អ្នកឧកញ៉ាពុងឃាវសែ សន្យាថាសង់ព្រលានយន្តហោះនៅស្អាងឲ្យហើយមុនពេលចូលនិវត្ត

0
4106

គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ដែលនឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ ២ ៦០០ហិកតា​ ស្ថិត​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល​ គឺជាការសាងសង់ ក្រោម​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ OCIC របស់​លោក​ឧកញ៉ា​ ពុង ឃាវសែ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ពី​ប្រទេស​ចិន។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ត្រូវបានស្ថិតក្រោមការវិនិយោគរបស់ ក្រុមហ៊ុន Cambodia Airport Investment ដែលត្រូវបាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល និង​ក្រុមហ៊ុន OCIC របស់លោក ពង់ ឃាវ​សែ ​។ហើយគម្រោនេះនឹងមិន​ត្រូវ​រង់ចាំ​អនុវត្ត​រហូតដល់​ឆ្នាំ​២០២៥ តាម​ការគ្រោងទុក​នោះទេ ពោលគឺ​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ពី​ឆ្នាំ​២០១៩ ខាងមុខ​នេះហើយ បើ​គ្មាន​ឧបសគ្គ​អ្វី​នោះទេ។

វិនិយោគិនដ៏ល្បីល្បាញនៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានប្រកាសប្តេជ្ញាថានៅក្នុងអង្គប្រជុំនៃ​គណៈ​កម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីថា លោកនឹង​ខំព្យា​យាម សាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីឲ្យរួចរាល់ មុនពេល​ដែលលោក​ចូលនិវត្ត៍ ពោល​មុនលោកវ័យ ៨៧ឆ្នាំ។

ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC រូបនេះ បានឲ្យដឹងទៀតថា នៅពេលលោកទទួលគម្រោងនេះ ពីសម្តេច ហ៊ុនសែន លោកបាន អាយុ ៧០ ទៅ៧១ឆ្នាំទៅហើយ ដូននេះលោកមានពេលត្រឹមតែ១២ឆ្នាំប៉ុណ្ណោះ ក្នុងការសម្រេច​គម្រោង​ដ៏ធំ​មួយនេះ។

យ៉ាងណាក៏ដោយ លោកប្តេជ្ញា ចង់កសាងសមិទ្ធផលដ៏មហិមា និងអស្ចារ្យមួយនេះ ខ្លាំងណាស់​សម្រាប់​ប្រទេសកម្ពុជា ហើយទាំងអស់នេះនឹងអាច បង្កើតការងារជូនប្រជាជនកម្ពុជាផងដែរ។

គួរឲ្យដឹងថា កន្លងមក អ្នកឧកញ៉ា បាន​បោះទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ទៅលើវិស័យ​អចលន​ទ្រព្យ ទៅ​លើ​គម្រោង​បុរី​លំនៅ​ឋាន និង​អគារ​ពាណិជ្ជកម្ម​ធំៗ ជា​ច្រើន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដូចជា

  • ទីក្រុង​រណប​កោះពេជ្រ
  • អូឡាំព្យាស៊ីធី ដែលស្ថិតនៅ នៅ​ជុំវិញ​ស្តាតអូឡាំពិក
  • ក្រុង​រណប​ជ្រោយ​ចង្វារ
  • ​ផ្សារ​ទំនើប អគារ​ខុនដូ
  • បុរី ទន្លេបាសាក់
  • បុរី​ចម្ការ​មន
  • លំនៅឋាន​ជា​ច្រើន​នៅ​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លាហ្សា និង​ទល់​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ
  • និង​បុរី​លំនៅឋាន នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា សៀមរាប បាត់ដំបង និង​ខេត្ត​ព្រះសីហនុ ជាដើម។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