ធ្វើApp ពិគ្រោះយោបល់ជាមួយវេជ្ជៈបណ្ឌិតលើអនឡាញ អាជីវកម្មបង្កើតថ្មីនេះកើបលុយជិត៨០លានដុល្លារ

0
438

ឥណ្ឌូនេស៊ីជាប្រទេស​ដីកោះ និង​មានប្រជាជនច្រើនជាងគេបង្អស់​ក្នុង​ចំណោម​បណ្ដារ​ប្រទេស​អាស៊ានទាំង​១០ ដោយមានប្រជាជនប្រមាណជា ២៦៤លាននាក់ ប៉ុន្តែសម្រាប់ប្រជាជន​ដ៏ច្រើនសន្ធឹកសន្ធាប់ដល់ថ្នាក់នេះ តម្រូវ​ការ​គ្រូពេទ្យ​ក៏មានច្រើនផងដែរ ប៉ុន្តែ​បើ​តា​មទិន្នន័យ​របស់​អង្គការ​សុខភាពពិភពលោក WHO បានឱ្យដឹង​ថានៅប្រទេស​នេះ ក្នុងចំណោម​មនុស្ស​៥ពាន់នាក់មានគ្រូពេទ្យតែម្នាក់ប៉ុណ្ណោះ។

ដោយមើលឃើញពីបញ្ហារនេះហើយ មានអាជីវកម្មមួយឈ្មោះថា Halodoc បានកកើតឡើង ក្នុងគោលបំណង​សម្រួលដល់សេវាសុខាភិបាល​ប្រទេសឥណ្ឌូនេស៊ី ហើយថ្មីនេះទើបនឹង​ទទួល​លុយ​វិនិយោគប្រមាណជា ៦៤លានដុល្លារ​ពីក្រុមហ៊ុនសិង្ហបុរី កូរ៉េខាង​ត្បូង និង​ប្រទេសចិន បន្ថែមពីនេះក្រុមហ៊ុនមួយនេះក៏មាន​ក្រុមហ៊ុនរកស៊ីខាង​ហៅម៉ូតូឌុបតម្លៃ​ពាន់លានដុល្លារ Go-Jek នៅចាំជួយ​ពីក្រោយខ្នង​ផងដែរ ទាំង​លុយវិនិយោគ ទាំង​ជំនួយខាង​បច្ចេកទេស។

បង្កើត​ឡើង​នៅឆ្នាំ ២០១៦ ដោយលោក Jonathan Subharta មកទល់សព្វថ្ងៃផ្លេតហ្វមនេះមាន​វេជ្ជបណ្ឌិត​ជំនាញរហូតដល់ទៅ២ម៉ឺននាក់ចូលរួមជាមួយ ដោយអតិថិជន អាច​ធ្វើការ​កុម្មង់ឱ្យធ្វើតេស្ដឈាម ឬ​វិនិច្ឆ័យរករោគបាន ដែលនឹងមានអ្នកចុះទៅយកឈាម ឬសំណាកចាំបាច់​ក្នុងការ​វិភាគរោគ យកទៅឱ្យវេជ្ជបណ្ឌិតក្នុងរយៈពេលតែប៉ុន្មានម៉ោង​ប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ មាន​មន្ទីរ​ពេទ្យមិនតិចជាង​១៤០០ សហការក្នុង​គោលបំណង​ជម្រុញអ្នកជម្ងឺឱ្យមកពេទ្យកាន់តែច្រើន តាមរយៈការ​កាត់បន្ថយពេលរង់ចាំរបស់គាត់ ព្រោះ​ Haladoc បានធ្វើការ​ប្រមូលទិន្នន័យនិង​វិភាគរករោគសញ្ញា​រួច​មកហើយនោះ។ ជាងនេះទៅទៀត​ ក៏មានដែរសេវាបង់ប្រាក់សម្រាប់មន្ទីរ​ពេទ្យ មិនចាំបាច់​កាន់សាច់ប្រាក់ទាំង​បាច់ទៅ។

បង្កើតទើបតែ​បាន​៣ឆ្នាំមិនទាន់ស្រួលបួលផង មានអតិថិជន២លាននាក់រួចមកហើយ ជាមួយនឹង​សេវាសុខភាព​ប្រចាំខែគួរឱ្យជឿរទុក។ ទុនដែលប្រមូលបានប៉ុន្មា​នក្រុមហ៊ុននឹង​ធ្វើការ​ពង្រីក​វិសាល​ភាពនៃ​ការផ្ដល់សេវាកម្មរបស់ខ្លួនទៅកាន់ផ្នែកផ្សេងទៀតនៃប្រទេសឥណ្ឌូនេស៊ី។

មានការ​ជួយពីក្រោយដោយក្រុមហ៊ុន Go-Jek នោះកាលពី​ពីរឆ្នាំមុន Go-Jek បានធ្វើការ​បញ្ចូលសេវាកម្មដឹកជញ្ចូន​ថ្នាំពេទ្យរបស់ខ្លួនហៅថា Go-Med ចូលទៅក្នុង​ App របស់ Haladoc។ គម្រោង​នៅថ្ងៃអនាគត​ក្រុមហ៊ុននេះនឹង​ធ្វើការ​ពង្រីកឱ្យបានគ្រប់ប្រទេសនៅអាស៊ីអាគ្នេយ៍។ មកទល់នឹង​ពេលនេះ Haladoc ទទួលបានទុនវិនិយោគសរុប​រហូតដល់​ ៧៨លានដុល្លារ​៕

អត្ថបទដោយ៖ ខុន សក្ក័ដា