច្ចុប្បន្ននេះ ការចរចាមិនទាន់មានដំណឹងច្បាស់លាស់នៅឡើយទេ ពោលគឺក្រុមហ៊ុន Uber និង SoftBank បានបដិសេធមិនធ្វើការអត្ថាធិប្បាយ។ រីឯ អ្នកនាំពាក្យក្រុមហ៊ុន តូយ៉ូតា បាននិយាយថាក្រុមហ៊ុនផលិតរថយន្តនេះ “ពិនិត្យនិងពិចារណាជានិច្ចនូវជម្រើសផ្សេងៗសម្រាប់ការវិនិយោគ” ប៉ុន្តែមិនទាន់មានអ្វីដែលត្រូវប្រកាសនោះទេ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Softbank គឺជាអ្នកវិនិយោគទុនដ៏ធំបំផុតនៅក្នុងក្រុមហ៊ុន Uber បន្ទាប់ពីមានការវិនិយោគចំនួន 1,25 ពាន់លានដុល្លារអាមេរិក នៅក្នុងខែមករា ឆ្នាំ 2018 ដោយទទួលបានចំណែកភាគហ៊ុនក្នុងក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាមួយនេះ រហូតដល់ 15 ភាគរយ ។

ដោយឡែក ក្រុមហ៊ុន តូយ៉ូតា ដែលជាក្រុមហ៊ុនផលិតរថយន្ដដ៏ធំបំផុតរបស់ជប៉ុន បានបញ្ចូលទឹកប្រាក់ចំនួន 500 លានដុល្លារអាមេរិក ទៅក្នុងក្រុមហ៊ុន Uber កាលពីឆ្នាំ២០១៨ ដើម្បីធ្វើការងារលើរថយន្តបើកបរដោយខ្លួនឯង ដែលក្រុមហ៊ុនទាំងពីរនេះ ត្រូវបានគេមើលឃើញថាជាគូប្រជែងដែលយឺតយ៉ាវដូចជាក្រុមហ៊ុន Waymo របស់ក្រុមហ៊ុន Alphabet Inc ៕

អត្ថបទដោយ៖ សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here