មេរៀនរកស៊ីបរាជ័យធ្ងន់ធ្ងរពីមហាសេដ្ឋីពិភពលោក៣រូប ដែលសហគ្រិនខ្មែរត្រូវដឹង

0
1701

ភាពជោគជ័យធំនៃអាជីវកម្មរបស់មហាសេដ្ឋីពិភពលោក ហាក់មិនងាយស្រួលពេកទេ ព្រោះពួកគេបានខិតខំប្រឹងប្រែងជម្រះនូវឧបសគ្គធំៗជាច្រើន ឆ្លងកាត់ព្យុះភ្លៀង ទម្រាំរកផ្លូវត្រូវឃើញ។ ជាការពិតណាស់បើជួបឧបសគ្គកាន់តែធំ អាចដោះស្រាយបាន នោះយើងនិងទទួលបានជោគជ័យធំមិនខាន។ ភាពបរាជ័យ ឬរកស៊ីខាតក្នុងអាជីវកម្ម តែងកើតមានជារឿយ ចំណុចសំខាន់តើសហគ្រិនខ្លួនឯង អាចរៀនសូត្រពីមេរៀនបរាជ័យទាំងនោះ បានប៉ុណ្ណា សម្រាប់ជាទុនក្នុងការចេញរកស៊ីនៅពេលបន្ទាប់។

ថ្ងៃនេះBusiness Cambodia បានលើកយកសាច់រឿងរបស់មហាសេដ្ឋី៣រូប របស់ពិភពលោកសុទ្ធតែងឆ្លងកាត់ភាពបរាជ័យធ្ងន់ធ្ងរក្នុងមុខជំនួញ មុននិងខ្លួនទទួលបានជោគជ័យក្លាយជាសេដ្ឋី មកធ្វើការបង្ហាញ។

ប្រវត្ថចេញរកស៊ី របស់ស្ថាបនិកក្រុមហ៊ុនយក្ស Samsung លោក Lee លោកបានចាប់ផ្តើមអាជីវកម្មដំបូងរបស់លោក គឺបើកក្រុមហ៊ុន Rice Mill ក៏ប៉ុន្តែត្រូវទទួលបរាជ័យយ៉ាងយ៉ាងធ្ងន់ធ្ងរ ក៏ព្រោះតែជាលើកដំបូង គ្មានបទពិសោធន៍ និងគ្មានយុទ្ធសាស្ត្រច្បាស់លាស់ ធ្វើឲ្យខាតបង់ដើមទុនជាច្រើន។ សម្រាប់អាជីវកម្មដំបូងនេះខាតច្រើនក៏ពិតមែន តែវាបានបង្រៀនលោកច្រើន ទាក់ទងនឹងដំណើរការគ្រប់គ្រងក្រុមហ៊ុន រៀបចំយុទ្ធសាស្ត្រ ការសិក្សាឱកាសឲ្យកាន់តែស៊ីជម្រៅជាងមុន។ លោកថាប្រឡូកលើកដំបូងមិនគួរបាក់ទឹកចិត្តលែងចង់ងើកនោះទេ ព្រោះអ្នកបានទទួលមេរៀនយ៉ាងល្អ ដែលបានបង្រៀនអ្នក ឲ្យអ្នកឈានជើងដើរទៅមុខបន្តទៀត។

ក្រោយពីបរាជ័យលើកដំបូងមក ក៏មិនអង្គុយអស់សង្ឃឹម​នោះដែរ នៅឆ្នាំ១៩៣៨ លោកក៏បានបង្កើតក្រុមហ៊ុនថ្មីមួយទៀត គឺមានឈ្មោះ Samsung Trading Co ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន។ មិនយូរប៉ុន្មាន នៅឆ្នាំ១៩៤៥ ក្រុមហ៊ុនរបស់លោកក៏ទទួលបានជោគជ័យកាន់តែខ្លាំង និងបានផ្លាស់ប្តូរទីតាំងក្រុមហ៊ុនទៅទីក្រុងសេអ៊ូលតែម្តង។ លោកLee ក៏បានបញ្ជាក់ថា ភាពជោគជ័យនៃក្រុមហ៊ុនថ្មី នេះក៏ព្រោះតែលោកបានទទួលចំណេះដឹង អំពីការបរាជ័យអាជីវកម្មលើកដំបូងរបស់លោកដែរ។

