ពេល Jack Ma កំពុងដើរកម្សាន្តនៅខេត្តសៀមរាប បានអ្នកណាជាភ្នែកច្រមុះមើលខុសត្រូវ Alibaba?

0
3077

ក្រោមសម្ព័ន្ធ Alibaba Group មួយមានក្រុមហ៊ុនសំខាន់ចំនួន ៦ និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៅពីក្រោមនោះទៀតរួមមាន  Alibaba Software, Taobao Software, Alibaba Network Technology, Alibaba Education Technology និង Alibaba Technology ប៉ុន្តែមហាសេដ្ឋី Jack Ma ដែលជាអគ្គនាយក Alibaba បែរជា ប្រកាសចូលនិវត្តន៍លែងកាន់កាប់តួនាទីជាអគ្គនាយកបន្តទៀតនៅចុងឆ្នាំ ២០១៩ នេះ ខណៈដែលពេលនេះគាត់កំពុងដើរទស្សនាប្រាសាទនៅឯខេត្តសៀមរាប ។

Jack Ma បានបង្ហើបយុទ្ធសាស្ត្រមួយដែលធ្វើឲ្យលោកអាចចូលនិវត្តន៍ប្រកបដោយកិត្តយសបែបនេះគឺ បង្កើតអ្នកដឹកនាំជំនានក្រោយ ផ្តល់ឱកាសឲ្យមនុស្សដែលមានទេព្យកោសល្យ មិនយកជម្ងឺតួឯកដាក់ខ្លួន ។

ការសែត South China Morning Post ឲ្យដឹងទៀតថា​​ ទោះបីជា Jack Ma លែងធ្វើការនៅ Alibaba ក៏គាត់នៅតែមានពេលដើរកំសាន្តតាមជនបទ ដេកតាមឆ្នេរខ្សាច់មាត់សមុទ្រដោយមិនបាច់ខ្វាយខ្វល់ ដោយសារ Alibaba មានសរសរទ្រូងធំៗ ៣៦ ដើម្បីមើលខុសត្រូវក្រុមហ៊ុនជំនួស Jack Ma ។

ដៃគូទាំង ៣៦ នាក់នេះសន្យាថា ធ្វើការយ៉ាងតិចណាស់ ៥ ឆ្នាំនៅ Alibaba ដែលក្នុងនោះរួមមាន មនុស្សសំខាន់និងជំនិតៗ ៦ នាក់៖

១-អ្នកស្រី Trudy Dai Shan, នាយកវេបសាយលក់ទំនិញបោះដុំ Alibaba.com

គាត់បានចូលរួមជាមួយ Alibaba Group ទាំងពីឆ្នាំ ១៩៩៩ ម្លេះ ហើយគាត់ជាសមាជិកម្នាក់ក្នុងចំណោមសមាជិក ១៨ នាក់ផ្សេងទៀតដែលចូលសម្ព័ន្ធ Alibaba កាលពីឆ្នាំ ១៩៩៩ ។ គាត់ម្នាក់នេះក៏ធ្លាប់ជាកូនសិស្សរបស់ Jack Ma ផងដែរ ពេលមហាសេដ្ឋី Ma នៅជាគ្រូបង្រៀន ហើយពេលដែល Jack Ma អូសទាញអ្នកស្រី Shan ឲ្យមកចាប់ផ្តើម Alibaba ដំបូង អ្នកស្រីយល់ព្រមទាំងពេញចិត្ត ក្នុងតំណែងដំបូងជាអ្នកបម្រើសេវាកម្មអតិថិជន ខណៈដែរកាលនោះគាត់ចំណាយពេល ១៨ ម៉ោងក្នុងមួយថ្ងៃដើម្បីឆ្លើយសំណួររបស់អតិថិជន ។

បទពិសោធន៍តស៊ូជាមួយ Jack Ma អ្នកស្រី ធ្វើការមួយខែរកចំណូលបានតែប្រមាណ ៧០ ដុល្លារប៉ុណ្ណោះ និងទទួលបានលុយកន្លះដុល្លារសម្រាប់ថ្លៃអាហាររាល់ថ្ងៃ ។

