សហគ្រិនអលចនទ្រព្យជំនាន់ថ្មីរកស៊ីជោគជ័យ ត្រូវតែជាបុគ្គលប្រភេទនេះ

0
1495

គ្រប់សហគ្រិនទទួលបានជោគជ័យទាំងឡាយ​ តែងជាបុគ្គលស្គាល់ខ្លួនឯងច្បាស់ជាងនរណាទាំងអស់ និងស្ថានភាពខាងក្រៅពិតប្រាកដ ហើយដឹងថាខ្លួនកំពុងឈរលើទីតាំងណា ចង់បានអ្វី ត្រូវធ្វើរឿងអ្វីខ្លះ ត្រូវធ្វើដំណើរឆ្ពោះទៅណា ឬអាចនិយាយបានថា ជាសហគ្រិនជាក់ស្តែងនិយម។ សហគ្រិនអលចនទ្រព្យជំនាន់ថ្មី ត្រូវតែជាបុគ្គលជាក់ស្តែងនិយមទទួលស្គាល់អ្វីដែលខ្លួនមាន និងកំពុងខ្វះខាត និងកែវតម្រូវនាពេលបច្ចុប្បន្ន មិនបន្ទោសវាសនាថា ហេតុអ្វី ខ្លួនឯងចេះតែខ្វះនេះ ឬខ្វះនោះទេ។ ព្រមទទួលស្គាល់ការពិត ហើយប្រឹងប្រែងរកដំណោះស្រាយលើបញ្ហានីមួយៗ ដែលចាំបាច់ និងបន្ទាន់ មិនបណ្តោយពេលវេលាចេះតែទៅមុខឥតប្រយោជន៍នោះទេ។

សហគ្រិនអលចនទ្រព្យដែលខ្ញុំបានជួបសម្ភាស ឬពិភាក្សាការងារមួយចំនួន បានកើតចេញពីគ្រួសារកសិករមកពីខេត្ត ខ្វះទាំងចំណេះដឹង ជំនាញ និងហិរញ្ញវត្ថុ សម្រាប់ចេញរកស៊ីលើវិស័យអចលនទ្រព្យ បើពួកគាត់មិនមានគោលដៅ និងជាបុគ្គលជាក់ស្តែងនិយមទេនោះ ច្បាស់ណាស់មិនអាចតស៊ូតាំងពីគ្មានអ្វីសោះ រហូតក្លាយជាអ្នកជំនាញ និងវិវត្តន៍ខ្លួនបន្តិចម្តងៗរហូតជាសហគ្រិនអលចនទ្រព្យនោះទេ។ ក្រោយពីដឹងថាខ្លួនចង់បានអ្វី ហើយនៅខ្វះខាតអ្វីហើយ ពួគេតែងបំពេញវាជាប្រចាំ តាមរយៈការសិក្សារៀនសូត្រនៅសាលា និងអនុវត្តការងារជាក់ស្តែងនៅក្រុមហ៊ុនតែម្តង។

ក្រុមហ៊ុនណាមានអ្នកដឹកនាំជាកស្តែងនិយម ការរីកចម្រើនរបស់ក្រុមហ៊ុនបានការអភិវឌ្ឍន៍លឿន ព្រោះគេតែងមានគោលដៅអភិវឌ្ឍន៍ក្រុមហ៊ុនច្បាស់លាស់ ថានៅថ្ងៃអនាគតជាក់លាក់ណាមួយ ក្រុមហ៊ុនត្រូវទទួលបានផ្លែផ្កាអ្វីខ្លះ ហើយស្ថានភាពបច្ចុប្បន្ន ត្រូវធ្វើរឿងសំខាន់អ្វីខ្លះ អាចមានបញ្ហាហិរញ្ញវត្ថុ ការបណ្តុះបណ្តាលធនធានមនុស្ស និងស្តង់ដារក្រុមហ៊ុនទាំងមូល ទើបអាចដល់គោលដៅ។ វិភាគលើគោលដៅ យុទ្ធសាស្ត្រ ការអនុវត្ត ឱកាស និងបញ្ហាប្រឈមដែលកើតមាន។ សហគ្រិនជាក់ស្តែងនិយម មិនព្រមចុះចាញ់បញ្ហា និងចន្លោះខ្វះខាតដាច់ខាត តែងតែស្វែងយល់អំពីឬសគល់បញ្ហា និងមានឥរិយាបថដោះស្រាយបញ្ហាប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់។

សម្រាប់កម្ពុជាយើង ត្រូវការមេដឹកនាំដែលជាក់ស្តែងនិយមច្រើន លើគ្រប់វិស័យ ដើម្បីជំរុញឲ្យវិស័យនីយមួយៗ មានការរីកចម្រើន មិនថាការធ្វើជំនួញអចលនទ្រព្យនោះទេ។

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here