ស្ថាបនិក Nham24 ថា កុំរកស៊ីមុខរបរមួយនេះឲ្យសោះ បើអ្នកចង់ក្លាយជាអ្នកមានឆាប់

0
1596

មុខរបរដឹកជញ្ជូនម្ហូបអាហារនិងទំនិញក្នុងទីក្រុងភ្នំពេញកំពុងមានអ្នករកស៊ីតាមគ្នាបន្តបន្ទាប់ មានទាំងក្រុមហ៊ុនតូចៗមិនស្តង់ដារ និងក្រុមហ៊ុនធំៗដែលមានបុគ្គលិករាបរយនាក់ ប៉ុន្តែស្ថាបនិក Nham24 មិនលើកទឹកចិត្តឲ្យអ្នកដែលចង់ធ្វើអ្នកមានឆាប់ មករកស៊ីមុខរបរមួយនេះទេ ។

លោក ចាន់ បូរីម៉ា ស្ថាបនិក Nham24 ប្រាប់ Business Cambodia ថា Nham24 បានចាប់ផ្តើមចូលទីផ្សារកម្ពុជាផ្លូវការនៅដើមឆ្នាំ ២០១៦ ប៉ុន្តែគិតមកដល់សព្វថ្ងៃនេះ Nham24 រកចំណេញមិនទាន់ឃើញនៅឡើយទេ លុយដែលបានមកពីថ្លៃដឹក ១ ដុល្លារៗ សម្រាប់តែទូទាត់ថ្លៃបុគ្គលិកប៉ុណ្ណោះ គ្រាន់តែ Nham24 បានពង្រីកក្រុមហ៊ុនធំជាងមុន ហើយ Nham24 រស់ដោយសារលុយរបស់អ្នកវិនិយោគតែប៉ុណ្ណោះ ។

លោក បូរីម៉ា ថា អ្នកដែលរកស៊ីមុខរបរនេះដែលចូលមកក្រោយៗ ភាគច្រើនអាចដំណើរការស្រួលក្នុងរយៈពេលមួយឆ្នាំ ឬមួយឆ្នាំកន្លះដំបូង ដោយសារពីដំបូងឡើយអាចនឹងចំណេញច្រើន ប៉ុន្តែសម្រាប់មុខរបរនេះ មួយរយៈក្រោយមកការចំណាយនឹងកាន់តែកើនឡើង ដូចនេះអ្នកដែលចង់ធ្វើអ្នកមានដោយសារមុខរបរនេះពិបាកនឹងតស៊ូជាមួយមុខរបរនេះណាស់ ។

ស្ថាបនិក Nham24 អះអាងថា ពេលចាប់ផ្តើមមុខរបរនេះដំបូងត្រូវចំណាយច្រើនលើថ្លៃទិញម៉ូតូ អស់ថ្លៃបុគ្គលិក ថ្លៃជួសជុល ថ្លៃសាំង ។ ជាក់ស្តែងពេលចាប់ផ្តើម Nham24 ថ្មីៗនោះ ការចរចារជាមួយហាងលក់អាហារក៏ជារឿងថ្មី ដោយសារគេគិតថាផ្លេតហ្វមនេះក៏មិននាំតួលេខលក់ច្រើនឲ្យគេដែរ ចំណែកអតិថិជនក៏ជារឿងថ្មីដូចគ្នា ភាគច្រើនពួកគាត់មិនដឹងថាកុម្ម៉ង់ម្ហូបតាមវេបសាយឬ App យ៉ាងម៉េច ។

លោក បូរីម៉ា បញ្ជាក់ថា បើចង់រកស៊ីមុខរបរនេះបានយូរ លុះត្រាតែអ្នកមានចក្ខុវិស័យវែងឆ្ងាយ មិនមែនចង់ធ្វើមានមួយពព្រិចភ្នែកទេ ។

ចំពោះស្ថាបនិក Nhma24 ផ្ទាល់ លោកមិនរំពឹងធ្វើអ្នកមានដោយសារមុខរបរនេះទេ ប៉ុន្តែលោកនៅតែមិនបះបង់មុខរបរនេះ ដោយសារលោកមានចក្ខុវិស័យចង់បង្កើត E-Coomerce (ផ្សារអនឡាញដូច Alibaba ឬ Amazon) នៅស្រុកខ្មែរ ដូចច្នោះ Nham24 ជាកន្លែងកសាងមូលដ្ឋានអតិថិជនដំបូង ។

គួរបញ្ជាក់ថា Nhma24 សព្វថ្ងៃនេះរស់ដោយសារលុយពីអ្នកវិនិយោគធំៗដូចជាគម្រោង SADIF របស់ Smart ប៉ុន្តែមិនទាន់ចំណេញជាដុំកំភួនទេ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here