២- Judy Tong Wenhong, នាយកធនធានមនុស្សនៅ Alibaba Group

ចូលធ្វើការនៅ Alibaba តាំងពីឆ្នាំ ២០០០ អ្នកស្រី Tong កាន់តំណែងដំបូងជាអ្នកទទួលភ្ញៀវ ដោយសារអ្នកស្រីទទួលបានការលើកសរសើរពីមិត្តរួមការងារថាធ្វើការងារហ្មតចត់ អ្នកស្រីត្រូវបានប្តូរទៅផ្នែកសេវាកម្មអតិថិជន និងឡើងដំណែងបន្តបន្ទាប់ជានាយកប្រតិបត្តិការនៅ Cainiao Network ជាក្រុមហ៊ុនដឹកជញ្ជួនក្រោមយីហោ Alibaba និងឡើងជានាយកប្រតិបត្តិ ហើយពេលនេះអ្នកស្រីជាប្រធានផ្នែកធនធានមនុស្សនៅ Alibaba Group ដោយសារទេព្យកោសល្យខាងបង្កើតបង្កើតវប្បធម៌ក្រុមហ៊ុន រួមទាំងការអភិវឌ្ឍន៍ធនធានមនុស្ស និងយុទ្ធសាស្ត្រផងដែរ ។

៣- Wang Lei, នាយកប្រតិបត្តិ Ele.me

លោក Wang ចូលធ្វើការនៅ Alibaba តាំងពីឆ្នាំ ២០០៣ និងកាន់តំណែងបន្តពីស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូន Ele.me បន្ទាប់ពី Alibaba ទិញយកក្នុងតម្លៃ ៩.៥ ពាន់លានដុល្លារ ឥឡូវនេះគាត់គឺជាអ្នកដឹកនាំក្រុមហ៊ុនប្រកួតជាមួយ Tencent លើសេវាកម្មដឹកជញ្ជូនអាហារ ។

មុនពេលមកកាន់ដំណែងនៅ Ele.me លោក Wang ធ្លាប់ជានាយកប្រតិបត្តិនៅក្រុមហ៊ុន Alibaba Health ដែលជាផ្លេតហ្វមផ្តល់សេវាកម្មថែរក្សាសុខភាពតាមអនឡាញ ។

៤- Jeff Zhang Jianfeng, នាយកបច្ចេកវិទ្យានៅ Alibaba Group

គាត់កាន់ដំណែងនេះតាំងពីឆ្នាំ ២០១៦ មកម្លេះ ហើយគាត់ក៏ជាអ្នកគ្រប់គ្រងវិទ្យាស្ថាន Alibaba DAMO Academy ដែលបានចំណាយលុយ ១៥ ពាន់លានដុល្លារលើការសិក្សាបច្ចេកវិទ្យាធំៗដូចជា Machine Learning និង សុវត្ថិភាពលើអ៊ីនធឺណេតផងដែរ ។

គួររំលឹកថា កាលពីឆ្នាំ ២០០៤ គាត់គឺជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសកលវិទ្យាល័យ Zhejiang និងបានកាន់តំណែងជាប្រធានក្រុមបច្ចេកវិទ្យានៅវេបសាយ taoboa ។

 

៥- Simon Hu Xiaoming, នាយក Alibaba Cloud

គាត់ចូលធ្វើការនៅ Alibaba Cloud កាលពីចុងឆ្នាំ ២០១៤ ក្រោមការដឹកនាំរបស់លោក Simon ធ្វើឲ្យ Alibaba Clound រីកចម្រើនពី ៥២.៧ លានដុល្លារកាលពីឆ្នាំ ២០១៤ រហូតដល់ ៦៨០ លានដុល្លារនៅដើមឆ្នាំនេះខណៈដែលសព្វថ្ងៃនេះ Alibaba Cloud បានក្លាយជាសេវាកម្ម cloud computing លេខមួយនៅចិន និងលេខ ៣ លើពិភពលោក ។ គាត់បានចូល Alibaba ដំបូងនៅឆ្នាំ ២០០៥ និងបានកាន់តួនាទីជា អ្នកគ្រប់គ្រងនៅ Alibaba និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Ant Financial ។

៦- Eric Jing Xiandong,អគ្គនាយក Ant Financial

គាត់បានចូលធ្វើការនៅ Alipay កាលពីឆ្នាំ ២០០៧ ហើយមុនពេលចូល Alibaba គាត់គឺជានាយកហិរញ្ញវត្ថុនៅក្រុមហ៊ុន Pepsi នៅចិន ចន្លោះឆ្នាំ ២០០៤ ដល់ ២០០៦ ជាពេលដែលលោក Eric សម្រេចចិត្តថាធ្វើការនៅក្រុមហ៊ុនលំដាប់ពិភពលោក ឬចូលរួមជាមួយ Alibaba ។ ទីបំផុតគាត់បានសម្រេចចិត្តចូលរួមជាមួយ Alibaba ដោយសារទទួលបានការជម្រុញទឹកចិត្តពីបេសកកម្មរបស់ Alibaba ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here