ក្រុមហ៊ុនចិនចង់អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាទីក្រុងអភិវឌ្ឍន៍ដ៏ទំនើបមួយ

0
1184

ខេត្តព្រះសីហនុ ត្រូវបានក្រុមហ៊ុនវិនិយោគធំៗរបស់ចិនបន្តបោះទុនវិនិយោគលើគម្រោងអភិវឌ្ឍន៍ជាច្រើន ចាប់ពីសណ្ឋាគារ ផ្សារទំនើប ខុនដូរ កាស៊ីណូជាដើម។ ហើយពេលថ្មីៗនេះ មានក្រុមហុនអភិវឌ្ឍ៍ថ្មីមួយទៀត កំពុងតែសិក្សាឱកាសវិនិយោគលើវិស័យសំខាន់ៗ៤ បន្ថែមទៀត។

យោងតាមAKP នៅថ្ងៃទី០៨ ខែមីនា គណៈប្រតិភូក្រុមហ៊ុនវិនិយោគរបស់ចិន ដឹកនាំដោយ ស៊ុន ជៀនជុន (Sun Jianjun)  បានជួបពិភាក្សាការងារជាមួយឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងសិក្សាឈ្វេងយល់ពីគោលនយោបាយវិនិយោគ និងព័ត៌មានអំពីសក្តានុពល វិនិយោគនៅខេត្តព្រះសីហនុ ពិសេសសុំការគាំទ្រ និងលើកទឹកចិត្ត ក្នុងការមកបណ្តាក់ទុន នៅលើវិស័យមួយចំនួនរួមមានឧស្សាហកម្ម ថាមពល ទេសចរណ៍ និងសេវាកម្ម។

តំណាងក្រុមហ៊ុនចិន លោក ស៊ុន ជៀនជុន បានលើកឡើងថា គណៈប្រតិភូក្រុមហ៊ុនទាំងនេះគឺ ជាក្រុមហ៊ុន​ដែលមានបទពិសោធន៍នៅប្រទេសចិន ដូចជាក្រុមហ៊ុនកែច្នៃសំណល់​សំរាមឱ្យក្លាយទៅជា​ថាមពលអគ្គិសនី។ ហើយលោកបានបញ្ជាក់ថា ក្រុមហ៊ុនផលិតសម្ភារ បរិក្ខាអគ្គិសនីប្រើថាមពល​ព្រះអាទិត្យ ក្រុមហ៊ុនផលិតខ្សែកាប ក្រុមហ៊ុនអចលនទ្រព្យ  និងក្រុមហ៊ុនផលិតទូកទេស​ចរណ៍ជាដើម។

លោកបានបន្តអះអាងថា ដោយសារតែខេត្តព្រះសីហនុ មានសក្ដានុពលល្អក្នុង​ការវិនិយោគ ហើយក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិន ចង់មកធ្វើការវិនិយោគនៅខេត្ត​ព្រះសីហនុ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជាទីក្រុងអភិវឌ្ឍន៍ដ៏ទំនើបមួយ ។

ចំណែកឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសម្ដែងការស្វាគមន៍​ចំពោះក្រុមអ្នក​វិនិយោគចិន ដែលមានបំណងចង់មកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តព្រះ សីហនុ ហើយ​រដ្ឋបាលខេត្តស្វាគមន៍ និងជួយសម្រួលឱ្យដំណើរការវិនិយោគប្រព្រឹត្តទៅដោយរលូន និង​ធានា​ការពារដល់អ្នកវិនិយោគថែមទៀត ប៉ុន្តែត្រូវចូលរួមគោរពច្បាប់កម្ពុជាទាំងអស់គ្នា។

ឯកឧត្តមបានគូសបញ្ជក់ថា ខេត្តព្រះសីហនុ មានសក្កានុពលអំណោយផលពីធម្មជាតិ មាន​ឆ្នេរសមុទ្រស្អាត មានកោះចំនួន៣២ មានទឹកធ្លាក់ មានផ្លូវទឹក ផ្លូវដែក ផ្លូវគោក និងផ្លូ​វ​អាកាស។ ទន្ទឹមនេះ ព្រលានយន្តហោះអន្តរជាតិកំពុងតែពង្រីកឱ្យកាន់តែធំ និងមានផ្លូវសមុទ្រ​កំពង់ផែទឹកជ្រៅ ដែលអាចឱ្យនាវាធុនធំចូលចតឆ្លងកាត់ និងលើកដាក់ ផ្ទេរទំនិញចេញ ចូលយ៉ាងមមាញឹកទៅកាន់ប្រទេសក្នុងតំបន់ និងសកលលោក។

បន្ថែមពីលើនេះ សេដ្ឋកិច្ចខេត្តព្រះសីហនុ គឺពឹងផ្អែកលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម  កសិកម្ម និងទេសចរណ៍ ដែលរាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុ គឺជាខេត្តឧស្សាហកម្ម គំរូពហុបំណងធំជាងគេតែមួយគត់របស់កម្ពុជា បានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ កាត់​បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានអះអាងថា ចក្ខុវិស័យនេះបានជំរុញអ្នកវិនិ​យោគ​​មក​ពីតំបន់​នានា នៃប្រទេសចិន មកធ្វើការវិនិយោគបណ្ដាក់ទុនរកស៊ីនៅខេត្ត​ព្រះសីហនុ ផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here