អ្នកជំនាញ៖ ចង់ដឹងថាតើ អ្នកមានលទ្ធភាពទិញផ្ទះបង់រំលស់ឬអត់ សួរខ្លួនឯងនូវសំនួរគោល២នេះ!

0
1432

ការទិញផ្ទះ គឺជាការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំ​បំផុតក្នុងខ្សែជីវិតរបស់មនុស្ស ព្រោះជាការចំណាយលុយច្រើនណាស់ក្នុងជីវិតពួកគេ។ បើតាមការលើកឡើងរបស់អ្នកជំនាញហិរញ្ញវត្ថុជាច្រើនបានឲ្យដឹងថា ការមានផ្ទះជាកម្មសិទ្ធិគឺជាផ្លូវដ៏ល្អមួយឆ្ពោះទៅកាន់ការកងសាងទ្រព្យធនបើអ្នកជាមនុស្សឆ្លាតវៃ។

ពាន់ព័ន្ធនឹងការទិញផ្ទះនេះដែរ លោក  Kevin O’Leary អ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីម្នាក់របស់អាមេរិក បានឲ្យដឹងថា មានសំនួរគោលសំខាន់២ ដែលអ្នកត្រូវសួរខ្លួនឯងមុននឹងសម្រេចចិត្តទិញផ្ទះបង់រំលស។ សំនួរគោលទី១គឺ បើអ្នកបាត់បង់ការងាររយៈពេលជាង ៦ខែ តើអ្នកមានផ្លូវផ្សេងដើម្បីបង់រំលស់ផ្ទះប្រចាំខែឬទេ? សំនួរនេះពិតជាសំខាន់ណាស់ហើយបើអ្នកឆ្លើយថា ទេ សូមកុំទិញផ្ទះបង់រំលស់អី ព្រោះមានន័យថាអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការទិញផ្ទះបង់រំលស់ឡើយ។

អ្នកជំនាញរូបនេះ បានណែនាំថា បើអ្នកមានសាច់ប្រាក់ដែលប្រើប្រាស់បាន(លុយសម្រាប់ទំនុកបម្រុងពេលមានអាសន្ន) ហើយមានលុយគ្រប់គ្រាន់សម្រាប់ចំណាយក្នុងការរស់នៅ ក្នុងរយៈពេល៦ខែ ដោយរាប់បញ្ចូលទាំងលុយបង់រំលស់ផ្ទះ គឺជារឿងដ៏ល្អប្រពៃ។

រឿងមួយទៀត គឺអ្នកត្រូវប្រាកដថាតើ​ ផ្ទះដែលអ្នកនឹងទិញ វាសមស្របនឹងលទ្ធភាពរបស់អ្នកឬអត់ ដូច្នេះ សំនួរទី២ តើលុយសម្រាប់បង់រំលស់ផ្ទះប្រចាំខែ​ ត្រូវចំណាយច្រើនជាង ១ភាគ៣នៃប្រាក់ខែរបស់អ្នក​ឬទេ? ប្រសិនបើអ្នកប្រាក់បង់រំលស់ប្រចាំខែ ចំណាយច្រើនជាង ១ភាគ៣នៃប្រាក់ខែ មានន័យថាអ្នកកំពុងទិញផ្ទះថ្លៃពេល ឬទិញផ្ទះលើសពីលទ្ធភាពរបស់អ្នក ដែលវាអាចជា បញ្ហាប្រឈមសម្រាប់អ្នក។

គួរបញ្ជាក់ផងដែរថា បើសម្ដីរបស់លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានឲ្យដឹងថា ចំពោះការទិញផ្ទះបង់រំលស់គឺគេតម្រូវឲ្យអ្នកទិញផ្ទះមានប្រាក់កក់មុន( Down payment) ​ប្រមាណជាពី​២៥ ទៅ ៣០ភាគរយនៃ តម្លៃផ្ទះសរុប។ លោកបានបន្តទៀតថា អ្នកដែលចង់ខ្ចីលុយពីធនាគារ ដើម្បីបង់រំលស់ទិញផ្ទះដែលមានរយៈពេលពី ១០ ទៅ ១៥ឆ្នាំ ជាទូទៅគួរមានប្រាក់ខែ ពី ៨០០ ទៅ ១ពាន់ដុល្លារ។ ​

យ៉ាងណាមិញ លោកលើកឡើងថា ចំពោះអ្នកដែលមានចំណូលក្រោម៨០០ដុល្លារក៏អាចស្នើ កម្ចីទិញផ្ទះបង់រំពីធនាគារបានដែរ ប៉ុន្តែប្រាក់ចំណូលក្រោម ៨០០ដុល្លារ ហើយមានបន្ទុក ត្រូវបង់រំលស់ទៀតនោះនឹងធ្វើឲ្យអ្នកមានការលំបាក់ព្រោះក្នុងមួយខែៗគឺអ្នកត្រឹមតែមានលុយសម្រាប់ចាយវាយប្រចាំខែបន្តិចបន្តួចនិងសម្រាប់បង់រំលស់ផ្ទះប៉ុណ្ណោះ មិនមានលុយសម្រាប់សន្សំសម្រាប់គោលដៅអនាគត់ដូចសន្សំដើម្បីបានដើមទុនរកស៊ី ឬគោលហិរញ្ញវត្ថុផ្សេងៗទៀតឡើយ៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here