ក្បួនរកស៊ីដែលធ្វើឲ្យចិនក្លាយទៅជាជនជាតិពូកែរកស៊ីរស្ទើរដាច់គេលើពិភពលោក

0
3046

ជនជាតចិន គឺត្រូវបានគេស្គាល់ថា ជាជនជាតិមួយដែលពូកែសន្សំសំចៃ ធ្វើជំនួញ និងប្រើប្រាស់ហុងស៊ុយ សម្រាប់ការធ្វើអាជីវកម្មបានយ៉ាងជោគជ័យ។ ថ្វីបើជនជាតិចិនមិនមែនជាជនជាតិដែលពូកែរកស៊ីជាងគេលើពិភពលោកក៏ដោយ តែគំនិត និងក្បូនក្នុងការរកស៊ីរបស់ពួកគេមិនចាញ់ជាតិសាសន៍ដទៃនោះទេ ហើយក្បូនទំាងនេះបានផ្តល់នូវអត្ថប្រយោជន៍ច្រើនសម្រាប់អ្នករកស៊ី ដែលចង់ដឹងអំពីរបៀបនៃការរកស៊ីរបស់ជាតិសាសន៍ចិន។ ថ្ងៃនេះពាណិជ្ជកម្ម កម្ពុជា ធ្វើការដកស្រង់អំពីក្បូនរកស៊ីចំនួន ៤ចំណុចចេញពីសៀវភៅ«គតិបណ្ឌិតចិន បង្រៀនធ្វើជំនួញ» ដើម្បីយកមកបង្ហាញ៖

ចេះដួល ចេះក្រោក

ទោះបីជនជាតិចិនមានការតំាងចិត្តយ៉ាងមុតមំា និងមានភាពលោភលន់ចង់ខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ តែមើលទៅហាក់ដូចជាមានរឿងតែមួយគត់ ដែលពួកគេប្រកានខ្ជាប់នោះ គឺការចេះទទួលស្គាល់ភាពជោគជ័យ និងបរាជ័យ ពោលគឺមិនភ្លេចខ្លួន នៅពេលបានជោគជ័យ ហើយក៏មិនរាថយនៅពេលបរាជ័យដែរ។ ជនជាតិចិនតែងនិយាយ ថា «ស្រេចតែលើព្រហ្ម​លិខិត»។ ទំាងនេះដោយសារតែនៅពេលគេជួបរឿងបរាជ័យ គេក៏មិនព្រមដាក់ដៃចុះដោយអស់សង្ឃឹមដែរ ប៉ុន្តែគេនឹងខំប្រមូលកម្លាំងក្រោកឈរឡើងបន្តិចម្តងៗ ចាប់ផ្តើមសាជាថ្មីម្តងទៀត។ បើអ្នកចេះដួល ហើយចេះក្រោក គឺគ្មានអ្វីដែលធ្វើឲ្យអ្នកបរាជ័យរហូតនោះទេ។

រៀនសូត្រឲ្យបានច្រើន

ជាតិសាសន៍ចិនភាគច្រើនតែងតែឲ្យកូនចៅរបស់ខ្លួនចូលរៀនភាសាចិនក្នុងសាលាចិនតំាងពីថ្នាក់បឋមសិក្សា ក្រោយមកទើបប្តូរឲ្យទៅរៀនក្នុងសាលារៀនធម្មតាវិញ ក្នុងកម្រិតមធ្យមសិក្សា និងកម្រិតឧត្តមសិក្សា ព្រមទំាងសាលារៀនបរទេសផងដែរ។ ការផ្លាស់ប្តូរសាលារៀន ពួកគេចាត់ទុកថា ជាការបង្វឹកកូនចៅរបស់ខ្លួនឲ្យស្គាល់សង្គមបានច្រើន មានឱកាសសេពគប់មិត្តថ្មីៗជាច្រើនក្រុម។ រាល់បទពិសោធន៍ទំាងអស់នេះ នឹងធ្វើឲ្យពួគេស្គាល់នូវគោលការណ៍ទំនាក់ទំនងធ្វើជំនួញជាមួយមនុស្សម្នាទូទៅយ៉ាងមានប្រសិទ្ធភាព ព្រមទំាងមានវិជ្ជាចំណេះដឹងច្រើនបែបច្រើនយ៉ាងថែមទៀតផង។

