របៀបដែលក្មេងស្រី១៩ឆ្នាំ បង្កើតវេបសាយ graphic design សាមញ្ញាមួយតែក្លាយអាជីវកម្មតម្លៃ១ពាន់លាន$

0
1414

កញ្ញា Melanie Perkins បច្ចុប្បន្ន វ័យ ៣០ឆ្នាំ គឺជា CEO និងជាស្ថាបនិក ក្រុមហ៊ុន Canva ដែលជាក្រុមហ៊ុនរកស៊ីអនឡាញមួយនៅប្រទេស អូស្រ្តាលី។​ សហគ្រិនស្រ្តីរូបនេះគឺជាអតីតសិស្សបោះបង់ការសិក្សារថ្នាក់មហាវិទ្យាល័យនៅវ័យ១៩ឆ្នាំ។

បច្ចុប្បន្ន ក្រុមហ៊ុន Canva គឺ Online platform មួយដែលអនុញ្ញាត មនុស្សជាច្រើន អាច Design អ្វីៗគ្រប់យ៉ាង ដូចកាតសម្រាប់ស្វាគមន៍ poster, website, business card និង​ ប្រតិទិនជាដើម ហើយសព្វថ្ងៃនេះ Canva បានក្លាយជាក្រុមហ៊ុនរកស៊ីអនឡាញ ដែលមានអតិថិជនគាំទ្រច្រើន និងជាក្រុមហ៊ុនមានតម្លៃ ខ្ទង់មួយពាន់លានដុល្លារ។

តាមពិតទៅ គំនិតអាជីវកម្មរបស់នាងបានផុសឡើង​ ពេលនាង សិក្សានៅ សាកលវិទ្យាល័យ  Western Australia។ ដំបូងឡើយ នាងមិន​​បានសិក្សាពី graphic design នោះទេតែដោយសារនាងស្រលាញ់ចូលចិត្ត នាងក៏ខំប្រឹងប្រែងសិក្សារហូតដល់ដល់សាលាបានអញ្ជើញ ឲ្យនាងទៅបង្រៀនក្នុងសិក្ខាសាលាមួយស្ដីពី វគ្គ graphic design នៅមហាវិទ្យាល័យផ្សេងទៀត។

ពេលនោះ នាងបានសង្កេតឃើញថា Software ដែលនាងកំពុងបង្រៀនមានភាពសាំញ៉ាំ ហើយសិស្សពិបាករៀន ព្រមទាំងរៀនមិនងាយយល់នោះទេ ពោលគឺសិស្សត្រូវចំណាយពេល រហូតដល់ពេញមួយត្រីមាសគ្រាន់តែរៀនពីមូលដ្ឋានគ្រឹះនៃ វគ្គgraphic design នេះ។

ដោយមើលឃើញពីបញ្ហានេះ នាងក៏យកបញ្ហាបង្កើតបានជាឱកាសក្នុងការចាប់ផ្ដើមអាជីវកម្ម ដោយចាប់ផ្ដើម បង្កើតវេបសាយ ដែលជួយដល់ការ design លើអនឡាញ កាន់តែងាយស្រួលសម្រាប់មនុស្សប្រើប្រាស់។ នាងដាក់ឈ្មោះអាជីវកម្មនេះថា Fusion Books ដោយអាជីវកម្មនេះ អនុញ្ញាតឲ្យ សាលាជាច្រើន អាច design សៀវភៅស្ដីពីសមទ្ធិផលប្រចាំរបស់ខ្លួន តាមរយៈdesign លើអនឡាញផ្ទាល់។

តាមពិតទៅ ការបង្កើត Fusion Book គឺជាដើមចមឈានដល់ការបង្កើត Canva របស់នាងសព្វថ្ងៃនេះ ដោយអាជីវកម្ម ដែលអាចឲ្យមនុស្សជាច្រើន ធ្វើការ design របស់ជាច្រើនលើវេបសាយនេះ។

