តិចទៀតទៅកន្លែងណាក៏មានអ៊ីនធឺណេតល្បឿនលឿនប្រើដែរ ដោយសារតែគម្រោងមួយរបស់ Elon Musk

0
1587

Elon Musk ជាមហាសេដ្ឋីសល់លុយខ្ទង់ពាន់លានម្នាក់ មានមហិច្ឆតា​ខុសពីសេដ្ឋីដ៏ទៃ ដោយក្តីស្រម៉ៃគាត់ចង់​ឱ្យមនុស្សម្នា​ទៅនៅភពអង្គារលឿនបំផុត​ត្រឹមឆ្នាំ ២០២៤ តាមរយៈក្រុមហ៊ុន SpaceX ជាមួយនឹង​យានអវកាស​ប្រភេទថ្មីមិនធ្លាប់មានពីមុនមក ដោយ​ Elon បានធ្វើការ​ដាក់ឈ្មោះថា BFR។

ប៉ុន្តែមុននឹង​ឈាន​ជើង​ទៅជាន់ភពអង្គារ​បាន​ ត្រូវ​ចំណាយ​ដើមទុន​អស់ច្រើនសន្ធឹកសន្ធាប់ រាប់តាំង​ពីការអភិវឌ្ឍបច្ចេកវិទ្យារ៉ុកកែត​រហូតដល់បច្ចេកវិទ្យា​ក្នុងការតាំង​ទីលំនៅដំបូង​នៅទីនោះ តែ​សម្រាប់ Elon គាត់មិនដែលទាល់ច្រកស្រាយបញ្ហារមិនចេញនោះទេ ដោយបាននឹកឃើញ​ពីរបៀបបង្កើត​លំហូរ​ទុនសម្រាប់សម្រេច​ក្តី​សុបិន្ត​របស់​គាត់ តាមរយៈ​ការ​បាញ់បង្ហោះផ្កាយរណប​ចែកចាយអ៊ីនធឺណេត​ឱ្យភពផែនដីទាំង​មូល។

ផ្កាយរណប​ដែលគ្រោង​នឹង​បញ្ចូន​ឡើង​ទៅអវកាស​សរុបមានមិនតិចជាង ១២០០០គ្រឿង​នោះទេ​ ដែល SpaceX គ្រោងនឹង​ចំណាយរហូត​ដល់ទៅ១០ពាន់លានដុល្លារ​ ហើយផ្កាយរណបទាំង​អស់នោះនឹង​ធ្វើការ​វិលជុំវិញគន្លងភពផែនដី។

គម្រោង​មួយនេះមានឈ្មោះថា Starlink ដោយចាប់ផ្ដើមដំបូង​ឡើង​នៅឆ្នាំ២០១៥ ហើយបានបាញ់សាកល្បង​តាំង​តែពីដើមខែកុម្ភៈឆ្នាំ២០១៨មកម្លេះ ហើយ Elon Musk ជឿរជាក់យ៉ាង​មុតមាំថាគម្រោងមួយនេះក្រៅតែពីជួយរកលុយឱ្យ SpaceX សម្រាប់យកទៅធ្វើរ៉ុកកែតទៅភពអង្គារក៏ផ្ដល់នូវ​មនុស្សជាតិ ជាមួយនឹង​អ៊ីនធឺណេត​ល្បឿនលឿនដែលអាចប្រើប្រាស់ពីគ្រប់ទីកន្លែង​បានផងដែរ។

ខាងរដ្ឋាភិបាលអាមេរិក​បានសាទរ និង​គាំទ្រ​ដល់គម្រោង​ផ្កាយរណបផ្ដល់អ៊ីនធឺណេត​ពាសពេញពិភពលោករបស់ Elon នេះ ប៉ុន្តែ​ក៏មានដែរការប្រឆាំងពីសំណាក់ក្រុមហ៊ុនផ្ដល់អ៊ីនធឺណេតមួយចំនួន ដែលគេយល់ថាប៉ះពាល់ដល់អតិថិជនរបស់គេ។

ជាមួយគ្នានេះដែរក៏មានផងដែរនូវ​ក្ដីបារម្ភទាក់ទងនឹង​ការដែល Elon អាច​គ្រប់គ្រងការផ្គត់ផ្គង់​​អ៊ីនធឺណេត​របស់ពិភពលោកបាន តាមរយៈការផ្ដល់សេវាកម្ម​ផ្ដាច់មុខទៅលើសេវាកម្ម​អ៊ីនធឺណេតនេះ ហើយបើតាមមើលដំណើរ​សព្វថ្ងៃនេះ ប្រហែលជា២​ ទៅ៣ឆ្នាំទើប SpaceX អាច​នឹង​ចាប់ផ្ដើមបាញ់ជាផ្លូវការ សម្រាប់ទស្សវត្សន៍ឆ្នាំ២០២០វិញ ក្រុមហ៊ុនមួយនេះអាច​នឹង​បាញ់សម្រេច​គម្រោង​របស់ខ្លួន ១២ពាន់ផ្កាយរណបតែម្ដង។

គូសបញ្ជាក់ថាសព្វថ្ងៃនេះ បើតាមទីភ្នាក់ងារ​អវកាសរបស់សហរដ្ឋអាមេរិក NASA បានឱ្យដឹងថា​មានផ្កាយរណប​កំពុង​ហោះជុំវិញគន្លង​នៃភពផែនដីប្រមាណជា​២៦០០គ្រឿង ហើយ NASA ក៏មានការភ័យព្រួយទាក់ទងនឹង​ការបុកគ្នារវាងផ្កាយរណបផងដែរ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

LEAVE A REPLY

Please enter your comment!
Please enter your name here