ចំណុចទាំងនេះហើយ ប្រែក្លាយអ៊ីស្រាអែលពីប្រទេសដីតូចមនុស្សតិចទៅជាអ្នកនាំមុខគេលើផ្នែកបច្ចេកវិទ្យា

0
4045

គ្រប់គ្នា​ប្រាកដ​ជាដឹង​ហើយពីប្រទេសអ៊ីស្រាអែល​ដែលជាប្រទេស​មាន​ប្រជាជនតិច​ប្រមាណ​៨.៧លាននាក់ប៉ុណ្ណោះ ជាមួយនឹង​ទំហំដីតូច​ត្រឹម​តែ ២០ ៧៧០ គីឡូម៉ែត្រ​ការ៉េប៉ុណ្ណោះ ប៉ុន្តែ​វិស័យបច្ចេកវិទ្យា​នៅប្រទេស​មួយនេះដើរ​លឿនជាង​បណ្ដារ​ប្រទេស​អឺរ៉ុប ហើយក្រុមហ៊ុនមួយចំនួននៅលើពិភពលោកពឹង​ពាក់បច្ចេកវិទ្យា​របស់​អ៊ីស្រាអែលក្នុងការ​រកស៊ីរបស់ខ្លួន។

សម្រាប់វិស័យបច្ចេកវិទ្យាអ៊ីស្រាអែលត្រូវ​បានគេស្គាល់ថាជាអ្នកដើរ​មុនគេ នឹង​ឈានមុខគេបង្អស់ក្នុងផ្នែក​សុវត្ថិភាព​នៅលើអ៊ីនធឺណេតក៏ដូចជា​ប្រព័ន្ធបច្ចេកវិទ្យា​ផ្សេងៗ ឬគេនិយម​ហៅថា Cybersecurity នោះ។ ក្រៅពីនេះ ប្រទេស​ក្សត់ទឹក​មួយនេះមានបច្ចេកវិទ្យា​ខ្ពស់ក្នុង​ការ​ដាំដំណាំ​ បើទោះជាមានសភាពដីស្ងួតហួត​ហែង​យ៉ាង​ណាក្តី។

និយាយជារួមមកអ៊ីស្រាអែលបានដើរ​ផុតគេច្រើនណាស់​នៅលើឆាកអន្តរជាតិ ហើយក៏បច្ចេកវិទ្យា​ពីប្រទេសនេះក៍បានដោះស្រាយ​បញ្ហារ​ពិភពលោក​មិនតិចទេ។​ ​ក្នុង​អត្ថបទនេះ Business Cambodia នឹង​បង្ហាញអ្នកទាំង​អស់គ្នា​នូវ​ចំណុច​មួយចំនួនត្រួស​ៗ ទាក់ទិននឹង​កត្តាដែលធ្វើឱ្យ​ប្រទេស​មួយនេះឈានមុខគេ​លើផ្នែកបច្ចេកវិទ្យា សូម្បីតែចិន ​ប្រជាជន​ច្រើនសន្ធឹក​​នៅតែ​តាមមិនចង់ទាន់។

កាតព្វកិច្ច​បម្រើកងទ័ព

ស្ថាបនិកនៃអាជីវកម្មបង្កើត​ថ្មីនៅអ៊ីស្រាអែលសុទ្ធតែមានបទពិសោធន៍ចូលបម្រើកងទ័ព ហើយ​សុទ្ធតែបាន​លើកឡើង​ពី​បទពិសោធន៍ល្អទទួលបាន​ក្នុងការបម្រើទ័ពធ្វើឱ្យពួកគេ​ទទួលបានជោគជ័យ​នៅក្នុងមុខជំនួញ។ សម្រាប់ប្រទេសអ៊ីស្រាអែល បានកំណត់​ឱ្យ​យុវជន​ និង​យុវតី​ដែលមានអាយុ​លើស​ពី​១៨ឆ្នាំ ត្រូវ​មាន​កតព្វ​កិច្ច​ចូលបម្រើកង​ទ័ព ដោយយុវជន​ត្រូវ​បម្រើយ៉ាង​តិច​៣ឆ្នាំ ឯ​យុវតី​តម្រូវ​ឱ្យ​ចូល​ទាហាន​យ៉ាង​តិច​២ឆ្នាំ។

នៅអ៊ីស្រាអែល​ពេលចូល​បម្រើកង​ទ័ព ទាំង​បុរស​និង​ស្ត្រី​នឹង​ទទួល​បាន​នូវ​ការបង្រៀនពីរបៀបធ្វើការ​ងារ​ជាក្រុម របៀបរៀបចំ​គម្រោង​ក្នុង​ការ​ធ្វើបេសកម្មអ្វីមួយ បន្ថែមពីនេះក៏មានជំនាញទាក់ទង​នឹងបច្ចេកវិទ្យា​ផ្សេងៗច្រើនទៀត តួរ​យ៉ាង​ជំនាញខាង សុវត្ថិភាពអ៊ីនធឺណេត(Cybersecurity) ជាមួយគ្នានេះដែរអ្នកចូលបម្រើកងទ័ព មានទំនួលខុសត្រូវ​ខ្ពស់​ទៅលើការងារ។

អាជីវកម្មបង្កើត​ថ្មីនៅក្នុង​វិស័យបច្ចេកវិទ្យា​ ទាមទារ​ឱ្យមាន​ការចេះសហការ​គ្នាក្នុងការ​ដោះស្រាយបញ្ហារ និង​ការចេះសម្រេចចិត្ត​ដោយត្រឹម​ត្រូវ​ហើយអ្នកដែលចូល​បម្រើកងទ័ពសុទ្ធតែមានជំនាញទាំងនេះ។ អ្នកដែលធ្លាប់ឆ្លង​កាត់​មើលឃើញថា​ការចូល​ទាហាន​ប្រៀបបាននឹង​បទពិសោធន៍ដ៏ល្អមួយក្រៅតែពី​ពង្រឹងគំនិត​ជាតិនិយម ក៏បានបណ្ដុះផងដែរនូវ​សហគ្រិនភាព និង​ការ​លើកទឹកចិត្ត​ក្នុងការគិត​ចេញនូវ​អ្វីដែលថ្មី។

កត្តា​ភូមិសាស្ត្រ​និង​ភាពចាំបាច់​ក្នុងការ​រស់​

ស្ថានភាពភូមិសាស្ត្រ​របស់អ៊ីស្រាអែលមានសភាពពិបាករស់នៅដោយហេតុ​តែ​ជាប្រទេស​ដែលក្សត់ក្សោយទឹក​សាប ដីតូច  ខ្វះសព្វខ្វះគ្រប់ មានទំនាស់​ជាមួយនឹង​ប្រទេសជិតខាង ជាហេតុ​តម្រូវ​ឱ្យប្រជាជននៃ​ប្រទេសមួយ​នេះត្រូវ​ងើបឡើង​ប្រើប្រាស់គំនិត​ឆ្នៃប្រឌិត​បង្កើត​ចេញទៅជាបច្ចេកវិទ្យាដោះស្រាយបញ្ហារនៅក្នុង​មាតុភូមិរបស់ខ្លួន។

ជាឧទាហរណ៍ការខ្វះខាត​ទឹកស្អាតប្រើប្រាស់ និង​ប្រព័ន្ធ​ស្រោចស្រព បានធ្វើឱ្យប្រទេសមួយនេះក្លាយទៅជាអ្នកនាំមុខលើបច្ចេកវិទ្យាស្រោចស្រព ដាំដំណាំដោយប្រើប្រាស់ទឹកតិច និងស្ថិត​ក្នុងចំណោមប្រទេស​នាំចេញកសិផលច្រើនជាង​គេបង្អស់​លើពិភពលោក។ ជាមួយគ្នានេះដែរកង្វះខាត​ទីផ្សារ​សម្រាប់ផលិត​ផលរបស់ខ្លួន និង​ភាពមិនសម្បូរបែបនៃទីផ្សារតំបន់ បានជម្រុញឱ្យ​ក្រុមហ៊ុនអ៊ីស្រាអែលចាប់ផ្ដើមឡើង​ដោយគិត​ពីការបង្កើត​ផលិត​ផលនិងសេវាកម្មដែលអាចផ្គត់ផ្គង់ទីផ្សារ​សកលបានតែម្ដង។

ការគាំទ្រ​ពីរដ្ឋាភិបាល

៥%នៃ GDP សរុប​របស់អ៊ីស្រាអែល​ត្រូវ​បាន​យកទៅវិនិយោគទៅលើវិស័យបច្ចេកវិទ្យា​ឯកជនតាមរយៈគម្រោង​សម្បូរ​បែប​ និង​ការគាំទ្រ​ការស្រាវជ្រាវ​តាមសាកលវិទ្យាល័យនីមួយៗ។ និស្សិត​ និង​ស្ថាបនិកក្រុមហ៊ុននៅអ៊ីស្រាអែល មានកម្លាំង​ចិត្ត​ក្នុង​ការ​ស្រាវជ្រាវនិង​បង្កើតថ្មី ដោយសារតែ​ការ​គាំទ្រពីសំណាក់រដ្ឋាភិបាល ធ្វើឱ្យមាន​នូវ​ការ​ស្នើរ​សុំកម្មសិទ្ធបញ្ញារកាន់តែច្រើន និង​ឯក្រុមហ៊ុន​ជោគជ័យនៅលើវិស័យ​បច្ចេកវិទ្យា​ក៏រីកដុះដាលកាន់តែខ្លាំង​។