ពេលមើលឃើញថា អាជីវកម្មរបស់ខ្លួនពិតជាមានសក្ដានុពល Melanie Perkins ចាប់ផ្ដើមចង់ពង្រីកអាជីវកម្មរបស់ខ្លួន តែគ្មានដើមទុនគ្រប់គ្រាន់នោះទេ។ ពេលនោះនាងបាន​នឹកឃើញ Silicon Valley ដែលជាកន្លែងសម្រាប់អាជីវកម្មបង្កើតថ្មីគៀងគរទុនពង្រីកសក្ដានុពល។​ ដូច្នេះក្នុងឆ្នាំ ២០១០ នាងបានហោះពីអូស្រ្តាលីទៅ រដ្ឋ California សហរដ្ឋអាមេរិកដើម្បីស្វែងរកការវិនិយោគពីអ្នកវិនិយោគ នៅ Silicon Valley។ ពេលទៅដល់ទីនោះ អ្នកវិនយោគដែលនាងជួបមុនគេគឺលោក Bill Tai ជាអ្នកវិនិយោគបច្ចេកវិទ្យាដ៏ល្បីម្នាក់។

ដំបូងឡើយ Bill Tai មិនចាប់អារម្មណ៍វិនិយោគលើអាជីវកម្មនាងនោះទេ តែលោកបានណែនាំអាជីវកម្មនាងទៅ អ្នកនិយោគដទៃទៀត ជាពិសេស លោកបានអញ្ជើញ នាងឲ្យដែលទៅចូលរួមសិក្ខាសាលា MaiTai ក្នុងរដ្ឋ HaiWaii ដែលនៅទីនោះនាងបានជួបជាមួយអ្នកវិនិយោគជាច្រើនចាប់អារម្មណ៍លើអាជីវកម្មរបស់នាង។ ចាប់ពីពេលនោះមក Canva ទទួលបានការវិនិយោគជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ ២០១៣ Canva បានបិទការបណ្ដាក់ទុនវិនិយោគពីវិនិយោគិនជាលើកដំបូងដោយទទួលបានទុនវិនិយោគចំនួន ៣លានដុល្លារអាមេរិក។ ក្នុងឆ្នាំ ២០១៤  Canva មានអ្នកប្រើប្រាស់ ចំនួន ១លាននាក់ ព្រមទាំងរកទុនវិនិយោគបានជាង ១២លានដុល្លារអាមេរិក។

សព្វថ្ងៃនេះ Canva ក្រុមហ៊ុនរកស៊ីអនឡាញមួយ ដែលអនុញ្ញាត មនុស្សជាច្រើន អាច Design អ្វីៗគ្រប់យ៉ាង ដូចកាតសម្រាប់ស្វាគមន៍ poster, website, business card និង​ ប្រតិទិនជាដើម និងជាក្រុមហ៊ុនមានតម្លៃជាង ១ពាន់លានដុល្លារ ជាមួយនឹងអតិថិជនប្រើប្រាស់សេវាកម្មរាប់លាននាក់ទូទាំងពិភពលោក។

កញ្ញាបានបញ្ជក់ថា” ក្លាយជាសហគ្រិនស្រ្តី នៅក្នុងពិភពលោក ដែលការធ្វើការជំនួញ គ្របដណ្ដប់ដោយបុរសពិតជាមានការលំបាកណាស់ តែក្នុងមានជាសហគ្រិនស្រ្តីអ្នកត្រូវតែផ្ដោតសំខាន់លើទស្សនៈរកស៊ីរបស់អ្នកទើបអាជីវកម្មដើរទៅមុខ”

កញ្ញាបានបន្ថែមថា” បើចង់ឲ្យកាចាប់ផ្ដើមអាជីវកម្មដំបូងរបស់អ្នកបានជោគជ័យ សូមកុំខ្វល់ពី សម្ដីអ្នកដទៃ ដែលនិយាយដាក់ត្រចៀកអ្នកថាអាជីវកម្មអ្នកនឹងមិនជោគជោគ អ្វីដែលសំខាន់គឺអ្នកជឿជាក់ថាអាចទៅរួច”។ កញ្ញាបានសង្កត់ធ្ងន់ថា” អាជីវកម្មជួយដោះស្រាយបញ្ហាមនុស្ស គឺជាអាជីវកម្មដែលមិនងាយបរាជ័យនោះទេ”៕

អត្ថបទដោយ៖ ហុង

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here