ហ្រ្វេនឆាយកាហ្វេStarbucksមានសង្ឃឹមក្តោបក្តាប់ទីផ្សារនៅចិនដោយសារJack Maធ្វើរឿងមួយនេះ

0
3757

ចិន៖ក្រុមហ៊ុនកាហ្វេ Starbucks បានសហការវិនិយោគជាមួយមេធំ Alibaba របស់មហាសេដ្ឋីអាស៊ីមាឌល្អិតចិត្តធំ Jack Ma ដើម្បីបង្កើត​ប្រវិត្តិសាស្រ្តកាហ្វេថ្មីបំផុតមួយនៅចិន​ ដោយគ្រោងនឹងបោះ​ទីតាំងហាង​កាហ្វេ២ពាន់​សាខាបន្ថែមទៀត ក្រោមការជ្រោមជ្រែងពីផ្សារអនឡាញល្បីៗក្នុងស្រុក ដែលកំពុងតែមានអ្នកប្រើ​ប្រាស់រហូតជាងកន្លះពាន់​លាននាក់។

នាយកប្រតិបត្តិក្រុមហ៊ុនកាហ្វេ Starbucks លោក Kevin Johnson បានសហការជាមួយ Alibaba ដើម្បីវាយលុកទីផ្សារកាហ្វេនៅចិនដោយគ្រោងបើកហាងចំនួន ១៥០នៅស៊ាងហៃ និង​ប៉េកាំង ហើយ​បន្ទាប់​មកពង្រីកហាងសាខារហូត ២០០០ នៅក្រុងធំៗ៣០ផ្សេងទៀត មុនដំណាច់ឆ្នាំនេះ។

នាយកប្រតិបត្តិរូបនេះបានថ្លែងថា អតិថិជនដែលកំពុងប្រើប្រាស់ Alipay ឬ Taobao ឬ Tmall ឬ Hema អាចញាំកាហ្វេ Starbucks តាមការបញ្ជាទិញតាម App យ៉ាងងាយស្រួលបំផុត ​ខណៈ​បច្ចុប្បន្ន​មាន​ចំនួនអ្នកប្រើប្រាស់យ៉ាងច្រើនលើសលប់រហូតដល់ជាង៥០០លាននាក់​ឯណោះ នៅលើផ្សារទំនិញ​អនឡាញដ៏ពេញនិយមទាំងនេះ។

ចំណែក អគ្គនាយកក្រុមហ៊ុន Starbucks ប្រចាំប្រទេសចិន លោក Belinda Wong​ បានប្រាប់​វិនិយោ​គិនថា “សេវាកម្មដឹកជញ្ជូនថ្មីរបស់យើងនឹងឆ្លើយតបទៅតាមតម្រូវការនៃអតថិជន និងមាន​ស្តង់ដារខ្ពស់​បំផុត​ដែលអតិថិជនរបស់យើងនៅក្នុងប្រទេសចិនបានរំពឹងទុក នៅពេល​យើងពង្រីក​អាជីវកម្ម​នេះបានសម្រេច” ។

គួរជម្រាបថា ស្តាបាកអាចរកប្រាក់ចំណេញបាន២.៩ពាន់លានដុល្លារកាលពីឆ្នាំ២០១៧  ដែលធ្វើឲ្យយីហោមួយនេះកើនតម្លៃដល់៧០.៩ពាន់លានដុល្លារ ។ស្តាបាកជាហាងកាហ្វេធំបំផុតនៅលើពិភពលោកជាមួយនឹងទីតាំងលក់រាយចំនួនជាង២ម៉ឺន៧ពាន់សាខា បើតាមទិន្នន័យចុងក្រោយបង្អស់គិតត្រឹមពាក់កណ្តាលឆ្នាំចាស់២០១៨មក៕

 

អត្ថបទដោយ ៖NOUN VANNAK, FRANCHISE EDITOR

Facebook: NOUN VANNAK

LEAVE A REPLY

Please enter your comment!
Please enter your name here