សោម សម្បត្តិ៖ ធាតុខ្លាំងទាំង ៦ ដែលធ្វើអោយយុវជនខ្មែរ ក្លាយខ្លួនជាសហគ្រិនឆ្នើមនាពេលអនាគត​

0
1700

ចង់ធ្វើជាអ្នកចម្រៀងងាយស្រួលទេ តែធ្វើជាតារាល្បីទើបជារឿងលំបាក…ក្លាយជាសហគ្រិនមួយរូបជារឿងងាយនោះទេ តែបើធ្វើខ្លួនអោយក្លាយជាសហគ្រិនល្អ សហគ្រិនឆ្នើម ទើបវាជារឿងលំបាកបំផុត ដែលតម្រូវអោយសហគ្រិនគ្រប់រូបត្រូវកសាងសម្ថតភាព និងចំណេះដឹងរបស់ខ្លួនអោយបានមុតស្រួច ដើម្បីក្លាយខ្លួនជាសហគ្រិនម្នាក់ដែលលេចធ្លោនៅក្នុងការរកស៊ី ។

មានយុវជនកម្ពុជាជាច្រើនកំពុងតែសម្លឹងមើលឃើញឱកាសនៅក្នុងវិថីសហគ្រិនកម្ពុជា តែពួកគេនៅមានចំណុចកង្វល់មួយចំនួនត្រង់ថា មិនដឹងគួរត្រៀមខ្លួនយ៉ាងដូចម្តេចដើម្បីក្លាយជាសហគ្រិនឆ្នើមសម្រាប់កម្ពុជា។

នៅក្នុងបទសម្ភាសន៍មួយជាមួយនឹង Business Cambodia សហគ្រិនកម្ពុជាចាស់វស្សាវោហាមិនចេះរីងស្ងួត លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន ខេមផេន ថ្នាំពណ៌ជាតិ និងជាសហគ្រិនខ្មែរមួយរូប ដែលមានបទពិសោធន៍ក្រាស់ក្រែលជាមួយនឹងវិស័យជំនួញ បានបង្ហើបនៅធាតុខ្លាំងទាំង ៦ ដែលធ្វើអោយយុវជនខ្មែរកសាងខ្លួនក្លាយជាសហគ្រិនឆ្នើមនាពេលអនាគត។

១.មហិច្ចតា

លោក សោម សម្បត្តិ បានមានប្រសាសន៍ប្រាប់ Business Cambodia ថា ដើម្បីអោយយុវជនម្នាក់ក្លាយជាសហគ្រិនឆ្នើមបាន យុវជនត្រូវមានមហិច្ចិតាចិញ្ចឹមចិត្តចង់ក្លាយជាសហគ្រិន ចង់ក្លាយជាអ្នកមានបាន ហើយត្រូវតែដុតកំដៅចិត្តចង់មួយនេះជាប្រចាំ កុំអោយរលត់ឬចេះតែមួយឆាវៗ។ លោកបានអោយយោបល់ថា យុវជនគួរតែធ្វើការងារណា ដែលខ្លួនចង់ក្លាយជាថៅកែលើការងារនោះ ហើយត្រូវធ្វើការជាមួយគោលដៅ និងធ្វើការអោយដូចជាធ្វើការអោយខ្លួនឯង ទើបមានឈាមជាសហគ្រិនឆ្នើមបាន។

២.គំនិតច្នៃប្រឌិត

នាយកប្រតិបត្តិក្រុមហ៊ុន ខេម ផេន បានថ្លែងថាចង់ក្លាយជាសហគ្រិនឆ្នើម យុវជនត្រូវតែមានគំនិតច្នៃប្រឌិត ព្រោះវាជាធាតុខ្លាំងមួយ ដែលធ្វើអោយមនុស្សម្នាក់មានឱកាសក្លាយជាសហគ្រិនឆ្នើមបាន។ លោកបានអោយជាយោបល់ថា មេរៀននៃគំនិតច្នៃប្រឌិត យុវជនអាចរកបានតាមរយៈការអានប្រវត្តិសហគ្រិនល្បីៗជោគជ័យ ទាំងបរទេស ទាំងក្នងស្រុក ដែលសាច់រឿងទាំងនេះវាជាបំនិនជីវិតមួយ ដែលអាចធ្វើអោយយើងមានគំនិតច្នៃប្រឌិតកាន់តែខ្ពស់ផងដែរ។

