គ្រាន់តែយន្តហោះ ធ្លាក់ភ្លាម ភាគហ៊ុនក្រុម Boeing នៅផ្សារហ៊ុនធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មាន!

0
1033

កាលពីថ្ងៃទី ១០ ខែមីនា នេះ មានហេតុការណ៍ធ្លាក់យន្តហោះ Boeing 737 Max របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian airlines ដែលធ្វើឲ្យអ្នកទាំង១៥៧ ចម្រុះជាតិសាសន៍បានស្លាប់បាត់បង់ជីវិតទាំងអស់។

ហេតុការណ៍ធ្លាក់យន្តហោះ Boeing 737 Max 8 ដែលជាយន្តហោះ លក់ដាច់បំផុតរបស់ Boeing  បានធ្វើឲ្យមានព្យុះភ្លៀងនៅផ្សារហ៊ុន The Dow នៅសហរដ្ឋអាមេរិក។ ជាក់ស្ដែង នៅថ្ងៃច័ន្ទពោលគឺមួយថ្ងៃ បន្ទាប់ឧប្បទ្ទវហេតុ ធ្លាក់យន្តហោះនៅ ប្រទេស Ethiopia ភាគហ៊ុន របស់ Boeing បានធ្លាក់ចុះ ចំនួន ៥ភាគរយ។

បើយោងតាមសារព័ត៌មាន CNN បានចេញផ្សាយថា ត្រឹមព្រឹកថ្ងៃច័ន្ទសប្ដាហ៍នេះ ភាគហ៊ុនរបស់ Boeing បានធ្លាក់ចុះច្រើនបំផុតប្រមាណ ១៣.៥ភាគរយ ដែលធ្វើឲ្យភាគហ៊ុន Boeing ធ្លាក់មកដល់កម្រិតទាបបំផុត ដូចកាលពីព្រឹត្តិការណ៍ប្លន់យន្តហោះ Boeing ក្នុងឆ្នាំ ២០០១ របស់ក្រុមភេវករ ដើម្បីហោះបំបុកអគារ ពាណិជ្ជកម្មពិភពលោក( World Trade Center) របស់អាមេរិក។

កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ពេលផ្សារហ៊ុនបិទការជួញដូរ ភាគហ៊ុន របស់ Boeing មានតម្លៃ ៤២២.៥៤ដុល្លារក្នុងមួយហ៊ុន តែនៅថ្ងៃច័ន្ទសប្ដាហ៍នេះ បន្ទាប់ពី ហេតុការណ៍ធ្លាក់យន្តហោះ Boeing 737 Max 8 ភាគហ៊ុនរបស់ Boeing បានធ្លាក់មកត្រឹម ៣៦៥.៥៥ដុល្លារក្នុងមួយហ៊ុន។

គួរជម្រាបផងដែរថា​ ក្រោយធ្លាក់យន្តហោះ Boeing 737 Max 8 ក្រុមហ៊ុនអាកាសចរណ៍ Korean Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតប្រចាំប្រទេសកូរ៉េអាចនឹងលុបចោលគម្រោងទិញយន្តហោះ Boeing 737-800 MAX ចំនួន ៦ គ្រឿងសម្រាប់ឆ្នាំនេះ។ ចំណែកចិន ទើបនឹង​ប្រកាស​ផ្អាករាល់ជើង​ហោះហើរទាំង​អស់​ដែលប្រើប្រាស់យន្តហោះប្រភេទ Boeing 737 នេះក្រោមហេតុផលសុវត្ថិភាពអ្នកដំណើរ​ ខណៈដែលនៅចិន​​មាន​យន្តហោះប្រភេទនេះមិនតិច​ជា​ង​៩០គ្រឿង​ទេកំពុង​ប្រតិបត្តិការហោះហើរ។

យ៉ាងណាមិញ អជ្ញាធរអាកាសចរណ៍អាមេរិកនៅតែបន្តជឿជាក់លើសុវត្ថិភាពយន្តហោះ 737 Max 8 របស់ក្រុមហ៊ុន Boeing Co បើទោះបីជាប្រទេសមួយចំនួនដូចជាចិននិងកូរ៉េសម្រេចថាផ្អាកជើងហោះហើររបស់យន្តហោះ Boeing 737 បណ្តោះអាសន្ន៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here