រឿងសំខាន់២នេះហើយ ធ្វើឱ្យយុវជនរកស៊ីវិស័យអចលនទ្រព្យជោគជ័យ

0
1301

ចេញរកស៊ីវិស័យអចលនទ្រព្យ ដើម្បីទទួលជោគជ័យទៅបាន វាអាស្រ័យលើកត្តាច្រើន ជាពិសេសចេញពីថ្នាក់ដឹកនាំតែម្តង មានគោលដៅ និងទស្សនៈវិស័យច្បាស់លាស់ប៉ុន្មាន មានយុទ្ធសាស្ត្រ និងក្រុមការងារខ្លាំងប៉ុន្មាន ដើម្បីអនុវត្តបេសកកម្មមួយនេះ។ តាមរយៈបទពិសោធន៍ធ្វើការ និងរកស៊ីវិស័យអលចនទ្រព្យលោកច្រឹម សុខនីម ធ្វើការចែករំលែកចំណុចសំខាន់២ ដែលធ្វើឱ្យយើងទទួលបានជោគជ័យលើវិស័យនេះ។

លោកច្រឹក សុខនីម ជាស្ថាបនិក និងជា CEO ក្រុមហ៊ុន Century 21 Mekong បានថ្លែងប្រាប់ Business Cambodia ថា ភាពជោគជ័យសម្រាប់ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យជាទូទៅផ្អែកលើចំណុច២សំខាន់ ទី១ការកសាងធនធានមនុស្សឱ្យបានល្អ និងភាពជឿជាក់ពីសំណាក់មហាជនទូទៅ។

លោកបញ្ជាក់ថា ដើម្បីកសាងក្រុមការងារមួយខ្លាំងបាន លុះត្រាតែយើងកំណត់តួនាទីបុគ្គលិកតាមផ្នែកនីមួយៗមានភាពច្បាស់លាស់ មានប្រព័ន្ធជ្រើសរើសត្រឹមត្រូវ បែកចែកបុគ្គលិកទៅតាមទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់គេ និងបង្កើតវប្បធម៌ការងារក្រុម មិនឱ្យមានបុគ្គលិកណាមួយមានបញ្ហាដាច់ដោយឡែកពីក្រុមនោះទេ ត្រូវតែចេះឱបក្រសោបគ្នា រួមសុខទុក្ខ ស្រឡាញ់គ្នា ដើរទៅជាមួយគ្នា។

ពេលមនុស្សចេះស្រឡាញ់គ្នា ច្បាស់ណាស់ថា ពួកគេនិងយកបេះដូង និងចំណេះដឹងទៅធ្វើការ ដោយមិនគិតពីពេលវេលា ផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ព្រោះក្រុមហ៊ុនសេវាកម្មទាមទារបុគ្គលិកយកបេះដូងទៅធ្វើការ ទើបទទួលបានជោគជ័យ។

បញ្ហាធនធានមនុស្សអាចកំណត់ជោគវាសនាក្រុមហ៊ុន ដូច្នេះសហគ្រិនគ្រប់រូបត្រូវតែយកចិត្តទុកដាក់ក្នុងការកសាងក្រុមការងារឱ្យបានខ្លាំង បើមិនដូច្នេះទេ អាចធ្វើឱ្យការចេញរកស៊ីរបស់យើងទទួលបរាជ័យមិនខានឡើយ។ ជាក់ស្តែងក្រុមហ៊ុនលោកផ្ទាល់បានវិនិយោគច្រើនលើធនធានមនុស្សជាអទិភាព ដោយផ្តល់ការបណ្តុះបណ្តាល ចំណេះដឹងបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អ។

បន្ថែមពីលើនេះ ភាពរីកចម្រើនក្រុមហ៊ុនលោកផ្អែកលើចំណុច ៣សំខាន់៖ ការធ្វើការងារចុះសម្រុងគ្នារវាងម្ចាស់ភាគហ៊ុន មានទស្សនវែងឆ្ងាយ, មានក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុនសុទ្ធតែមានបទពិសោធន៍ និងសមត្ថភាពខ្ពស់ និងចុងក្រោយការកសាងក្រុមការងារដ៏ល្អមួយ ដែលសំដៅលើបុគ្គលិកដែលមានសមត្ថភាព និងចំណេះដឹងពិតប្រាកដលើជំនាញ ចេះសហការគ្នា៕

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

 

LEAVE A REPLY

Please enter your comment!
Please enter your name here