មកស្គាល់ម្ចាស់ហាងអេឡិចត្រូនិចល្បីៗ២រូបចេញរកស៊ីជាមួយគូដណ្តឹងដូចគ្នា ហើយជោគជ័យដូចគ្នា

0
1962

និយាយពីដៃគូរកស៊ីភាគច្រើនគេតែងសង្កេតឃើញ និងជ្រើសរើសដៃគូដោយមើលលើជំនាញ ហិរញ្ញវត្ថុ ភាពស្មោះត្រង់ និងចំណុចធំៗជាច្រើនទៀត។ ប្រែក្លាយខ្លួនពីបុគ្គលិកធ្វើការឲ្យគេ និងរកស៊ីក្នុងវិស័យអេឡិចត្រូនិកដូចគ្នា សហគ្រិន២រូបនេះ ថែមទាំងចេញរកស៊ីដោយចាប់ដៃគូ ជាគូដណ្តឹងដូចគ្នាដែលសាច់រឿងអាជីវកម្មរបស់សហគ្រិន២រូបដដែលនេះ Business Cambodia នឹងបង្ហាញលោកអ្នកនៅខាងក្រោមនេះ។

សហគ្រិនទីមួយគឺលោក គីមហុក ដែលជាអតីតអ្នកធ្វើការក្នុងវិស័យលក់ជិត១០ឆ្នាំ ម្ចាស់ហាងVIDVIEរូបនេះបានផ្តល់បទសម្ភាសន៍ជាមួយខ្ញុំថា ក្រោយប្រលងជាប់បាក់ឌុបនៅខេត្តគាត់បន្តមករៀនផ្នែក អាយធី នៅភ្នំពេញ ដោយសុំរស់នៅជាមួយម្ចាស់អាជីវកម្មនាំចូលផ្តាច់មុខគ្រឿងបរិក្ខាទូរស័ព្ទមួយកន្លែង និងធ្វើការដោយមិនយកប្រាក់ខែឡើយ ពោលគឺសុំតែកន្លែងគេង បាយហូបប៉ុណ្ណោះ ប៉ុន្តែការងារនេះបានធ្វើឲ្យគាត់ជាប់ចិត្តយ៉ាងខ្លាំង ដោយធ្វើការលើសពីអ្នកមានប្រាក់ខែទៅទៀត។

ប៉ុន្មានខែក្រោយមកគាត់ចាប់ផ្តើមទទួលបានប្រាក់ខែ៧០ដុល្លារក្នុងមួយខែ ដោយធ្វើការច្រើនផ្នែក ដូចជាកាន់ស្តុក ដឹកជញ្ជូន ផ្នែកលក់ និងផ្គត់ផ្គង់ឲ្យអ្នកលក់រាយនៅតាមខេត្ត តែការងារដែលធ្វើឲ្យលោកផ្លាស់ប្តូរ និងមានចិត្តចង់រកស៊ីខ្លាំង គឺការងារក្នុងផ្នែកលក់។ ក្រោយធ្វើការជាង៨ឆ្នាំដោយភាពស្មោះត្រង់ និងចង់បានគ្រួសារផងនោះគាត់បានសម្រេចចិត្តសុំឈប់ពីការងារលើកទីមួយ តែមិនបានសម្រេច ព្រោះត្រូវមេរបស់គាត់បដិសេធ។

មួយឆ្នាំបន្ទាប់គាត់ក៏សុំឈប់ជាលើកទីពីរ ដោយគ្មានសល់លុយច្រើនឡើយ ទើបសុំលុយពីគ្រួសារពីគ្រួសារមកទិញតូបមួយនៅផ្សារឃ្លាំងរំសេវជាមួយគូដណ្តឹង។ ពេលនោះគាត់លក់ដាច់ច្រើនខុសពីអ្នកដទៃ ដោយសារតែគាត់ប្រើប្រាស់របៀបលក់ថ្មីៗ និងខុសពីគេ គាត់រៀបរាប់បញ្ជាក់ថា”កាលណោះគ្មានគេលក់អីវ៉ាន់ដោយតាំងបង្ហាញឲ្យភ្ញៀវឃើញនោះទេ ទាល់តែភ្ញៀវសួរទើបអ្នកលក់យកមកបង្ហាញឲ្យមើល តែខ្ញុំតាំងបង្ហាញទាំងអស់ ហើយរៀបចំតុបតែងហាងស្អាតបាតជាងគេទៀតផង អញ្ចឹងហើយទើបខ្ញុំលក់ដាច់ជាងគេ”។

