ព្រោះតែទម្លាប់ចូលចិត្តអានសៀវភៅ ធ្វើឲ្យJ.K Rowling ក្លាយជាសេដ្ឋីអ្នកនិពន្ធស្ត្រីល្បីបំផុតក្នុងលោក

0
9410

លោកស្រី J.K Rowling អ្នកនិពន្ធសៀវភៅ Harry Potter ដែលជាសៀវភៅលក់ដាច់បំផុត និងត្រូវបានគេយកទៅបកប្រែប្រមាណជាង ៧០ភាសា ព្រមទាំងបានបោះពុម្ពលក់ដាច់អស់ប្រមាណ ២ពាន់លានក្បាល ធ្លាប់ត្រូវបានរោងពុម្ពបដិសេធបោះពុម្ពជាសាធារណៈចំនួន ១២លើក មុននឹងទទួលបានជោគជ័យ។​

ផ្តើមចេញពីក្មេងស្រីរស់នៅក្នុងគ្រួសារដែលមានឱពុកម្តាយជាអ្នកចូលចិត្តអានសៀវភៅ ធ្វើឲ្យក្មេងស្រី J.K Rowling ក៏ក្លាយជាអ្នកចូលចិត្តអានសៀវភៅដូចគ្នាដែរ។ លោកស្រីបាននិយាយថា “លោកស្រីរស់ដោយសារតែសៀវភៅ។”

លោកស្រី J.K Rowling បានចាប់ផ្តើមនិពន្ធរឿង Harry Potter ខណៈពេលដែលលោកស្រីធ្វើដំណើរនៅលើរថភ្លើងពីរដ្ឋ Manchester ទៅកាន់ទីក្រុង London នៅក្នុងឆ្នាំ ១៩៩០។ លោកស្រីបានចំណាយពេលនិពន្ធរឿង Harry Potter នេះដល់ទៅជាង ៥ឆ្នាំ ដែលមាន៧ក្បាលផ្សេងគ្នា។

ក្រោយពីបញ្ចប់ការនិពន្ធនៅរវាងឆ្នាំ ១៩៩៦ លោកស្រី J.K Rowling គ្រោងនឹងធ្វើការបោះពុម្ពសៀវភៅនេះជាសាធារណៈ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺរោងពុម្ពជាច្រើនបានបដិសេធក្នុងការបោះពុម្ពសៀវភៅទាំងនោះ ដោយសារតែពួកគេមិនចាប់អារម្មណ៍ជាមួយនឹងការស្រមើលស្រមៃនៃសៀវភៅនោះ ព្រមទាំងបានត្អូញត្អែលើការនិពន្ធសៀវភៅនេះថែមទៀតផង។

ដោយមិនអស់ចិត្ត និងដោយសារតែមានអ្នកគាំទ្រពី Twitter របស់នាង J.K Rowling បានបន្តស្វែងរករោងពុម្ពដែលព្រមបោះពុម្ពសៀវភៅរបស់នាង។ បន្ទាប់ពីទទួលបានការបដិសេធចំនួន ១២លើក ក៏មានរោងពុម្ពមួយដែលមានឈ្មោះថា Bloomsbury ព្រមទទួលយកទៅបោះពុម្ព ហើយសៀវភៅក៏ចាប់ផ្តើមល្បីល្បាញជាបន្តបន្ទាប់។

ពិសេសនៅក្នុងឆ្នាំ ២០០៧ សៀវភៅ Harry Potter បានក្លាយជាសៀវភៅដែលលក់ដាច់លឿនជាងគេបំផុតប្រចាំឆ្នាំ ដោយគិតត្រឹមរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ សៀវភៅនេះត្រូវបានលក់អស់ ២.៦៥លានក្បាលឯណោះ។​ ជាងនេះទៅទៀត រឿងនេះត្រូវបានគេយកមកផលិតជាខ្សែភាពយន្ត និងល្បីល្បាញទូទាំងពិភពលោកផងដែរ។

J.K Rowling បានមានប្រសាសន៍លើកទឹកចិត្តថា “អ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបាន ប្រសិនបើយើងឈប់ភ័យខ្លាច”៕

 

អត្ថបទដោយ៖ MENG SONGHUA

[email protected]