ជិះតែឡានដើរលេងពេញអាមេរិក សហគ្រិនវ័យ២៩ឆ្នាំម្នាក់ រកលុយបានខ្ទង់លានៗដុល្លារព្រោះរឿងនេះ

0
2231

គ្រប់គ្នា​ប្រហែលជាធ្លាប់ស្រម៉ៃពីរបៀបធ្វើការ​ដែលចង់ទៅកន្លែង​ណាក៏បានហើយនៅមានចំណូលចូលទៀត ប្រហែលជាធ្លាប់គិត​ហើយថាខ្លួនមិនចង់​ងើបទៅធ្វើការ​ទាំង​ផ្លូវស្ទះស្អេកស្កះពិបាកជិះ សហគ្រិនម្នាក់មានឈ្មោះថា Jack Mann គាត់អាចធ្វើបាន។

Jack Mann ជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា​ខាង​កាស​ញ៉ុកត្រចៀកការពារ​សម្លេង​មួយមានឈ្មោះថា Vibes ដែលរកចំណូលឱ្យគាត់ក្នុងមួយឆ្នាំ​មិនក្រោម ២លានដុល្លារ​នោះទេ។

គំនិត​នៃការ​ចាប់ផ្ដើម​ដំបូង Vibes ​កើត​ឡើង​ពេលដែលគាត់មានបញ្ហារ​រហែកក្រដាស​ត្រចៀក​ ឯខាង​គ្រូពេទ្យបានឱ្យប្រដាប់ញ៉ុកត្រចៀកឱ្យគាត់​សម្រាប់​ពាក់​ពេលទៅមើលការ​ប្រគុំតន្ត្រី តែវាបានធ្វើឱ្យគាត់ពិបាកនឹ​ងស្ដាប់តន្ត្រី និង​កាត់​បន្ថយ​គុណភាពនៃ​សម្លេង​របស់តន្ត្រី​ ជាហេតុ​ធ្វើឱ្យគាត់​ចង់បង្កើត​នូវ​ឧបករណ៍មួយសម្រាប់ការពារ​ត្រចៀកអ្នកស្ដាប់​ការប្រគុំតន្ត្រី ស្របពេលជាមួយនឹង​ទទួលយក​សម្លេង​តន្ត្រី​នៅតែពិរោះដដែល។ ជាមួយគ្នានេះដែរ​បើតាម​អង្គការ​សុខភាពពិភពលោក បានធ្វើការប៉ាន់ប្រមាណថាមានមនុស្ស​មិនតិចជាង​៤៤០លាននាក់ទេ មាន​បញ្ហារ​ត្រចៀកដោយសារតែ​ការ​ទៅស្ដាប់ការប្រគុំតន្ត្រី។

គាត់ក៏ចាប់ផ្ដើម​ឆ្នៃ​បង្កើត​នូវ​ឧបករណ៍ញ៉ុកត្រចៀក ដែល​ធ្វើការ​បម្លែង​សម្លេង​ឮខ្លាំង​ពីខាងក្រៅឱ្យទៅជា​តិច​ចូលមកក្នុងត្រចៀក​ដោយមិនកាត់​គុណភាពនៃ​សម្លេង​ ក្រោយពីឆ្នៃបង្កើត​បានសម្រេច​គាត់​ក៏ចាប់ផ្ដើម​ប្រកាស​បើកដំណើរ​ការ​នូវ​អាជីវកម្មរបស់​គាត់​នៅ​ឆ្នាំ២០១៦ លោក Jack Mann បានទទួលសារ​មួយពីកម្មវិធីទូរទស្សន៍ឈ្មោះថា Shark Tank ដើម្បីឱ្យគាត់ឡើង​បង្ហាញគំនិត​គាត់ ក្នុងគោលបំណង​យក​ទុនវិនិយោគពីគណកម្មការ។

បង្ហាញគំនិត​អាជីវកម្មរបស់គាត់បានត្រឹម​តែ​១០នាទី គណកម្មការ​ម្នាក់បាន​ឱ្យលុយគាត់​ ១សែនដុល្លារ​ជា​ថ្នូរ​នឹង​ភាគហ៊ុន​៣៥%ក្នុងក្រុមហ៊ុនរបស់គាត់ ហើយគាត់​ក៏នឹង​ទទួលបាន​លុយ​២ដុល្លារ​ រាល់ការលក់កាស​ត្រចៀកនោះអស់មួយ។ យ៉ាង​ណាក៏ដោយ Jack Mann បានបដិសេធសំណើរ​នោះហើយសម្រេច​ធ្វើអាជីវកម្មនោះដោយខ្លួនឯង​ រហូតជោគជ័យ​។

សព្វថ្ងៃនេះមិនថា​តែ​អ្នក​មានបញ្ហារត្រចៀកនោះទេ បុគ្គលិកហាង​កាហ្វេ យោធា អ្នកជ្រមុជទឹក សុទ្ធតែ​ប្រើប្រាស់ផលិត​ផលដែលគាត់បង្កើត​ទាំង​អស់។

សព្វថ្ងៃនេះគាត់​ជិះឡានរបស់គាត់មួយគ្រប់ទីកន្លែង​ពាសពេញសហរដ្ឋអាមេរិក ហើយធ្វើការ​ពីកន្លែង​ណាដែលមានអ៊ីនធឺណេត៕

អត្ថបទដោយ៖ ខុន សក្ក័ដា

LEAVE A REPLY

Please enter your comment!
Please enter your name here