ក្រោយឧប្បទ្ទវហេតុធ្លាក់ស្លាប់មនុស្ស១៥៧នាក់នៅ Ethiopia ចិនផ្អាកការហោះហើរយន្តហោះ Boeing 737

0
1473

កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅព្រឹតិ្តការណ៍ធ្លាក់យន្តហោះដ៏សោកសៅមួយ​ បានកើតឡើង​នៅប្រទេស Ethiopia ដោយបានឆក់យកជីវិត​មនុស្ស​អស់​១៥៧នាក់ ក្រោយយន្ត​ហោះ Boeing 737 ទើបនឹង​ហោះ​ចេញពីព្រលានបាន​តែ៦នាទី​ ហើយនេះជាការ​ធ្លាក់លើកទីពីរ​ហើយក្នុង​រយៈពេល​មិនដល់កន្លះឆ្នាំ​ផងសម្រាប់​យន្តហោះ​ប្រភេទនេះ ធ្វើឱ្យបណ្ដារ​ប្រទេសមួយចំនួន​នៅលើពិភ​ពលោកកំពុង​តែ​ពិចារណាផ្អាកជើង​ហោះហើរ។

សម្រាប់ចិនឯណោះវិញ ទើបនឹង​ប្រកាស​ផ្អាករាល់ជើង​ហោះហើរទាំង​អស់​ដែលប្រើប្រាស់យន្តហោះប្រភេទ Boeing 737 នេះក្រោមហេតុផលសុវត្ថិភាពអ្នកដំណើរ​ ខណៈដែលនៅចិន​​មាន​យន្តហោះប្រភេទនេះមិនតិច​ជា​ង​៩០គ្រឿង​ទេកំពុង​ប្រតិបត្តិការហោះហើរ។

មិនថាតែចិននោះទេ ខាង​រដ្ឋាភិបាលឥណ្ឌូរ​នេស៊ី និង​ប្រទេស​ឥណ្ឌារកំពុង​តែ​ពិចារណា ផ្អាកជើង​ហោះហើរ​របស់ យន្តហោះ Boeing 737 នេះដែរ ដោយ​ខាងក្រុមហ៊ុនអាកាសចរណ៍​ដែលប្រើប្រាស់​យន្តហោះ​ប្រភេទនេះកំពុង​តែ​ស្នើរ​សុំពត៌មាន​ជាក់លាក់ពី Boeing ទាក់ទងនឹង​ការ​ធ្លាក់នៅ Ethiopia នេះ។

ការផ្អាកហោះហើរ​ពីរដ្ឋាភិបាលចិននេះ​ មិនទាន់ច្បាស់ការថានឹង​ផ្អាកដល់ពេលណានោះទេ ដោយខាង​អាជ្ញាធរ​អាកាសចរណ៍ចិន ថានឹង​ផ្ដល់ដំណឹង​ឱ្យក្រុមហ៊ុន​អាកាសចរណ៍នៅពេលដែលប្រាកដ​ថា​យន្តហោះ​នេះអាច​ហោះហើរ​ដោយសុវត្ថិភាព និង​ស្វែង​យល់ពីកំហុស​បច្ចេកទេសដែលបណ្ដាលឱ្យ​ធ្លាក់​យន្តហោះនៅ Ethiopia  នេះ។

ការព្រួយបារម្ភពីសំណាក់​បណ្ដារ​ប្រទេស​ទាំង​នេះ កើត​ឡើង​ដោយសារតែ​ការ​ធ្លាក់​ញឹកញាប់ពេករបស់យន្តហោះមួយនេះ ដោយមិនដល់កន្លះឆ្នាំផងមានយន្តហោះពីរ​គ្រឿងប្រភេទដដែលធ្លាក់​សម្លាប់មនុស្ស​រហូត​ដល់​​៣៤៦នាក់ រួច​មកហើយនេះបើបូកបញ្ចូលតួរ​លេខអ្នកស្លាប់ដោយសារការធ្លាក់នាថ្ងៃ​ ២៩ ខែ​តុលានៅឥណ្ឌូនេស៊ី និង​ការធ្លាក់នៅ Ethiopia នាពេលថ្មីៗនេះ​។

សោដនាដកម្មធ្លាក់យន្តហោះទាំង​ពីរ​ករណីនេះ សុទ្ធតែ​កើតឡើង​ក្រោយការ​ហោះចេញបានបន្តិចតែប៉ុណ្ណោះ ដោយការធ្លាក់នៅឥណ្ឌូរនេស៊ីរបស់ក្រុមហ៊ុន Lion Air ធ្លាក់ក្រោយចេញពីព្រលាន​បាន​១៣នាទី ឯ​ការធ្លាក់នៅ Ethipia នេះយន្តហោះហោះចេញទើបតែបាន៦នាទីតែប៉ុណ្ណោះ។

គូសបញ្ជាក់ថា​យន្តហោះនេះ បានធ្វើឱ្យក្រុមហ៊ុន​ Boeing រកលុយមិនក្រោម៣០ពាន់លានដុល្លារ​ទេក្នុង​មួយឆ្នាំ ស្របពេលដែលក្នុង​ឆ្នាំនេះ Boeing គ្រោង​នឹងផលិត​លក់ឱ្យក្រុមហ៊ុនអាកាសចរណ៍ដែលបានធ្វើការ​កុម្ម៉ង់រួច​ស្រេច​រហូត​ដល់ទៅ ៥៧គ្រឿង។​

អត្ថបទដោយ៖ ខុន សក្ក័ដា

LEAVE A REPLY

Please enter your comment!
Please enter your name here