មកស្គាល់សេដ្ឋីនីមានបំផុត ១១ រូបលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យា ដែលកំពុងដឹកនាំក្រុមហ៊ុនមិនចាញ់បុរស

0
418

មហាសេដ្ឋីភាគច្រើនដែលជាប់ក្នុងបញ្ចីមហាសេដ្ឋីពិភពលោករបស់ទស្សវដ្តី Forbes សុទ្ធតែជាបុរស ប៉ុន្តែបញ្ចីថ្មីនេះបានរាប់បញ្ចូលសេដ្ឋីនីចំនួន ១១ រូបដែលសព្វថ្ងៃគាត់កំពុងក្តោបក្តាប់លុយរាប់ពាន់លានដុល្លារតាមរយៈការងារក្នុងវិស័យបច្ចេកវិទ្យា ក៏ដូចជាភាគហ៊ុនផ្សេងៗ ជាពិសេសពួកគាត់សុទ្ធតែជាអ្នកដឹកនាំកំពូលៗផងដែរ ។

១- Laurene Powell Jobs

លោកស្រី Laurene Powell Jobs ត្រូវបានគេស្គាល់ថាភរិយារបស់ស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs ដែលគាត់មានទ្រព្យសម្បត្តិសរុប ១៨.៥ ពាន់លានដុល្លារ ជាអ្នកមហាសេដ្ឋីលំដាប់លេខ ៥៧ លើពិភពលោក ។

លុយរបស់គាត់មួយភាគធំបានមកពីភាគហ៊ុនក្នុងក្រុមហ៊ុន Apple និង Disney ដែលបន្សល់ទុកពីលោក Jobs ។ ក្រៅពីទ្រព្យសម្បត្តិសល់ពីស្វាមី លោកស្រីបានបង្កើតអង្គការជួយសង្គមមួយនៅខ្ទង់ឆ្នាំ ២០០០ ដែលមានឈ្មោះថា Emerson Collective ។

២- Dagmar Dolby

លោកស្រី Dagmar Dolby ជាសេដ្ឋីលំដាប់ ៤៧៩ លើពិភពលោក​ មានទ្រព្យសម្បត្តិ ៤.១ ពាន់លានដុល្លារ មានអាយុ ៧៧ ឆ្នាំ គាត់ជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន Dolby Laboratories ដែលជាក្រុមហ៊ុនជំនាញខាងផលិតប្រព័ន្ធសម្លេង surround-sound និងបច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខាន ។

គាត់ក្តោបក្តាប់ភាគហ៊ុន ៣៨% សល់ពីប្តីរបស់គាត់ដែលជាអ្នកបង្កើតក្រុមហ៊ុននេះឡើងនៅឆ្នាំ ១៩៦៥ ។

៣-Judy Faulkner

លោកស្រីជាស្ថាបនិកនិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Epic Systems ដែលបង្កើតប្រព័ន្ធវិជ្ជសាស្ត្រអេឡិចត្រូនិកដើម្បីតាមដានរបាយការណ៍អ្នកជម្ងឺ មានអ្នកប្រើច្រើនបំផុតនៅសហរដ្ឋអាមេរិក ។

លោក​ Faulkner បង្កើតក្រុមហ៊ុននេះនៅឆ្នាំ ១៩៧៩ ធ្វើឲ្យលោកស្រីមានទ្រព្យសម្បត្តិ ៣.៦ ពាន់លានដុល្លារ ជាអ្នកមានបំផុតលំដាប់លេខ ៥៩២ លើពិភពលោក ក្នុងអាយុ ៧៥ ឆ្នាំ ។

៤- Meg Whitman

គាត់ជានាយកប្រតិបត្តិវេបសាយលក់ទំនិញអនឡាញយក្ស eBay តាំងពីឆ្នាំ ២០០៨ គាត់កាន់កាប់ eBay ជាង ១០​ ឆ្នាំធ្វើឲ្យក្រុមហ៊ុននេះប្រែក្លាយពីចំណូលពីរបីលានដុល្លារទៅជាក្រុមហ៊ុនដែលមានចំណូលជាង ១០ ពាន់លានដុល្លារ ។ គាត់ក៏ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនពីរផ្សេងទៀតដែរ និងជាក្រុមប្រឹក្សារបស់ក្រុមហ៊ុនកីឡាអេឡិចត្រូនិក​ Immortals ។

ការងារជានាយកប្រតិបត្តិធ្វើឲ្យក្លាយជាសេដ្ឋីនីវ័យ ៦២ ឆ្នាំមានទ្រព្យសម្បត្តិ ៣.៣ ពាន់លានដុល្លារ ។

