បុគ្គលិកត្រូវតែមាន ៣ ចំណុចនេះ បើចង់ទទួលបានទំនុកចិត្តខ្ពស់ពីថ្នាក់ដឹកនាំរបស់ខ្លួន

0
1124

បើយើងនិយាយពីទំនុកចិត្ត មនុស្សយើងម្នាក់ៗតែងតែចង់បានការជឿទុកចិត្តពីអ្នកដ៏ទៃ ប៉ុន្តែទន្ទឹមនិងនោះការកសាងទំនុកចិត្តវាមិនមែនជារឿងងាយស្រួលនោះឡើយ គឺទាមទារអោយមនុស្សមានចំណុចល្អៗច្រើននៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ។ ហើយចំពោះបុគ្គលិកបំរើការ នឹងអ្នកដែលកំពុងបំពេញការងារនៅក្នុងក្រុមហ៊ុននឹងស្ថាប័នមិនថាតូចឬធំឡើយ គឺតែងតែចង់បានទំនុកចិត្ត និងការជឿទុកចិត្តពីថ្នាក់លើ នឹងថ្នាក់ដឹកនាំរបស់ខ្លួនដែរ។

ក្នុងពេលនេះដែរ Business Cambodia សូមលើកយក ៣ ចំណុចដែលបុគ្គលិកត្រូវតែធ្វើដើម្បីទទួលបានទំនុកចិត្តពីថ្នាក់ដឹកនាំ។

.ភាពស្មោះត្រង់

ភាពស្មោះត្រង់គឺជារឿងមួយដែលមនុស្សទូទៅមិនថាក្នុងគ្រួសារ មិត្តភក្តិ ឬក្នុងសង្គមខាងក្រៅ នោះឡើយគឺអ្នកត្រូវតែប្រកាន់ភាពស្មោះត្រង់អោយបានខ្ជាប់ខ្ជួននោះទើបជីវិតរបស់យើងមានតម្លៃ នឹងទទួលបានការជឿទុកចិត្តពីសំណាកមនុស្សនៅជុំវិញខ្លួន។ ប្រសិនបើអ្នកជាបុគ្គលិកដែលកំពុងតែបំពេញកិច្ចការងារនោះអ្នកត្រូវតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់រវាងបុគ្គលិកដូចគ្នា នឹងរវាងអ្នកជាមួយថ្នាក់លើរបស់អ្នកអោយបានល្អបំផុត ។​ ភាពស្មោះត្រង់នឹងជួយអ្នកអោយក្លាយជាបុគ្គលថ្លៃថ្នូរ នឹងមានតម្លៃព្រមទាំងទទួលបានការជឿទុកចិត្តពីមិត្តរួមការងារ នឹងពីថ្នាក់លើរបស់អ្នកថែមទៀតផង។

.ម៉ត់ចត់ជាមួយនឹងការងារ

ចំពោះការងារ មិនថាការងារតូច ឬធំនោះឡើយគឺអ្នកត្រូវតែទទួលខុសត្រូវលើការងារទាំងនោះ ហើយខិតខំបំពេញវាអោយបានម៉ត់ចត់ ។ ការងារទាំងឡាយណាដែលថ្នាក់លើ នឹងថ្នាក់ដឹកនាំបានដាក់អោយអ្នកធ្វើទោះយឺត ឬលឿនក៏ដោយអ្នកត្រូវតែបំពេញវាអោយបានរួចរាល់ នឹងដោយយកចិត្តទុកដាក់បំផុត ។ បើអ្នកជាបុគ្គលិកម្នាក់ដែលម៉ត់ចត់ជាមួយនឹងការងារនោះ អ្នកមិនត្រឹមតែទទួលបានភាពជឿទុកចិត្តេពីសំណាក់អ្នករួមការងារ នឹងថ្នាក់ដឹកនាំនោះឡើយ អ្នកក៏ទទួលបានការកោតសរសើរពីពួកគេថែមទៀតថង ។

.គិតគូរពីផលប្រយោជន៍រួមជាធំ

មនុស្សយើងម្នាក់ៗគឺខិតខំធ្វើការដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន នឹងដើម្បីគ្រួសារផងដែរ​ ហើយស្ទើតែគ្មានបុគ្គលណាម្នាក់ដែលមិនគិតគូរពីផលប្រយោជន៍នោះឡើយ។ ក៏ប៉ុន្តែបើអ្នកជាបុគ្គលិកកំពុងតែបំពេញកិច្ចការងារនោះ អ្នកគួរតែព្យាយាមគិតគូរពីផលប្រយោជន៍រួមជាធំគឺមានន័យថាខិតខំធ្វើការរួមគ្នា ដោះស្រាយបញ្ហារួមគ្នា នឹងរីកចំរើនក៏រួមគ្នាផងដែរ ។ នៅពេលដែលអ្នកជាបុគ្គលម្នាក់ដែលគិតគូរពីផលប្រយោជន៍រួមជាធំនោះអ្នកមិនត្រឹមតែក្លាយជាបុគ្គលិកឆ្នើមនោះឡើយ អ្នកក៏នឹងក្លាយជាបុគ្គលិកគំរូម្នាក់ផងដែរ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here