លុយ Jack Ma ចាយ១ថ្ងៃ១លានដុល្លារ ប្រើពេលជាង១០០ឆ្នាំទើបចាយអស់

0
2976

អតីតគ្រូបង្រៀនភាសាអង់គ្លេសប្រាក់ខែ១២ដុល្លារ បរាជ័យក្នុងការរកការងារធ្វើមិនតិចជាង៣០កន្លែង ចេញរកស៊ីខ្លួនឯងនៅឆ្នាំ១៩៩៥ បង្កើតភាពមានបានឲ្យខ្លួនឯងក្លាយជាមហាសេដ្ឋីមានបំផុតនៅចិន មានទ្រព្យជាង៤២ពាន់លានដុល្លារអាមេរិក។

ទ្រព្យដ៏ច្រើនលើសលប់នេះ ប្រសិនបើមហាសេដ្ឋីមាឌល្អិតរូបមុខអាក្រក់រូបនេះចំណាយមួយថ្ងៃ ១លានដុល្លារអាមេរិក គាត់ត្រូវប្រើពេលរហូតដល់ទៅជាង១១៥ឆ្នាំឯណោះ ទើបចាយទ្រព្យខ្លួនឯងអស់។

លោក Jack Ma បានកើតនៅហាងចូវ (Hangzhou) ក្នុងខេត្ត Zhejiang ប្រទេសចិន ហើយឪពុកម្តាយរបស់លោកគឺជាអ្នកតន្ត្រីករបុរាណ។ សេដ្ឋកិច្ចគ្រួសាររបស់លោកមិនសូវជាល្អប៉ុន្មាននោះទេ ហើយកាលពីក្មេង លោកជាសិស្សម្នាក់ដែររៀនខ្សោយមុខវិជ្ជាគណិតវិទ្យា តែលោកចូលចិត្តរៀនភាសាអង់គ្លេស។ រៀងរាល់ព្រឹកលោកបានជិះកង់ទៅកាន់សណ្ឋាគារដើម្បីធ្វើការទំនាក់ទំនង និងហ្វឹកហាត់ភាសាអង់គ្លេសរបស់លោកជាមួយនឹងជនបរទេសអស់រយៈពេលជិត ១០ឆ្នាំ ដោយមិនបានខ្វាយខ្វល់ពីពាក្យរិះគន់របស់អ្នកដទៃឡើយ។

ក្រោយពីបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ លោកបានដាក់ពាក្យសុំប្រលងចូលរៀនបន្តនៅវិទ្យាស្ថាន ហាងចូវ ដែលជាវិទ្យាស្ថានបណ្តុះបណ្តាលគ្រូបង្រៀន និងបានទទួលបរាជ័យក្នុងការប្រលងចូលមហាវិទ្យាល័យចំនួនពីរលើក តែដោយការប្រឹងប្រែងរបស់លោក នៅទីបំផុតលោកក៏បានប្រលងជាប់។ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ផ្នែកភាសានៅវិទ្យាស្ថាន ហាងចូវ នៅក្នុងឆ្នាំ ១៩៨៨  លោកបានចាប់ផ្តើមស្វែងរកការងារធ្វើ តែគ្រប់ការងារដែលលោកបានដាក់ពាក្យសុំ ត្រូវបានគេបដិសេធប្រមាណ ៣០ ដង។ លោកបានមានប្រសាសន៍ថា ក្នុងចំណោមអ្នកដាក់ពាក្យសុំធ្វើការឲ្យហាង KFC ចំនួន ២៤ នាក់ មាន ២៣នាក់បានជាប់ ហើយមានម្នាក់បានធ្លាក់ដែលម្នាក់នោះគឺជារូបលោក។​ ជាងនេះទៅទៀតលោកបានដាក់សុំបន្តការសិក្សានៅសកលវិទ្យាល័យ Harvard University ចំនួន ១០លើក តែត្រូវបានគេបដិសេធដូចគ្នា។

នៅទីបំផុត លោកក៏បានក្លាយទៅជាគ្រូបង្រៀននៅសកលវិទ្យាល័យ Hangzhou Dianzi University ដែលទទួលបានប្រាក់ខែត្រឹមតែ ១២ដុល្លារ ប៉ុណ្ណោះក្នុងមួយខែ។​ នៅក្នុងឆ្នាំ ១៩៩៥ លោកបានធ្វើដំណើរជាលើកដំបូងទៅកាន់សហរដ្ឋអាមេរិច ក្នុងកិច្ចជំនួញរបស់លោក ហើយលោកបានមើលឃើញពីសក្តានុពលនៃប្រព័ន្ធ អ៊ីនធើណេត។ លោកបានគិតថា ប្រទេសចិននឹងមានការប្រែប្រួលជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធដ៏ទំនើបនេះ ដូចនេះពេលត្រប់មកវិញលោកក៏បានហៅនូវមិត្តភ័ក្តរបស់លោកចំនួន ៣៥នាក់ មកជួបប្រជុំគ្នានៅផ្ទះល្វែងរបស់លោក ដើម្បីនិយាយពីគម្រោងធ្វើជំនួញរបស់លោកនៅក្នុងឆ្នាំ ១៩៩៩ ។

​ក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុន ផ្តល់សេវាកម្មផ្សព្វផ្សាយ និងដោះដូរទំនិញតាមរយះប្រព័ន្ធអ៊ីនធើណេត ដែលដឹកនាំដោយលោក Jack Ma បានប្រឈមមុខជាមួយនឹងបញ្ហារាប់មិនអស់ តែលោកនៅតែមិនព្រមបោះបង់ចោល។ ដោយការប្រឹងប្រែង ព្យាយាម តស៊ូមិនចុះចាញ់ រួមផ្សំនឹងភាពអំនត់ នៅទីបំផុត Alibaba ក៏ចាប់ផ្តើមទទួលបានការគាំទ្ររហូតដល់អាចវាយបំបាក់ក្រុមហ៊ុន eBay ដែលជាក្រុមហ៊ុនទិញលក់ផលិតផលដ៏ធំជាងគេលើពិភពលោកបាន នៅក្នុងប្រទេសចិន ក្នុងឆ្នាំ ២០១៤។

នៅក្នុងខែមិថុនា ឆ្នាំ ២០១៦ Jack Ma បានក្លាយទៅជាមហាសេដ្ឋីនៅលំដាប់ទី ២ ក្នុងប្រទេសចិន  ដែលមានលុយចំនួន ២៣.៩ពាន់លានដុល្លារអាមេរិច បន្ទាប់ពីមហាសេដ្ឋីលំដាប់ទី ១ គឺលោក Wang Jianli ដែលមានលុយចំនួន ៣២.៩ពាន់លានដុល្លារអាមេរិច។​ ហើយកាលពីពេលថ្មីកន្លងទៅនេះ លោក Jack Ma ក៏បានទិញនូវភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន KFC នៅក្នុងប្រទេសចិន៕

 

អត្ថបទដោយ​៖ MENG SONGHUA

 

LEAVE A REPLY

Please enter your comment!
Please enter your name here