៥- Zhou Qunfei

សេដ្ឋីនីជនជាតិចិនរូបនេះមានអាយុ ៤៩ ឆ្នាំ គាត់ជានាយកប្រតិបត្តិក្រុមហ៊ុន Lens Technology ដែលជាអ្នកផ្គត់ផ្គង់កញ្ចក់ការពារអេក្រង់ស្មាតហ្វូនដែលអ្នកកំពុងប្រើសព្វថ្ងៃនេះរួមមាន iPhone, Samsung ជាដើម ។

គាត់មិនមានទ្រព្យសម្បត្តិសល់ពីស្វាមីឬសាច់ញាតិទេ ប៉ុន្តែគាត់បានបង្កើតលុយលានដុល្លារនេះដោយខ្លួនឯង ។ លោកស្រី Qunfei មានទ្រព្យសម្បត្តិសរុប ៣.១ ពាន់លានដុល្លារ ។

៦-Ma Dongmin

លោកស្រីជាភរិយារបស់លោក Robin Li ដែលជាសហស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន Search Engine ប្រចាំប្រទេសចិន Biadu ដែលត្រូវបានគេស្គាល់ថា Google ចិន ។

អ្នកស្រីបានត្រឡប់មកបម្រើការជាជំនួយការពិសេសរបស់អគ្គនាយក Biadu នៅឆ្នាំ ២០១៧ ក្នុងនោះអ្នកស្រីមានទ្រព្យសម្បត្តិ ២.៦​ ពាន់លានដុល្លារ ។

៧- Lam Wai Ying

គាត់ជាសេដ្ឋីនីចិនដែលមានដោយសារបង្កើតក្រុមហ៊ុនផលិតកញ្ចក់ការពារអេក្រង់សម្រាប់ iPhone និងផលិតផលផ្សេងទៀតដូចជា នាឡិកាឆ្លាតវៃ និងថេបប្លេត ។

លោកស្រី Wai Ying ជាអគ្គនាយកក្រុមហ៊ុន Biel Crystal Manufactory ដែលលោកស្រីមានទ្រព្យសម្បត្តិ ២.៣ ពាន់លានដុល្លារ ។

៨- Thai Lee

លោកស្រី Lee​ ជានាយកប្រតិបត្តិក្រុមហ៊ុន​ SHI International ដែលជាក្រុមហ៊ុនលក់សេវាកម្ម IT នៅសហរដ្ឋអាមេរិក ដែលបានបម្រើអតិថិជនច្រើនលើសពី ១៧០០០ ស្ថាប័នរួមមាន AT&T និង Boeing ។ លោកស្រីមានទ្រព្យសម្បត្តិ ២.៣ ពាន់លានដុល្លារក្នុងវ័យ ៦០ ឆ្នាំ ។

៩- Wang Laichun

ជាសេដ្ឋីនីចិន មានទ្រព្យសម្បត្តិ ២ ពាន់លានដុល្លារ លោកស្រី Laichun ជាអគ្គនាយកក្រុមហ៊ុន Luxshare Precision ដែលផលិតខ្សែតចេញពីកុំព្យូទ័រ (Connector) សម្រាប់ក្រុមហ៊ុន  Apple និងបានបម្រើការជាអ្នកដឹកនាំនៅរោងចក្រដំឡើង iPhone ផងដែរ ( Foxconn) ។

១០- Zeng Fangqin

កំពុងក្តោបក្តាប់ទ្រព្យសម្បត្តិ ១.៦ ពាន់លានដុល្លារ ដោយសារលោកស្រីជាអគ្គនាយកក្រុមហ៊ុន Lingyi Technology ដែលផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកតូចៗទាក់ទងនឹងស្មាតហ្វូន ថេបប្លេត លេបថប់ សម្រាប់ក្រុមហ៊ុនធំៗដូចជា Apple និង Huawei ។

១១- Sheryl Sandberg

សេដ្ឋីនីចុងក្រោយគេនេះត្រូវបានគេស្គាល់ថាជានាយកផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន Facebook និងធ្លាប់ជាអតីតអគ្គនាយករងផ្នែកប្រតិបត្តិការនិងលក់អនឡាញនៅក្រុមហ៊ុន Google ផងដែរ ។

គ្រាន់តែចំណូលពីការងារជាអ្នកដឹកនាំជាន់ខ្ពស់នៅ Facebook ធ្វើឲ្យលោកស្រីសល់ទ្រព្យសម្បត្តិ ១.៦ ពាន់លានដុល្លារក្នុងវ័យ ៤៩ ឆ្នាំ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ប្រភព ៖ Business Insider

LEAVE A REPLY

Please enter your comment!
Please enter your name here