យុទ្ធសាស្ត្រល្អបំផុតមួយ ដើម្បីប្រើប្រាស់ពេលវេលាប្រចាំថ្ងៃយ៉ាងមានប្រសិទ្ធភាពបំផុត

0
1422

ពេលវេលាគឺជាជីវិត។ អ្នកខ្លះនិយាយថា ‟ពេលវេលាគឺជាមាសប្រាក់ˮ តែតាមពិតពេលវេលា គឺមានតម្លៃថ្លៃជាងមាសប្រាក់ទៅទៀត ពីព្រោះការបាត់បង់មាសប្រាក់អាចប្រឹងប្រែងរកបាន តែពេលវេលា បើបានជាបាត់រសាត់កន្លងទៅហើយ គឺពុំអាចត្រឡប់ក្រោយវិញបានឡើយ ។ ពីមួយខណះទៅមួយខណះ ពេលវេលាតែងដើរទៅមុខជានិច្ច មិនចេះឈប់មិនចេះឈរហើយក៏ពុំចេះដើថយក្រោយវិញដែរ ។ មនុស្សគ្រប់គ្នាតែងមានពេលវេលា២៤ម៉ោងដូចគ្នា តែអ្នកខ្លះក៏ប្រើពេលវេលាដោយត្រឹមត្រូវ ហើយអ្នកខ្លះទៀតក៏បានប្រើប្រាស់ពេលវេលាខុសផ្លូវនិងគ្មានប្រយោជន៍ផងដេរ។ តើហេតុអ្វីបានជាការចេះប្រើប្រាស់ពេលវេលាជាកិច្ចការសំខាន់បំផុត?

ការប្រើប្រាស់ពេលវេលាមានតម្លៃ ទៅធ្វើកិច្ចការមានតម្លៃ នឹងធ្វើអោយលទ្ធផលការងារមានតម្លៃប្រកបដោយប្រសិទ្ធភាពខ្ពស់។ លទ្ធផលការងារមានតម្លៃ កើតចេញពីតម្លៃនៃការប្រើប្រាស់ពេលវេលាដ៏ត្រឹមត្រូវបំផុត។ ដើម្បីប្រើប្រាស់ពេលវេលាអោយបានត្រឹមត្រូវ គឺអ្នកត្រូវយល់ដឹងពីរបៀបចាត់ចែងពេលវេលាអោយបានល្អ។ ប្រសិទ្ធភាពការងារល្អ តែងត្រូវការពេលវេលាច្រើនហើយការងារជាច្រើនតែងមានតម្លៃរបស់វា។ ក្នុងន័យនេះ គឺសំដៅទៅលើការងារខ្លះសំខាន់ និងការងារខ្លះទៀតមិនសូវជាសំខាន់។

លទ្ធផលនៃការងារល្អឬមិនល្អ គឺអាស្រ័យលើការយល់ពីតម្លៃនៃការងារច្បាស់លាស់ ហើយចេះចាត់ចែងពេលវេលាអោយបានត្រឹមត្រូវ ។ ផ្ទុយទៅវិញការពុំចេះចាត់ចែងលើការងារអោយបានល្អ នឹងធ្វើអោយការប្រើប្រាស់ពេលវេលាគ្មានបានប្រយោជន៍ គ្មានបានលទ្ធផលល្អ និងគ្មានបានប្រសិទ្ធភាពខ្ពស់។ នៅពេលដែលអ្នកបានកំណត់អាទិភាពការងារណាមួយសំខាន់ ការងារណាមួយមានតម្លៃ ការងារណាមួយាមានប្រយោជន៍ពិតប្រាកដ ការងារណាមួយបន្ទាន់ ឬការងារណាមួយមិនបន្ទាន់ គឺប្រៀបបាននឹងអ្នកបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើកិច្ចការងារទាំងនោះប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយក៏ធ្វើអោយអ្នកមានពេលវាលាគ្រប់គ្រាន់រៀបចំកិច្ចការផ្សេងៗតាមសម្រួលផងដែរ។

ការងារខ្លះសំខាន់ មានតម្លៃ មានប្រយោជន៍ និងជាការងារបន្ទាន់ថែមទៀត។ បើបន្ទាន់ គឺមានន័យថាអ្នកត្រូវចាប់ផ្ដើមធ្វើការងារបន្ទាន់ពីពេលនេះ ឬធ្វើថ្ងៃនេះអោយហើយដោយពុំអាចពន្យាពេល ឬបង្អង់ពេលយូរបានឡើយ ពីព្រោះថាបើបង្អង់ពេល វានឹងអាចយឺតពេល។ កាលបើយឺតពេល អ្នកក៏ពុំសូវធ្វើបានល្អ ហើយធ្វើពុំបានល្អ ដោយសារតែពុំមានពេលត្រៀមលក្ខណះទុកជាមុន។ គុណភាពការងារមិនសូវល្អ គឺនឹងធ្វើអោយអ្នកមានអារម្មណ៍តានតឹងក្នុងចិត្ត។ ការមានទម្លាប់ធ្វើការងារនៅនាទីចុងក្រោយ តែងនាំអោយលទ្ធផលចុងក្រោយទទួលបានការងារគ្មានគុណភាព។ បុរាណខ្មែរពោលថា  ក្របីបាត់ទើបធ្វើរបង ពេលប្រលងទើបស្វាធ្យាយ។ តើអាកប្បកិរិយាបែបនេះ នឹងបង្កបញ្ហាអ្វីខ្លះដល់របៀបធ្វើការរបស់អ្នក?

ដើម្បីឆ្លើយតបទៅនឹងក្ដីស្រមៃ ឆ្លើយតបនឹងគោលដៅ និងបេសកកម្មរបស់អ្នក អ្នកត្រូវចេះកំណត់អាទិភាពការងាររបស់ខ្លួន។ ការណ៍នេះនឹងធ្វើអោយអ្នកក្លាយទៅជាអ្នកបំពេញការងារប្រកបដោយប្រសិទ្ធភាពការងារចខ្ពស់បំផុត។ បុគ្គលដែលអាចបំពេញការងារបានល្អដោយមានប្រសិទ្ធភាពខ្ពស់ លុះត្រាតែចេះចំណាត់ការងារណាដែលត្រូវធ្វើមុន ការងារណាដែលត្រូវធ្វើក្រោយ ការងារណាដែលសំខាន់ និងការងារណាដែលមិនសំខាន់។ មនុស្សដែលបានចំណាយពេលវេលាដ៏មានតម្លៃទៅធ្វើរឿងគ្មានប្រយោជន៍ គឺជាមនុស្សដែលមិនអោយតម្លៃខ្លួនឯង។

ដកស្រង់ពីសៀវភៅ៖ ៦៩ សារអំពីភាពជាអ្នកដឹកនាំ ៩$ ( ដឹកជញ្ជូនឥតគិតថ្លៃនៅភ្នំពេញ )

ទំនាក់ទំនងទិញ៖ 016 300 843 / 017 300 844