៣.ប្រឈមហានិភ័យ

“សហគ្រិនឆ្នើមជាមនុស្ស ដែលចេះប្រឈមជាមួយហានិភ័យ” នេះជាការលើកឡើងរបស់លោក សោម សម្បត្តិ។ លោកថា មនុស្សម្នាក់ដែលចាកចេញពីតំណែងការងារមួយ ហើយចេញទៅរកស៊ីដោយខ្លួនឯង ដាច់ខាតត្រូវតែមានហានិភ័យមិនខានឡើយ ទាំងខ្លួនឯងជាសហគ្រិនផ្ទាល់ និងអ្នកដែលមកធ្វើការជាមួយយើង។ ដូចនេះសហគ្រិនទាំងឡាយគួរតែត្រៀបចិត្តប្រឈមជាមួយហានិភ័យខ្លះ កុំទម្លាក់ចោលគោលដៅអោយសោះត្រូវតែមានចិត្តអំណត់ ដើម្ពិសម្រេចគោលដៅអនាគត ។

៤.គំនិតបង្កើតថ្មី

ដើម្បីក្លាយជាសហគ្រិនម្នាក់ជោគជ័យ ត្រូវតែផលិតអ្វីដែលថ្មីសម្រាប់ទីផ្សារ​ ព្រោះបើគ្មានអ្វីដែលថ្មីយកមករកស៊ីទេ ពិបាកក្នុងការធ្វើជំនួញអោយក្លាយជាសហគ្រិនឆ្នើមណាស់។ លោកបន្តថាគំនិតដែលថ្មីវាមានឥទ្ធិពលនៅក្នងការកស៊ី តែត្រូវត្រៀមចិត្តថារបស់ដែលថ្មីគឺវាលំបាកខ្លាំងណាស់នៅក្នុងការបង្កើត ដែលតាមទារអោយសហគ្រិនត្រូវតែមានជំនាញខ្លះដើម្បីឆ្នៃបង្កើត និងមានចិត្តអំណត់អត់ធន់ តួរយ៉ាងដូចជាថ្នាំលាប ខេមផេន ជាដើម ទំរាំបានដល់សព្វថ្ងៃនេះយើងលំបាកខ្លាំងណាស់នៅក្នុងការបង្កើតវាឡើង។

៥.ផែនការយុទ្ធសាស្រ្ត

សហគ្រិនវ័យកណ្តាលរូបនេះបានសង្កត់ធ្ងនើលើចំណុនេះថា បរាជ័យធំបំផុតរបស់យុវជនខ្មែរគឺ ពូកែនិយាយ តែមិនពូកែធ្វើទេ ពោលគឺទ្រឹស្តីហៀរកែង អនុវត្តន៍ជាក់ស្តែកសូន្យ ដែលនេះជាដើមចមនៃការដួលរលំអាជីវកម្មរបស់សហគ្រិនថ្មីមួយចំនួនធំនៅកម្ពុជា។ សហគ្រិនឆ្នើមត្រូវមានផែនការយុទ្ធសាស្រ្ត ដែលមានភាពប្រាកដនិយម គឺអាចអនុវត្តន៍ជោគជ័យពិតប្រាកដ មិនមែនបានតែគិតអោយល្អមើល តែធាតុពិតអនុវត្តន៍មិនចេញនោះទេ។

៦.ភាពជាបុគ្គល

ភាពជាបុគ្គល ជាតម្លៃមួយដែលសហគ្រិនគួមានតាំងពីនៅជាបុគ្គលិកធ្វើការអោយគេមកម្លេះ គួរតែហាត់ពត់លត់ដំខ្លួន អោយមានសក្ខណៈសម្បត្តិល្អសាកសមជាសហគ្រិនម្នាក់។ លោកថាយុវជនសព្វថ្ងៃចូលចិត្តកសាងទម្លាប់អាម្រក់ណាស់ ខូលចិត្តនិយាយកុហក, មិនគោរពពេលវេលា, រើសអើងច្រើន ដែលហេតុផលទាំងនេះវាធ្វើអោយសហគ្រិនភាគច្រើនបរាជ័យក្នុងអាជីពជាអ្នករកស៊ីបានផងដែរ៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)