ឆ្នាំ ២០១៩ នេះ មុខរបរជួលកង់អនឡាញធំៗរបស់ចិនពីរដឹកដៃគ្នារត់ទៅស្រុកវិញ ក្រោយកើបលុយបានមួយឆាវ

0
1142

កាលពីដើមឆ្នាំ ២០១៩ ថ្មីៗនេះ អាជីវកម្មជួលកង់ធំរបស់ចិន Ofo ដែលត្រូវបានគេស្គាល់់ថាពង្រីកខ្លួនលឿនដល់ប្រទេសអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ស្រាប់តែប្រកាសថាត្រៀមខ្លួនក្ស័យធុន បន្ទាប់មកក្រុមហ៊ុនមួយទៀតដែលរកស៊ីមុខរបរដូចគ្នាគឺ Mobike ក៏បានប្រកាសថាប្រមូលកង់ទៅស្រុកចិនវិញដូចគ្នា ។

ប្រភពពី Tech In Asia ចុះផ្សាយថា Mobike ដែលជាក្រុមហ៊ុនជួលកង់អនឡាញលំដាប់ពិភពលោកបានបិទប្រតិបត្តិការទីផ្សារក្រៅប្រទេស ជាពិសេសចាកចេញពីទីផ្សារអាស៊ីប៉ាស៊ីហ្វិក ដែលរួមមានអូស្រ្តាលី ឥណ្ឌា ម៉ាឡេស៊ី សិង្ហបុរី និងថៃ បង្វែរទៅផ្តោតទីផ្សារក្នុងស្រុកចិនវិញ ។

បុគ្គលិករបស់ Mobike បង្ហាញចំណាប់អារម្មណ៍ថា ពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែនចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ ខណៈដែលពួកគេចាប់អារម្មណ៍ថា Mobike បានលក់ទៅឲ្យក្រុមហ៊ុន Meituan-Dianping កាលពីខែមេសាឆ្នាំមុន ។

ស្របពេលគ្នានេះ ក្រុមការងារស្នូលរបស់ Mobike នឹងប្តូរគោលដៅពីជួលកង់អនឡាញទៅជាសេវាកម្មជួលឡានបើកដោយស្វ័យប្រវត្តិវិញ ដោយប្រើយីហោចាស់ដដែល ។

សេវាកម្មជួយកង់មួយនេះត្រូវបានគេដូរឈ្មោះទៅជា Meituanbike នៅតំបន់មួយចំនួន ក្នុងនោះសហស្ថាបនិកនិងនាយកប្រតិបត្តិរបស់ Mobike ស្រាប់តែសម្រេចចិត្តចេញពីក្រុមហ៊ុនក្រោមហេតុផលផ្ទាល់ខ្លួន ។

ប៉ុន្តែទោះជាយ៉ាងក៏ដោយ ការចាកចេញរបស់សេវាកម្មជួយកង់លំដាប់យក្សរបស់ចិនដល់ទៅពីរបន្តបន្ទាប់គ្នានេះ បញ្ជាក់ថា មុខរបរជួយកង់ដោយស្កេន QR Code ដើម្បីដោះសោនិងបង់លុយនេះ ផ្ទុះបានតែមួយឆាវ ប៉ុន្តែត្រូវអស់ការចាប់អារម្មណ៍នៅឆ្នាំ ២០១៩ នេះ ។

ជាក់ស្តែង Ofo សម្រេចចិត្តថាចេញពីអាស៊ីអាគ្នេយ៍ដោយសារការប្រកួតប្រជែងខ្លាំងពេក ក្នុងនោះក្រុមហ៊ុនមួយនេះពង្រីកខ្លួនលឿនដល់ថ្នាក់រកលុយបង្វិលលែងទាន់ ស្របពេលអជ្ញាធរផ្នែកដឹកជញ្ជូនសិង្ហបុរីចាប់ផ្តើមរឹតបណ្តឹងច្បាប់លែងឲ្យមានការចត់កង់តាមទីសាធារណៈសេរ៊ី ចំណែក Mobike សម្រេចថាប្តូរទៅនិន្នាការទីផ្សារថ្មី ក្នុងនោះក្រុមហ៊ុនជួលកង់សិង្ហបុរី Obike កំពុងមានបញ្ហាជាមួយអជ្ញាធររឿងលុយកក់របស់អ្នកប្រើប្រាស់ ដូចច្នោះទីផ្សារជួលកង់អនឡាញនៅអាស៊ីនអាគ្នេយ៍ចាប់ផ្តើមធ្លាក់ចុះកាន់តែខ្លាំង ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា