មិនធម្មតា!!! តំបន់៤កន្លែងនៅសៀមរាប ដែលទាក់ចិត្តមហាសេដ្ឋីចិន ជេក ម៉ា ខ្លាំងបំផុត

0
2199

មហាសេដ្ឋីលំដាប់កំពូលចិន លោក ជេក ម៉ា ជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំជាងគេបំផុតនៅក្នុងប្រទេសចិន បានមកទស្សនកិច្ចនៅខេត្តសៀមរាបជាលក្ខណៈឯកជន រយៈពេល២ថ្ងៃ ពីថ្ងៃទី១២ ដល់ទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។

ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ លោក ជេក ម៉ា បានចាប់អារម្មណ៍តំបន់ទេសចរណ៍នៅក្នុងខេត្តសៀមរាបចំនួន៤ ដែលក្នុងនោះមានដូចជា ប្រាសាទតាព្រហ្ម , ប្រាសាទបាយ័ន , ប្រាសាទអង្គរវត្ត និងចុងក្រោយនៅព្រឹកថ្ងៃទី១៣នេះ លោកបានទៅទស្សនាប្រាសាទបន្ទាយស្រី។ ​

ពេលបានមកទស្សនាប្រាសាទអង្គរវត្តដោយផ្ទាល់ លោក ជេក ម៉ា បានថ្លែងប្រាប់អ្នកសារព័ត៌មានឆ្លើយយ៉ាងខ្លីថា “ប្រាសាទបុរាណខ្មែរពិតជាអស្ចារ្យណាស់ ហើយលោកក៏បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងកោតសរសើរពីរូបចម្លាក់ទៅតាមជញ្ជាំងប្រាសាទអង្គរ”។

ក្នុងដំណើរទស្សនកិច្ចនេះ លោក ជេក ម៉ា ស្លៀកពាក់យ៉ាងសាមញ្ញ អមដោយក្រុមការងារចំនួន៥នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ចិនមួយរូប។ វត្តមានរបស់លោក ជេក ម៉ា បានធ្វើឱ្យមានភាពរំជើបរំជួលពីសាធារណជនជាទូទៅ និង បានទាក់ទាញចំណាប់អារម្មណ៍មហាជនជាទូទៅ ពិសេសភ្ញៀវទេសចរនៅតាមប្រាសាទ ដែលប្រទះឃើញរូបលោក ខណៈភ្ញៀវទេសចរទាំងនោះ បានតាមប្រមាញ់រូបភាពលោក ក៏ដូចជាថតរូបជាមួយលោក ផងដែរ។

សូមបញ្ជាក់ថា មហាសេដ្ឋីចិនខាងលើនេះ នឹងចាកចេញពីខេត្តសៀមរាប តាមជើង​ហោះហើរនៅម៉ោង ២រសៀលនេះ ហើយមិនដឹងថា គោលដៅបន្ទាប់របស់លោក ជេក ម៉ា នឹងទៅប្រទេសណាបន្តទៀតទេ ដោយសារដំណើរទស្សនកិច្ចនេះជាលក្ខណៈឯកជន និងរឹតត្បិតព័ត៌មាន ដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ៕

អត្ថបទដោយ៖ សុងលី​

 

LEAVE A REPLY

Please enter your comment!
Please enter your name here