ស្ថាបនិក OneCoin ត្រូវបានចាប់ខ្លួនហើយ ដោយសារបោកលុយអ្នកលេងអស់រាប់ពាន់លានដុល្លារ

0
31138

បុរសម្នាក់មានឈ្មោះថា Konstantin Ignatov ដែលគេស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន លុយអេឡិចត្រូនិច​ OneCoin ត្រូវ​បាន​រដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់ខ្លួននៅថ្ងៃពុធសប្ដាហ៍នេះ ពីបទឆបោកលុយ​អ្នកវិនិយោគ​ មិនក្រោម៣.៨ពាន់លានដុល្លារ​នោះទេ តាមរយៈក្បួនបោកប្រាស់ដែលគេហៅថា Pyramid Scheme តាំងតែពី​ឆ្នាំ២០១៤មក។

លោក Ignatov ត្រូវ​បានចាប់ខ្លួន​នៅព្រលានយន្តហោះ​ Los Angeles ដោយអាច​ប្រឈមមុខ​នឹង​ការ​ជាប់ពន្ធ​ធនាគារ​រហូត​ដល់ទៅ​២០ឆ្នាំ។

បើតាមការស៊ើបអង្កេត​ពីFBI ក្រុមហ៊ុន OneCoin ធ្លាប់ធ្វើការ​បំប៉ោង​ពត៌មាន និង​បំប៉ោង​តម្លៃ​លុយឌីជីថលរបស់ខ្លួនពី ០.៥៦ ថាឡើង​រហូតដល់​ ៣៣.៦៥ដុល្លារ​នៅដើមឆ្នាំនេះ តែ​ការពិត​ទៅ មេៗ​នៅ OneCoin នោះនាំគ្នា​ផ្ញើរ​ Email អោយគ្នាទៅវិញទៅមក​ថា គេ​មានគម្រោង​និង​ប្រមូលលុយហើយរត់ បន្ទាប់មកទម្លាក់កំហុស​ឱ្យអ្នកផ្សេងទទួលថ្មបាក់។

នៅដើមខែកុម្ភៈនេះផងដែរស្ថាបនិក OneCoin លោក Konstatin Ignatov បានមកចូលរួមការជួបជុំមួយជាមួយនឹង​សមាជិកអ្នកវិនិយោគ OneCoin ទាំង​អស់​នៅទីក្រុង Las Vegas តែមានគេសួរគាត់​ថាតើពេលណាគេអាច​ចំណេញពីការ​ដាក់ទុនវិនិយោគរបស់គេ​នៅលើ OneCoin នេះបាន លោក Ignatov បានត្រឹមតែឆ្លើយថា “ប្រសិន​បើមក​ដើម្បីតែចង់បានលុយ​ ចេញពីបន្ទប់នេះទៅ ព្រោះអ្នកមិនយល់ថាគម្រោង​មួយនេះ​ធ្វើដើម្បីអ្វីនោះទេ”។

នៅពេលនេះខាង​តុលាការអាមេរិកកំពុង​តែ​ប្រមូល​ភស្ដុតាង​បន្ថែម ដោយបានប្រកូកប្រកាសហៅអ្នកដែលរងគ្រោះ​ ឬមានពត៌មាន​ទាក់ទងនឹង​ OneCoin នេះ​ប្រញាប់ផ្ដល់​មកឱ្យខាង​អាជ្ញាធរអាមេរិក។

គូសបញ្ជាក់ថា​ក្រុមហ៊ុន OneCoin ចាប់ផ្ដើមឡើង​នៅឆ្នាំ​២០១៤ ប្រទេសប៊ុលហ្គារី​បានធ្វើការ​រកស៊ី​តាមរយៈការលក់រូបិយប័ណ្ណឌីជីថល ហើយអ្នកដែលធ្វើការទិញ​កាក់​របស់ OneCoin អាច​រក​លុយបាន​ ​កាលណាណែរនាំ​អ្នកផ្សេងទៀត​ឱ្យទិញកាន់តែច្រើន ហើយធ្វើរបៀបនេះមកទល់សព្វថ្ងៃមាន​អ្នកលេង​មិនក្រោម ៣លាននាក់នោះទេ បើទោះជាគ្មានកាក់លុយឌីជីថល​ពិត​ក៏ដោយក្តី។

សម្រាប់នៅស្រុក​យើង​ ក៏មានផងដែរការផ្អើលទិញដូរ​លុយឌីជីថល ដោយកាលមុនមាន BitConnect ប៉ុន្តែ​ក្រោយពី BitConnect សាបរលាប​ដោយសារគេចាប់ស្ថាបនិករឿង​បោកលុយមកក៏រៀងស្ងាត់បន្តិចវិញ ក្រោយមក​ក៏លេចឮផ្អើលរឿងរកលុយលឿនក្លាយ​ជាអ្នកមានដោយសារ OneCoin ម្ដង ប៉ុន្តែយ៉ាង​ណាក៏ដោយសម្រាប់ធនាគារជាតិពុំបានប្រកាសទទួលស្គាល់រូបិយប័ណ្ណឌីជីថលឡើយ៕

ប្រភព៖ The Verge , ក្រសួង​យុត្តិធម៌អាមេរិក

អត្ថបទដោយ៖ ខុន សក្ក័ដា

LEAVE A REPLY

Please enter your comment!
Please enter your name here