ជាមួយគ្នានេះផងដែរ​ ដោយសារតែ​ធនធាន​មនុស្ស​នៅអ៊ីស្រាអែលមានគុណភាពខ្ពស់ បណ្ដារ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ សុទ្ធ​តែ​ដាក់​មជ្ឍមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍ​របស់ខ្លួននៅក្នុង​ប្រទេស​នេះ តួរយ៉ាង​ដូចជាក្រុមហ៊ុន Amazon, Apple, Intel, Microsoft, Facebook, និង Microsoftជាដើម។ អ្វីដែលអស្ចារ្យជាងនេះទៅទៀត លុយដែលស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា​យកទៅរកស៊ីភាគច្រើនស្ទើរ​តែ៨០% ជាលុយវិនិយោគមកពីបរទេស។

ទម្លាប់ប្រថុយប្រថាន​ប្រកបដោយភាពវ័យឆ្លាត

ការប្រថុយប្រថាន​ជាទម្លាប់ធម្មតា​ហើយសម្រាប់អាជីវកម្មបង្កើតថ្មីដោយហេតុតែ​ការចូលទៅក្នុង​ទីផ្សារ​ថ្មីមួយទៀត ជារឿង​គ្រោះថ្នាក់បន្តិច​បើប្រៀបធៀបនឹង​ការ​រកស៊ី​តាមគេ​ខណៈដែល​ទីផ្សារ​កំពុង​មានតម្រូវការ​ស្រាប់ហើយនោះ ប៉ុន្តែ​អ៊ីស្រាអែលមានអត្តចរិត​វិជ្ជមានចំពោះហានិភ័យ​លើអាជីវកម្មបង្កើតថ្មី បើតាម​ការ​ស្រាវជ្រាវពីសំណាក់វេទិការ​សេដ្ឋកិច្ចពិភពលោក (World Economic Forum)។

អ្នកចាប់ផ្ដើម​អាជីវកម្មនៅអ៊ីស្រាអែលមានភាពកក់ក្តៅក្នុងចិត្ត​បើទោះជាបីជាគំនិត​របស់ខ្លួនបរាជ័យ​ក៏ដោយ ជាមួយនឹង​ផ្នត់គំនិត​ថាការបរាជ័យជាមេរៀនត្រូវ​រៀនអភិវឌ្ឍខ្លួនបន្តរ​ទៅមុខទៀត​។ នៅអ៊ីស្រាអែលក្រុមហ៊ុន​បង្កើត​ថ្មីបរាជ័យ​មិនមែនជាអ្វីដែលត្រូវ​លាក់បាំង​នោះទេ តែ​ជា​ការ​បើកបង្ហាញ​សម្រាប់ឱ្យអ្នកដ៏ទៃ​ស្វែង​យល់​និង​រៀនសូត្រ​តាម។

ក្រៅតែពីកត្តាខាងលើនេះ ក៏មានផងដែរផ្នត់គំនិត​ដែលដក់ជាប់នៅក្នុង​ប្រជាជន​អ៊ីស្រាអែលធ្វើឱ្យខ្លួនឯង​ទៅជាជាតិសាសន៍ខ្លាំង និង​ឆ្លាត​ជាងគេលើលោក​ដូចជា៖ មូលដ្ឋានក្នុងការ​ត្រិះរិះពិចារណា ការចេះរៀបចំផែនការ និង​មានការប្ដេជ្ញាចិត្ត​ខ្ពស់នៅក្នុងការងារ។

ទោះបីជាយ៉ាងណាក៏ដោយអាជីវកម្មបង្កើត​ថ្មីនៅអ៊ីស្រាអែលក៏មានទំនោរ​អវិជ្ជមាន​មួយផងដែរ ដោយស្ថាបនិក​ចូលចិត្ត​លក់ក្រុមហ៊ុនចេញឱ្យទៅក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិក​ អឺរ៉ុប និង​ចិនជាដើម ក្រោយពេលបានជោគជ័យ​រួចមកហើយនោះ ជាជាង​ការ​ប្រមែប្រមូលទុនបន្ថែម អភិវឌ្ឍខ្លួនទៅជាក្រុមហ៊ុនមានប្រតិបត្តិ​ការ​ទូរទាំងពិភពលោក៕

អត្ថបទដោយ៖ ខុន សក្ក័ដា

LEAVE A REPLY

Please enter your comment!
Please enter your name here