ដោយឡែក លោក Colonel Sander ជាស្ថាបនិកនៃក្រុមហ៊ុន KFC ត្រូវបានគេបដិសេធ១០០៩ដង ចំពោះរូបមន្តថ្មីនៃសាច់មាន់បំពងដែលកើតចេញពីការច្នៃប្រឌិតខ្លួនឯង។ វាពិតជាការតស៊ូមិនចុះចាញ់ មិនរុញរាមែន ដោយសារតែការធ្វើបែបនេះ គេបានបដិសេធគាត់រហូតដល់ ១០០៩ដងឯណោះ។ បើគ្មានចិត្តតស៊ូ ស្គាល់ច្បាស់នូវផលិតផលរបស់ខ្លួននោះទេ ប្រហែលជា លោកបោះបង់ចោលនូវគំនិតថ្មីនេះបាត់ទៅហើយ​ តែលោកនៅតែជឿជាក់នូវទំនិញរបស់ខ្លួន តស៊ូរហូតទាល់តែគេទទួលយកនូវរូបមន្តថ្មីនេះ។

សហគ្រិនចំណាស់រូបនេះ មិនព្រមចុះចាញ់ទេ ហើយជាលទ្ធផលផ្លែផ្កា ក្រោយពីបរាជ័យ មហាបរាជ័យមក នៅក្នុងឆ្នាំ ១៩៥២ លោកបានជួបនឹង លោក Pete Harman ដែលពេលនោះលោក Pete Harman ក៏បានទទួលស្គាល់ពីរូបមន្តមាន់បំពងថ្មីនេះ ហើយវាក៏ជាឱកាស និងជាការបើកទំព័រជោគជ័យដំបូងរបស់សហគ្រិនវ័យចំណាស់នេះតែម្តង។ បច្ចុប្បន្ននេះមិនថាប្រទេសណាទេ គ្រាន់តែឭពាក្យសាច់មាន់បំពង គេតែងនឹងដល់សាច់មាន់ KFC ជានិច្ច។

ចំណែកមហាសេដ្ឋីលេខ១របស់ហ្វីលីពីនវិញ លោក  Henry​ Sy ធ្លាប់បានរកស៊ីលក់ចាប់ហ៊ួចតាំងពីអាយុ១២ឆ្នាំ និងបានរីកចម្រើនគួរសម ព្រោះខំរកស៊ីទំាងយប់ទំាងថ្ងៃ មិនថ្នមកម្លាំងនោះទេ រហូតដល់គ្មានពេលនិយាយលែងជាមួយអ្នកជិតខាងទៀតផង។ តែជាអកុសល អ្វីៗត្រូវបានបំផ្លាញដោយសារសង្គ្រាមលោកលើកទី២ ធ្វើឲ្យប្រទេសហ្វីលីពីនរងគ្រោះធ្ងន់ធ្ងរ ប៉ះពាល់ដល់អាជីវកម្មទំាងឡាយបង្ខំចិត្តបោះបង់ចោល រួមទំាងលោកផងដែរ។

ជនបរទេសភាគច្រើនត្រូវបង្ខំចិត្តត្រឡប់ទៅស្រុកកំណើតវិញ តែលោកវិញសុខចិត្តរស់នៅហ្វីលីពីនរហូតដល់ប្រទេសត្រឡប់មកសភាពដើមិញ និងចាប់ផ្តើមរកស៊ីសារជាថ្មីម្តងទៀត។ លោកធ្លាប់និយាយថា «ខ្ញុំមិនបោះបង់វាដោយងាយៗនោះទេ ខ្ញុំនឹងស្វែងរកដំណោះស្រាយដ៏ល្អមួយ ហើយខំធ្វើវាឲ្យជោគជ័យ»។

សរុបសេចក្តីមក ភាពជោគជ័យនៃអាជីវកម្ម ពិតជាបានបង្កប់នូវភាពអត់ធ្មត់ សេចក្តីព្យាយាម ការខិតខំប្រឹងប្រែងខ្លាំងណាស់។ ដូច្នេះទាមទារឲ្យសហគ្រិនខ្លួនឯង ត្រូវតែមានផែនការអាជីវកម្មច្បាស់លាស់ មានការប្តេជ្ញាចិត្តក្នុងការអនុវត្តផែនការឲ្យខ្ពស់ ទើបអាចជោគជ័យទៅបាន។ រកស៊ីមិនមែនជារឿងលំបាក ហើយក៏មិនមែនជារឿងងាយស្រួលពេកដែរ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

LEAVE A REPLY

Please enter your comment!
Please enter your name here