សហគ្រិន៣រូបចេញរកស៊ីព្រោះចង់ផ្គាប់ចិត្តប្រពន្ធ ក្លាយជាជំនួញឈរជើងរឹងមាំ

0
1560

“គេថានៅពីក្រោយបុរសជោគជ័យ តែងមាននារីម្នាក់ចាំជួយជានិច្ច”ពាក្យនេះគេច្រើននិយាយលើកទឹកចិត្តស្រី្ត ពាក្យនេះមិនខុសទេពីព្រោះមានស្រ្តីច្រើននាក់ណាស់ក្នុងពេលបច្ចុប្បន្នមិនត្រឹមតែជួយបុរសម្នាក់ប៉ុណ្ណោះទេពួកគាត់ក៏អាចជួយគ្រួសារ និងសង្គមបានទៀតផង។ អាចនិយាយបានថា ជាអាជីវកម្មដែលកើតចេញពីក្តីស្រឡាញ់សហគ្រិនដែលរកស៊ីជោគជ័យដោយសារតែចង់ផ្គាប់ចិត្តប្រពន្ធ ដែលBusiness Cambodia សូមលើកឡើងដូចខាងក្រោម៖

១.ស្ថាបនិកយក្សាបោកអ៊ុត

មិនត្រឹមតែផ្គាប់ចិត្តប្រពន្ធទេ ផ្គាប់ចិត្តស្ត្រីទូទាំងប្រទេសតែម្តងលោក ហែម ហេម៉ាបានបង្កើតអាជីវកម្មបោកអ៊ុតដែលជួយឲ្យស្រ្តីមេផ្ទះមានចំណូល និងក្លាយជាថៅកែបានដោយមិនបាច់ចេញក្រៅផ្ទះ។ បច្ចុប្បន្នហ្រ្វេនឆាយអាជីវកម្មមួយនេះ បានកែប្រែជីវិតស្រ្តីជាច្រើននាក់មិនមែនត្រឹមតែភរិយារបស់គាត់ប៉ុណ្ណោះទេ ដោយគាត់បានបង្ហើបសារយ៉ាងខ្លីថា “សំរាប់យក្សាបង្កើតមក ក្នុងគោលបំណង សងត្រលប់ទៅកាន់ប្រជាជនកម្ពុជាដែលគាត់ជាស្ត្រីមេម៉ាយ ឬ ក្មេងៗដែលចង់ប្រឡូកក្នុងវិស័យជំនួញដែលមិនទាន់មានគូស្រករ  និងអ្នកមានគ្រួសារ ដោយមិនគិតប្រាក់អ្វីទាំងអស់។”

២.ស្ថាបនិក eBay

លោក Pierre Omidyar ស្ថាបនិក eBay Inc ក្លាយជាសេដ្ធីពាន់លានតាំងពីអាយុ៣១ឆ្នាំមកម្លេះ ហេតុផលបង្កើតក្រុមហ៊ុនយក្សលំដាប់ពិភពលោកមួយនេះ ព្រោះលោកចង់ផ្គាប់ចិត្តប្រពន្ធជាទីស្រលាញ់តែប៉ុណ្ណោះ។eBay ជាវេបសាយទិញលក់ទំនិញដ៏ធំមួយលំដាប់ពិភពលោក កើតចេញពីការផ្គាប់ចិត្តអ្នកស្រី Pamela Wesley ដែលចេះតែត្អូញត្អែរប្រាប់ប្តីថា ពីមួយថ្ងៃទៅមួយថ្ងៃគាត់ពិបាកនឹងរកទិញទំនិញ យកមកលក់បន្តណាស់ ហើយម្យ៉ាងទៀតគាត់ត្រូវការបង្កើនអតិថិជនទិញផលិតផលអោយបានច្រើនជាងនេះផង។

យ៉ាងណាមិញក្រោយឃើញសន្ទុះនៃការទិញដូរតាមអនឡាញនេះ រីកចម្រើនសឹងមិនគួរអោយជឿ លោក Pierre រួមនឹងជំនួយពីមិត្តភក្តិគាត់បានបង្កើត និងធ្វើអោយeBay ក្លាយជាវេបសាយពេញនិយមបំផុតមួយ និងមានចំនួនអ្នកបើកមើលច្រើនជាងគេក្នុងឆ្នាំ១៩៩៥ ហើយវាជាកាដូរដ៏ធំមួយសម្រាប់ភរិយា ជាទីស្រលាញ់របស់លោក និងជាឱកាសនាំភាពមានបានរហូតក្លាយជាសេដ្ឋីពាន់លានតាំងពីលោកមានអាយុ៣១ឆ្នាំផងដែរ។

៣.ស្ថាបនិក Mike Burger

ម្ចាស់ហាងប៊ឺហ្គ័រខ្មែររូបនេះ បានបង្ហើបប្រាប់ទូរទស្សន៍អន្តរជាតិដ៏ល្បីមួយថា គាត់ចាប់ផ្តើមបើកហាងប៊ឺហ្គ័រនៅខ្មែរ គឺដើម្បីផ្គាប់ចិត្តភរិយារបស់ខ្លួន ដែលចូលចិត្តអាហារមួយនេះខ្លាំងបំផុត។  ហើយគាត់ក៏យល់ឃើញថា នៅកម្ពុជាក៏គួរមានហាងអាហារបែបនេះច្រើន សម្រាប់ទទួលភ្ញៀវបរទេស និងបំពេញតម្រូវការផ្នែកអាហារក្នុងស្រុកផងដែរ។

លោក អ៊ីម ចិន្តា ស្ថាបនិកហាងប៊ឺហ្គ័រ រសជាតិបែបខ្មែរមួយមានយីហោឈ្មោះ Mike Burger បានចាប់ផ្តើមដំបូងនៅឆ្នាំ២០០៩ ក្រោយលោកវិលត្រលប់ពីសហរដ្ឋអាមេរិកវិញ ដោយនាំមកនូវអាហារFast Food ជាច្រើនប្រភេទសម្រាប់ប្រជាជនកម្ពុជា។ បច្ចុប្បន្ន Mike’s Burger House ពង្រីកខ្លួនបាន៧សាខា​ហើយនៅរាជធានីភ្នំពេញ ដែលកំពុង​ទទួល​ការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អតិថិជននិយមអាហារ Fast food យ៉ាងច្រើនផងដែរ៕

 

អត្ថបទដោយ៖ Noun Vannak