តស៊ូរហូតសល់លុយខ្លះ និងរៀបការរួចផងនោះគាត់បានចាប់ផ្តើម ងាកមកទ្រនំចាស់នៅផ្សារឃ្លាំងរំសេវម្តងទៀត ដោយលើកនេះផ្តោតទៅលើការចែកចាយទៅភ្ញៀវនៅតាមខេត្តផង និងលក់ផ្ទាល់ផង ហើយក្នុងពេលនោះដែរ គាត់ក៏សម្លឹងមើលការបង្កើតយីហោដោយខ្លួនឯងផង ដោយរកដៃគូសហការនៅក្រៅប្រទេស ទើបទទួលជួបក្រុមហ៊ុន VIDVIE ហើយសុំធ្វើការនាំចូល ហើយក្លាយជាតំណាងចែកចាយដែលលក់យីហោនេះដាច់ខ្លាំងជាងគេនៅលើពិភពលោកនៅឆ្នាំ២០១៦ទៀតផង។

ងាកមកនិយាយពីសហគ្រិនមួយរូបទៀត គឺលោកឡាវ សុភ័ក្ត្រ ដើមឡើយម្ចាស់ហាង សំបុកអាយធីរូបនេះរៀនបរិញ្ញាប័ត្រផ្នែកព័ត៌មានវិទ្យា(អាយធី) ហើយបានបោះជំហានចូលវិស័យការងារក្នុងឆ្នាំទីពីរ ខាងផ្នែកសរសេរប្លុក។ ដោយការងារនេះលោកសុភ័ក្រ្តបន្តរហូតដល់រៀនចប់ និងបោះបង់ការងារ ក្រោយចាប់ដៃគ្នាជាមួយគូដណ្តឹងក្រោយភ្ជាប់សាច់ឈាមនឹងគ្នារួចតែម្តង។

ក្រោយឈប់ពីការងារសហគ្រិនវ័យ៣១ឆ្នាំរូបនេះ បន្ថែមថា លោកបានងាកមកធ្វើការបង្ហាញផលិតផលថ្មីៗនៅលើវេបសាយ យូធូប និងផេកដើម្បីលក់ផលិតផលទាំងនេះវិញម្តងជាមួយទុនសន្សំជាង៥ពាន់ដុល្លារ ដែលខំធ្វើការជាង៣ឆ្នាំនិងជាមួយលុយសន្សំរបស់គូដណ្តឹង។

ម្ចាស់ហាងសំបុកអាយធីបន្តថា គាត់បានរើទីតាំងមកសំណង់១២ ពីទីតាំងចាស់ដែលពិបាករក ទៅបើកនៅទីតាំងថ្មី​ ដែលអាចជួយឲ្យហាងនេះអាចរកចំណូលបានលើសពី២ពាន់ដុល្លារឯណោះក្នុងមួយខែ ដែលធ្វើឲ្យគាត់មើលឃើញពីភាពសំខាន់នៃការរើសទីតាំង ហើយបានបោះទីតាំងនៅលើផ្លូវ៣៦០ នៅក្បែរសាលារៀនបឹងកេងកងជាទីតាំងឈរជើងមកដល់សព្វថ្ងៃ។

បច្ចុប្បន្នសហគ្រិនលក់ផលិតផលអេឡិចត្រូនិចប្រណិតរូបនេះ អាចចំណេញបានពី១ម៉ឺន ទៅ២ម៉ឺនពាន់ដុល្លារក្នុងមួយខែ ដោយសារតែហាងលក់ផលិតផលភាគច្រើនជាប្រ៊េនរបស់អាមេរិកនេះតែងតែផ្តល់ទំនុកចិត្ត ហើយលក់ផលិតផលដែលមានការចែកចាយពីក្រុមហ៊ុនផលិតដោយផ្ទាល់ និងមានការធានាច្បាស់លាស់ទៀតផង។ ក្រៅពីអាជីវកម្មមួយនេះ លោក សុភ័ក្រ្ត ក៏ជាស្ថាបនិកហាងលក់ទូរស័ព្ទដៃមួយទៀតឈ្មោះថា “ធានា”ដែលមានទីតាំងនៅលើផ្លូវមុនីវង្សជិតស្តុបពេទ្យចិនផងដែរ៕

 

អត្ថបទដោយ៖ Noun Vannak , Franchise Editor

Facebook: NOUN VANNAK

LEAVE A REPLY

Please enter your comment!
Please enter your name here