មូលហេតុធំមួយធ្វើឲ្យកំពូលហ្រ្វេនឆាយMcdonald’sដាំក្បាលចុះ ហើយរកផ្លូវចូលស្រុកខ្មែរមិនឃើញ

0
1984

កំពូលហ្រ្វេនឆាយបឺហ្គ័រ McDonald’s បានដាំក្បាលចុះសន្សឹមៗ និងលែងមានទឹកមាត់ប្រៃទៀតហើយ ក្នុងនាមជាយីហោនាំមុខលើពិភពលោក តែកំពុងតែជួបវិបត្តិដោយសារតែប្រភេទអាហារដែលយីហោនេះកំពុងលក់ចាប់ផ្តើមទទួលប្រតិកម្មប្រឆាំងជាច្រើន ឬការមិនអើពើនាំឲ្យការផ្សព្វផ្សាយលែងមានឥទ្ធិពល និងចាប់ផ្តើមបិទទ្វារនៅប្រទេសមួយចំនួនកៀកនឹងអាមេរិកទៀតផង។

ហាក់មិនសូវបង្ហាញទំនុកចិត្តខ្ពស់នៅវៀតណាម ព្រោះតែប្រជាជនប្រទេសនេះ មិនសូវនិយមអាហារបរទេស ធ្វើឲ្យយីហោមួយនេះគាំងស្តូក មិនទាន់ពង្រីកសាខាឲ្យបានច្រើនតាមគម្រោងនៅឡើយ ហើយរឿងកាន់តែឈឺក្បាលកាន់តែធ្ងន់ជាងនេះ ប្រទេសអាមេរិកឡាទីនមួយបានបិទផ្លូវរកស៊ីរបស់យីហោនេះចោលតែម្តង។

បូលីវីបានក្លាយជាប្រទេសអាមេរិកឡាទីនទីមួយ ក្រោយប្រជាជនលើសលប់បែរខ្នងដាក់​ McDonald’s បន្ទាប់ព្រងើយកន្តើយនឹងញាំអាហារនៅក្នុងហាងប៊ឺហ្គ័រមួយនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ហើយក្រៅពីនេះមានចុងភៅល្បីឈ្មោះម្នាក់បានប្រកាសថា អាហាររបស់យីហោមួយនេះមិនសមនឹងមនុស្សញាំនោះទេ ព្រោះដោយសារតែសាច់ និងរបៀបចម្អិនដែលមិនមានលក្ខណៈផាកសុខភាពឡើយ។

បកមកនិយាយពីវៀតណាមវិញ យីហោនេះគ្រោងបើក១០០សាខា ប៉ុន្តែមកទល់នឹងពេលនេះមានតែ១៦សាខា ហើយចំណេញបានតិចទៀត ដោយលក់បានត្រឹមតែ២.៨ភាគរយ នៃ១ភាគរយនៃប្រជាជនវៀតណាមប៉ុណ្ណោះ មានន័យថាប្រសិនមិនមានអ្នកទេសចរណ៍ពីក្រៅប្រទេសទៅគាំទ្រយីហោនេះ ប្រហែលជាថ្មើរនេះ McDonald បិទទ្វារពីប្រទេសវៀតណាមបាត់ទៅហើយ។

គួរបញ្ជាក់ផងដែរថា McDonald’s ចាប់ផ្ដើមលក់សិទ្ធិអាជីវកម្មរបស់ខ្លួន Franchise តាំងពីឆ្នាំ១៩៥៥មកម៉្លេះ រហូតមកដល់បច្ចុប្បន្នកំពុងបើកដំណើរចំនួនជាង១២០ប្រទេស និងមានសាខាប្រមាណជាង៣៣,០០០ហាងទូទាំងសកលលោក។ ដោយឡែកចំពោះ McDonald’s នៅក្នុងតំបន់អាស៊ានយើងមានបើកដំណើរចំនួន៧ប្រទេសដូចជា សឹង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ប្រុយណេនិងចុងក្រោយគឺប្រទេសវៀតណាម។ ដោយឡែក កម្ពុជា ឡាវ និងមីយ៉ានម៉ាមិនទាន់មានវត្តមានយីហោ McDonald’s នៅឡើយទេ៕

 

អត្ថបទដោយ៖ Noun Vannak , Franchise Editor

LEAVE A REPLY

Please enter your comment!
Please enter your name here