លែងពិបាកហើយកម្ពុជាគ្រោងនឹងមានប៉ុស្ដិ៍​ទូរទស្សន៍ផ្កាយរណបមើលឥតគិតថ្លៃ

0
529

បើសម្លឹងមើលមកកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ ប្រទេសយើងនៅគិតថ្លៃទៅលើសេវាកម្មប្រចាំខែសម្រាប់បណ្ដាញទូរទស្សន៍ខ្សែកាប និង ផ្កាយរណបនៅឡើយទេ ហើយមានប៉ុស្ដិ៍ទូរទស្សន៍តិចណាស់ដែលបើកឲ្យមើលមិនគិតថ្លៃនោះ ។

កាលពីម្សិលមិញថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩ នេះដែរ ការជួបគ្នារវាងក្រុមហ៊ុន Thaicom ជាមួយឯកឧត្តម ខៀវ កាញារីទ្ធ​ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក្រុមហ៊ុន THAICOM បង្ហាញអំពីគោលបំណងក្នុងការរៀបចំប្រព័ន្ធទូរទស្សន៍ទាំងអស់​នៅ​ក្នុង​ប្រទេសកម្ពុជា ដើម្បីឱ្យស្ថិតក្នុងទម្រតែមួយ ដែលអាចឱ្យទស្សនិកជន អាចទស្សនា​តាម​ប៉ុស្តិ៍ទូរទស្សន៍ ដែលផ្សាយតាមរលកធាតុអាកាស ដោយឥតគិតថ្លៃ ។

ជាងនេះដែរលោក Ekachai Phakdurong ប្រធានប្រចាំតំបន់ របស់ក្រុមហ៊ុន THAICOM បានបញ្ជាក់ថា ការរៀបចំប្រព័ន្ធទូរទស្សន៍ឱ្យ​ស្ថិតនៅទម្រតែមួយនេះ គឺក្នុងគោលដៅចង់ឱ្យប្រជាពលរដ្ឋអាចទស្សនាបានគ្រប់ប៉ុស្ដិ៍​ទូរទស្សន៍ ដែលផ្សាយតាមរលកធាតុអាកាស តាមរយៈការផ្សាយ​តាមប្រព័ន្ធផ្កាយរណប ថាស ផ្កាយរណប និងខ្សែកាបបាន ។

លើសពីនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ ថា ក្រសួងព័ត៌មានកំពុងគិតគួរលើកិច្ចការងារនេះ ហើយឈានទៅធ្វើការរៀបចំជាអនុក្រឹត្យ ដើម្បីដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាលធ្វើការចុះហត្ថលេខា ។

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើ សុំដល់​ក្រុមហ៊ុន THAICOM ដែលមានប្រព័ន្ធផ្កាយរណប ធ្វើការផ្សាយទៅប្រទេសមីយ៉ានម៉ា ជួយ​ដាក់បញ្ចូលនិងផ្សាយប៉ុស្តិ៍ទូរទស្សន៍ជាតិកម្ពុជានៅក្នុងប្រទេសមីយ៉ាន់មានេះឱ្យបានផងដែរ។

ក្នុងនោះ លោក Ekachai Phakdurong ក៏បាននិយាយដែរថា THAICOM សន្យាថានឹងខិតខំជួយលើបញ្ហានេះ ឱ្យដំណើរការទៅបានល្អ ។

គួរបញ្ជាក់ផងដែរថា បើគម្រោងមួយនេះនិងដំណើរការក្នុងពេលឆាប់ៗមែននោះ កម្ពុជាយើងនឹងលែងពិបាកទៀតហើយ ព្រោះមានប៉ុស្ដិ៍ទូរទស្សន៍មើលច្រើន ជាពិសេសក៏មិនចាំបាច់ទៅបង់លុយឲ្យក្រុមហ៊ុនសេវាកម្មទូរទស្សន៍ខ្សែរកាប ឬ ផ្កាយរណបទៀតដែរ ៕

អត្ថបទដោយ ៖ កឹម ប៊ុនធឿន

LEAVE A REPLY

Please enter your comment!
Please enter your name here