ប្រកាន់យកភាពកតញ្ញូបំផុត

យើងប្រហែលជាធ្លាប់ជួប បានឃើញកូនចៅជនបរទេសមួយចំនួនបោះបង់ឪពុកម្តាយ ជីដូជីតាចាស់ជរាចោលឲ្យនៅឯកោ នៅពេលខ្លួនមានគ្រួសារ កសាងឋានៈ កសាងសុភមង្គលដោយរស់នៅកន្លែងផ្សេង ប៉ុន្តែសម្រាប់ជនជាតិចិនវិញមិនងាយធ្វើបែបនេះទេ។ ភាពកតញ្ញូជាគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុត។ មនុស្សកតញ្ញូត្រូវបានគេលើកតម្កើងយ៉ាងស្មោះត្រង់ រីឯមនុស្សអកតញ្ញូមិនដឹងគុណវិញ ត្រូវបានគេស្អប់ខ្ពើម និងថោលទោសយ៉ាងខ្លាំង។ គុណធម៌ដ៏ល្អនេះ រមែងផ្តល់នូវផលបន្តទៅដល់បុគ្គលអ្នកសាងនោះ ក្នុងការធ្វើជំនួញទៀតផង។

សន្សំលុយបន្តិចម្តងៗ បានច្រើនសឹមបណ្តាក់ទុន

ជនជាតិចិនភាគច្រើនព្យាយាមហាមចិត្តខ្លួនឯង ខំសន្សំលុយឲ្យបានច្រើនហើយ ទើបគិតចង់បណ្តាក់ទុនធ្វើអ្វីមួយ។ នៅពេលចង់រកស៊ីដើមទុនក៏មាននៅក្នុងដៃគ្រប់គ្រាន់ល្មម។ បើគេចំណាយលុយ ២ម៉ឺនធ្វើដើមទុនរកស៊ី គេប្រាកដជាបានលុយមកវិញតែបន្តិចបន្តួច ដូច្នេះគេស៊ូទ្រាំសន្សំលុយទាល់តែបាន ៥ម៉ឺន ទើបធ្វើជំនួញពេញទំហឹងតែម្តង នឹងមានឱកាសជ្រើសរើសមធ្យោបាយបានច្រើនដែរ។

ក្លាហានហ៊ានចាប់ផ្តើមធ្វើតាមកម្លាំងដែលមាន

ជនជាតិចិនតែងតែមិនគិត អំពីភាពខ្មាសអៀនជាមួយរឿតូចតាចល្អិតល្អោច ដែលគេកំពុងធ្វើនោះឡើយ។ ឧទាហរណ៍ គេមានសមត្ថភាពក្នុងការធ្វើនំឆាខ្វៃ ហើយនៅពេលគេមានលុយដើមទុនបន្តិចបន្តួច គេក៏បង្កើតកន្លែងតូចៗនៅតាមចិញ្ចើមផ្លូវ  ដើម្បីធ្វើនំខ្វៃលក់ នេះហើយជាភាពក្លាហានយ៉ាងពិសេស។ គេតំាងចិត្តប្រកបរបរនេះ ដោយបញ្ចេញថ្វីដៃទាល់តែអតិថិជនជាប់ជំពាក់ចិត្តលើនំឆាខ្វៃរបស់ពួកគេ។ ក្រោយពីការតំាងចិត្តយ៉ាងមុតមាំ ធ្វើឲ្យគេទទួលបានភាពជោគជ័យដោយមិនពិបាកឡើយ មិនបាច់រង់ចាំមានបានជាមុនសិន ទើបហ៊ានរកស៊ីនោះទេ។ អ្នកដែលធ្លាប់ជួបការលំបាកកន្លងមក រមែងមានបទពិសោធន៍ជាគ្រឹះដ៏រឹងមាំក្នុងពេលមានបានធូរធារ ប្រសើរជាងអ្នកដែលមិនធ្លាប់ជួបការលំបាក។

អត្ថបទដោយ៖ ម៉ន វុទ្ធា

LEAVE A REPLY

Please enter your comment!
Please enter your name here